អន្តរជាតិ
ភេរវកម្ម ឬបាតុកម្មហិង្សា? ក្រុងប៉េកាំង និងប៉ូលិសហុងកុងយល់ឃើញផ្ទុយគ្នា បាតុករហុងកុង។ រូបភាព AFP
× ទីក្រុងប៉េកាំង បានបង្កើនការវាយប្រហារដោយវោហាសាស្ត្រលើបាតុករហុងកុង ដែលមានចរិតហិង្សាកាន់តែខ្លាំងឡើងៗក្នុងពេលតវ៉ារបស់ពួកគេ។ ប៉េកាំង និយាយថា បាតុកម្មនៅហុងកុង មានសញ្ញានៃអំពើភេរវកម្មហើយ ក្រោយការគប់គ្រាប់បែកសាំងលើស្ថានីយ៍ប៉ូលិស។ យ៉ាងណាមិញ មន្ត្រីប៉ូលិសហុងកុង មិនយល់ឃើញដូចប៉េកាំងឡើយ ហើយបន្តដោះស្រាយស្ថានការណ៍ក្រោមលក្ខខណ្ឌបាតុកម្មហិង្សាប៉ុណ្ណោះ។
បាតុកម្មហិង្សាជាបន្តបន្ទាប់នៅឯទីក្រុងហុងកុង កំពុងធ្វើឲ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកកាន់តែខ្លាំង។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែសីហា លោក យ៉ាង គ័ង (Yang Guang) អ្នកនាំពាក្យការិយាល័យកិច្ចហុងកុង និងម៉ាកាវចំណុះក្រុមប្រឹក្សារដ្ឋចិន បានរិះគន់អំពើហិង្សារបស់បាតុករអំឡុងពេលតវ៉ាប៉ុន្មានសប្ដាហ៍មកនេះ ពិសេសការវាយប្រហារដោយប្រើដបសាំងគប់លើស្ថានីយ៍ប៉ូលិសក្នុងការតវ៉ាចុងក្រោយនេះ។
លោក យ៉ាង អះអាងថា បាតុករជ្រុលនិយមហុងកុង បានប្រើឧបករណ៍ដ៏គ្រោះថ្នាក់ដើម្បីវាយប្រហារប៉ូលិស ដែលនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយពួកគេ ក៏បានបង្ហាញសញ្ញានៃការលេចឡើងអំពើភេរវកម្មផងដែរ។ ក្នុងសន្និសីទនៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យដដែលនេះលើកឡើងថា ទង្វើរបស់បាតុករ បានជាន់ឈ្លីយ៉ាងកំរោលលើនីតិរដ្ឋ និងសណ្ដាប់ធ្នាប់របស់ហុងកុង។ ប៉ុន្តែលោកបានផ្ដោតលើសកម្មភាពរបស់បាតុករភាគតិចប៉ុណ្ណោះ។
ការហៅបាតុកម្មមានលក្ខណៈជាភេរវកម្មនេះ ជាការថ្កោលទោសធ្ងន់បំផុតមួយទៀតដោយរដ្ឋាភិបាលប៉េកាំង។ នេះជាអាចសញ្ញានៃការថយចុះការអត់ធ្មត់របស់រដ្ឋាភិបាលមជ្ឈិមពាក់ព័ន្ធការតវ៉ានៅតំបន់រដ្ឋបាលពិសេសមួយនេះ។ យ៉ាងណាមិញ ប៉ូលិសហុងកុង ហាក់មិនយល់ស្របនឹងការលើកឡើងនេះទេ។ បើតាមកាសែត South China Morning Post អធិការជាន់ខ្ពស់របស់ប៉ូលិសហុងកុង Steve Li Kwai-wah និយាយថា តាមស្ថានភាពសព្វថ្ងៃ ប៉ូលិសហុងកុងនឹងដោះស្រាយត្រឹមបាតុកម្មហិង្សា។
ក្នុងរយៈពេលជាងពីរខែមក អំឡុងពេលបាតុកម្មដែលប្រែពីការទាមទារឲ្យដកចេញសេចក្ដីស្នើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសទៅជាការទាមទារឲ្យមានកំណែងទម្រង់ប្រជាធិបតេយ្យនោះ អំពើហិង្សាបានផ្ទុះឡើងជាញឹកញយនៅក្រោយការបញ្ចប់ការជួបជុំអហិង្សា។ សកម្មភាពហិង្សាចុងក្រោយបានផ្ទុះឡើងនៅសង្កាត់ Tsim Sha Tsui, Sham Shui Po, Wan Chai និងKwai Chung ជាទីដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូជ័រដើម្បីបំបែកហ្វូងបាតុករ។
តាមពិតទៅ ប៉ូលិសហុងកុង ក៏រងការរិះគន់ខ្លាំងដែរចំពោះចំណាត់ការក្ដៅរបស់ខ្លួនក្នុងការតទល់នឹងក្រុមបាតុករដែលភាគច្រើនជាយុវជននោះ ខណៈបាតុករក៏ទាមទារឲ្យរកមូលហេតុនៃអំពើហិង្សារបស់ប៉ូលិសទៀតផង។ លើសពីនោះ ប៉ូលិសហុងកុង ក៏រងប្រតិកម្មដែរជុំវិញការបណ្ដែតបណ្ដោយឲ្យប្រជានដទៃប្រឈមមុខគ្រោះថ្នាក់នោះ។ ទាក់ទិនបញ្ហានេះ ប៉ូលិសហុងកុងបកស្រាយថា វិធានការរបស់ខ្លួន គឺសមស្រប ហើយប្រើកម្លាំងទៅតាមច្បាប់៕
Tag:
ចិន
ហុងកុង
ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com