ជាតិ
សង្គមជាតិ
អគារ៩ជាន់របស់ចិន ដែលស្រុតនិងប្រេះ នឹងត្រូវកម្ទេចចោល
13, Aug 2019 , 1:39 pm        
រូបភាព
ជនជាតិចិន ដែលជាម្ចាស់អគារកម្ពស់៩ជាន់ ក្នុងក្រុងព្រះសីហនុ ស្ម័គ្រចិត្តវាយកម្ទេចអគាររបស់ខ្លួន ក្រោយអាជ្ញាធររកឃើញថា បានស្រុតនិងមានស្នាមប្រេះ។ នេះជាការអះអាងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។



លោក ឃាង ភារម្យ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានហៅជនជាតិចិនជាម្ចាស់អគារនោះ ទៅជួប ហើយបានបង្គាប់ឲ្យកម្ទេចចោលជាបន្ទាន់ ដើម្បីចៀសវាងការកើតឧបទ្ទវហេតុ ដូចធ្លាប់ជួបកន្លងមក។ លោក បញ្ជាក់ដូច្នេះថា៖«គាត់យល់ព្រមហើយ ថានឹងរុះរើអគាររបស់គាត់ដោយខ្លួនឯង ក្នុងពេលឆាប់ៗនេះ»។

អ្នកនាំពាក្យ ពុំទាន់បានទទួលព័ត៌មានលម្អិតឡើយថា អគារនោះ មានកម្ពស់ប៉ុន្មានម៉ែត្រ និងចំណាយថវិកាអស់ប៉ុន្មាន។ ប៉ុន្តែ លោក បញ្ជាក់ថា អគារនោះ ត្រូវបានសាងសង់រួចរាល់ហើយ នឹងបានជួលឲ្យគេបណ្តើរៗ ក្នុងការបើកអាជីវកម្ម និង ហាងលក់ដូរផ្សេងៗ រួមទាំងមានបន្ទប់ស្នាក់នៅផងដែរ។

ចំពោះចំណាត់ការផ្លូវច្បាប់លើម្ចាស់អគារ លោក ឃាង ភារុំ មិនអត្ថាធិប្បាយ។ លោក បកស្រាយថា៖«យើងគ្រាន់តែណែនាំគាត់ឲ្យរុះរើអគារ ចំណែកនីតិវិធីបន្ត គឺអាស្រ័យលើស្ថាប័នមានសមត្ថកិច្ច»។

លោក គួច ចំរើន ហៅម្ចាស់អគារទៅជួប និង ទាមទារឲ្យវាយកម្ទេចចោល បន្ទាប់ពីមានការស្នើសុំពីមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ។ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញថា អគារ៩ជាន់នោះ ត្រូវបានក្រុមហ៊ុនឈ្មោះ ឈួនរិន ខនស្រ្តាក់សិន អេនជីនារីង (ខេមបូឌា) សាងសង់ឡើង ដោយគ្មានលិខិតអនុញ្ញាត និង ខុសបច្ចេកទេស។

មន្ទីររៀបចំដែនដី អះអាងថា អគារនោះ បានស្រុតពី ៤០មីលីម៉ែត្រ ទៅ ៨០មីលីម៉ែត្រ ដោយក្នុងនោះ នៅផ្នែកខាងកើតនៃអគារ ស្រុត៩មីលីម៉ែត្រ នៅផ្នែកខាងលិចនៃអគារ ស្រុត២៨មីលីម៉ែត្រ និង បន្តស្រុតទៀត។ ចំណែក ជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ បានប្រេះជាច្រើនកន្លែង និងបន្តប្រេះកន្លែងផ្សេងទៀត។

ក្រោយរកឃើញដូច្នេះ មន្ទីររៀបចំដែនដី ក៏ស្នើឲ្យអាជ្ញាធរចាត់វិធានការរុះរើសំណង់នោះ និងស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើអាជីវកម្មក្នុងអគារ ឆាប់ចាកចេញជាបន្ទាន់ ហើយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញអគារ ក៏ត្រូវប្រុងប្រយ័ត្នឬត្រូវចាកចេញផងដែរ។

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេលប្រមាណមួយខែមកនេះ ក្រុមការងារជំនាញ បានរកឃើញសំណង់និងអគារខុសប្រក្រតីប្រហែលជា១០០ឯណោះ ហើយសំណង់និងអគារទាំងនោះ គឺចាប់ពី៥ជាន់ឡើងទៅ។ លោក បន្តថា ម្ចាស់សំណង់និងអគារទាំងនោះ ភាគច្រើនជាជនជាតិចិន។

យ៉ាងណា ប្រធានមន្ទីរព័ត៌មានរូបនេះ លើកឡើងថា របាយការណ៍ស្តីពីសំណង់ដែលមានបញ្ហាទាំងនោះ មិនទាន់អាចចាត់ទុកជាផ្លូវការឡើយ។ លោក បញ្ជាក់ថា៖«ខាងជំនាញកំពុងសិក្សាស្រាវជ្រាវ មិនទាន់កំណត់ជាក់លាក់ទេ»។

ជុំវិញរបាយការណ៍នេះ លោក ឃាង ភារម្យ មិនទាន់អាចផ្តល់ព័ត៌មាននោះទេ។ លោក លើកហេតុផលថា៖«ចាំសិក្សាចប់សិន យើងនឹងបញ្ចេញតែម្តង»។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារ៧ជាន់មួយរបស់ជនជាតិ នៅខេត្តព្រះសីហនុ បានបាក់រលំ ខណៈកំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយបានសម្លាប់ពលរដ្ឋខ្មែរ២៨នាក់ និង របួស២៦នាក់។

ក្រោយឧបទ្ទវហេតុដ៏អាក្រក់នេះកើតឡើង រដ្ឋាភិបាល ក៏បង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ រួមទាំងចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា៕

Tag:
 សំណង់ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com