ជាតិ
អ្នកកាសែត​ជា​ស្ត្រី​ច្រើន​លើសលប់ ចូលរួម​សិក្សា​ពី​របៀប​សរសេរ​ព័ត៌មាន​នៅ​ថ្ងៃស្អែក​
13, Aug 2019 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកសារព័ត៌មាន​ជា​ស្ត្រី​ចំនួន ១១​នាក់ លើ​១៧​នាក់ មកពី​១៣​ស្ថាប័ន នឹងចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​របៀប​សរសេរ​ព័ត៌មាន​សម្រាប់​សារព័ត៌មាន​អេឡិចត្រូនិក នៅ​ថ្ងៃទី​១៤-១៦ ខែសីហា​នេះ​។ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អ្ន​ក​សារព័ត៌មាន​វ័យក្មេង​ទាំង​១៧​រូប នឹង​ទទួលបាន​ចំណេះដឹង​ពី​របៀប​សរសេរ​, របៀប​ចាប់​មុំ​, គំនិត​ប្រធានបទ  រួមទាំង​ក្រមសីលធម៌​។​

 
​ក្នុងន័យ​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI (Canal France International), ក្រោម​គម្រោង​«​ព័ត៌មាន​ទន្លេមេគង្គ​» (Mekong News), ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​របៀប​សរសេរ​ព័ត៌មាន​សម្រាប់​សារព័ត៌មាន​អេឡិចត្រូនិក (​អន​ឡាញ​) នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​។​
 
​អ្នកសារព័ត៌មាន​វ័យក្មេង​ទាំង​១៧​រូប មកពី​ស្ថាប័ន​ចំនួន ១៣​រួមមាន វិទ្យុ​FM102, វិទ្យុ​បាយ័ន​, វិទ្យុ​អាស៊ីអាគ្នេយ៍​, សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​, សារព័ត៌មាន​Camboglobe, VEHA Media, Proraman, ស្ថានីយទូរទស្សន៍​PNN, ទូរទស្សន៍ Town, Rohas Media, Mekong News, Khmer Note Media និង​គេហទំព័រ The Intercon Rooster​។ 
 
​វគ្គ​ពិសេស​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤, ១៥ និង​១៦​ខែសីហា​នេះ ដោយ​ផ្តោតលើ​របៀប​សរសេរ​, របៀប​ចាប់​មុំ​, គំនិត​ប្រធានបទ​, របៀប​ធ្វើ​សេចក្តីរាយការណ៍​សម្រាប់​សារព័ត៌មាន​អេឡិចត្រូនិក (​អន​ឡាញ​), ការប្រើប្រាស់​រូបភាព និង​ក្រមសីលធម៌​។​
 
​ក្រោយ​ការសិក្សា សិក្ខាកាម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​ស្ថាប័ន CFI និង thmeythmey.com​។ សាស្ត្រាចារ្យ​ក្នុង​វគ្គ​សិក្សា​នេះ គឺ​ជនជាតិ​បារាំង និង​ខ្មែរ​។ គម្រោង​បណ្តុះបណ្តាល​នេះ ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រសួង​អឺរ៉ុប និង​កិច្ចការបរទេស​នៃ​សាធារណៈរដ្ឋ​បារាំង​។ សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​មា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​៕

Tag:
 CFI
  ThmeyThmey
  អ្នកកាសែត​វ័យក្មេង​
© រក្សាសិទ្ធិដោយ thmeythmey.com