អន្តរជាតិ
រដ្ឋបាល​លោក ត្រាំ នឹងដាក់​ពិន័យ​លើ​អ្នកស្វែងរក​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ដែល​ពឹង​ផ្អែកលើ​អត្ថប្រយោជន៍​សាធារណៈ​
13, Aug 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​រដ្ឋបាល​លោក ត្រាំ បានប្រកាស​គោលនយោបាយ​ថ្មី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​រារាំង​ដល់​ជនអន្តោប្រវេសន៍​ដែល​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក មិន​ឲ្យ​ទទួលបាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ឬ​សញ្ជាតិ​អាមេរិក​បានឡើយ ប្រសិនបើ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​សាធារណៈ ដូចជា សេវា​ថែទាំ​សុខភាព Medicaid ប័ណ្ណ​ទិញ​ម្ហូបអាហារ ឬ​កន្លែង​ស្នាក់នៅ​។

 
​លោក Ken Cuccineli នាយក​ស្ដីទី​នៃ​ទីភ្នាក់ងារ​ផ្ដល់​សញ្ជាតិ​និង​អន្តោប្រវេសន៍​អាមេរិក​បានប្រកាស​អំពី​បទបញ្ញត្តិ​ថ្មី​នេះ នៅក្នុង​អំឡុងពេល​នៃ​សន្និសីទកាសែត​មួយ​នៅឯ​សេត​វិមាន ដោយ​លោក​បាន​គូសបញ្ជាក់ថា គោលនយោបាយ​ថ្មី​នេះ​នឹង​លើកទឹកចិត្ត​ឲ្យ​មាន​ការពឹង​ផ្អែកលើ​ខ្លួនឯង សម្រាប់​អ្នក​ដែល​ព្យាយាម​មក ឬ​ចង់​ស្នាក់​នៅក្នុង​សហរដ្ឋអាមេរិក​។ 
 
​បទបញ្ញត្តិ​ថ្មី​នេះ​នឹងមាន​សុពលភាព​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។ យោងតាម​បទបញ្ញត្តិ​នេះ ការទទួលបាន​អត្ថប្រយោជន៍​សាធារណៈ​គឺ​សំដៅ​ទៅលើ​បុគ្គល​ណា​ម្នាក់​ដែល​ទទួលបាន​អត្ថប្រយោជន៍​សាធារណៈ​មួយ​ឬ​ច្រើនជាង​នេះ​អស់​រយៈពេល​លើក​ពី​១២​ខែ ក្នុង​រយៈពេល​៣៦​ខែ​។ អ្នក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពីរ​ក្នុង​រយៈពេល​មួយខែ ត្រូវបាន​ចាត់ទុកថា​ពីរ​ខែ​។​
 
​លោក Cuccinelli បាន​ថ្លែងថា រដ្ឋបាល​លោក ត្រាំ ចង់​ចៀសវាង​មិន​ឲ្យ​អ្នក​ដែល​ទទួលបាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ឬ​សញ្ជាតិ​ក្លាយជា​អ្នក​ដែល​ពឹង​ផ្អែកលើ​សេវា​អត្ថប្រយោជន៍​សាធារណៈ​នៅពេល​អនាគត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com