ភ្នំពេញ៖ នៅកម្ពុជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់និងឥស្សរជនល្បីឈ្មោះ ទាំងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរនោះកំពុងប្រើប្រាស់សេវាព្យាបាលសុខភាពនៅបរទេស។ ទាំងនេះជារឿង ដែលកើតមានឡើងក្នងប្រទេសនេះ ហើយវាមិនមានអ្វីភ្ញាក់ផ្អើល ឡើយដែលថា ប្រជាជនខ្មែរជាច្រើន ក៏ហាក់មិនមានទំនុកចិត្តលើមន្ទីរពេទ្យក្នុងស្រុកប៉ុន្មានដែរ។
កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចកម្ពុជាមានកម្រិត ប្រាំពីរភាគរយដែលជំរុញឲ្យមានកំណើនថវិកាជាតិ ក៏ដូចជាជីវភាពរស់នៅ របស់ប្រជាជនទូទៅដែរ។ ថ្វីបើកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង កំពុងស្វែងរកការព្យាបាលសុខភាពនៅបរទេស។
ចំនួនប្រជាជនកម្ពុជាដែលធ្វើដំណើរទៅបរទេសសម្រាប់ការព្យាបាលជំងឺនិងថ្ងៃឈប់សម្រាកជាទូទៅបានកើនឡើងពី ១,២ លាននាក់នៅឆ្នាំ ២០១៥ ដល់ ១,៤ លាននាក់ក្នុងឆ្នាំ ២០១៦ ក្នុងចំណោមប្រជាជនសរុបចំនួន ១៥,៧៦ លាននាក់។
ចំណែកចន្លោះពី ២៤ ទៅ៣០ ភាគរយ នៃចំនួននៃភ្ញៀវទេសចរជនជាតិកម្ពុជាដែលធ្វើដំណើរទៅវៀតណាមនិង ថៃ គឺមានគោលបំណងទៅព្យាបាលជំងឺនេះ។
ទោះបីជាយ៉ាងណាក៏ដោយយើងមិនទាន់មានស្ថិតិពេញលេញឡើយពីចំនួនសរុបនៃប្រជាជនកម្ពុជាដែលកំពុងស្វែងរកការថែទាំសុខភាពនៅបរទេសនៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិត Jiaranai Boonprasatsuk ប្រធានផ្នែកទីផ្សារនៃមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងនៅ មន្ទីរពេទ្យ Phyathai 2 ក្នុងទីក្រុងបាងកកនិយាយថា មន្ទីរពេទ្យបានទទួលប្រជាជនកម្ពុជាច្រើនជាងគេ ក្នុងចំណោមអ្នកជំងឺបរទេសដែលទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ដោយមើលឃើញតួលេខទាំងអស់នេះ បង្ហាញពីភាពអវិជ្ជមាននៃប្រព័ន្ធសុខាភិបាលក្នុងស្រុក។
ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ ២០១៦-២០២០ របស់ក្រសួងសុខាភិបាល បានបង្ហាញថា កម្ពុជាមានមណ្ឌលសុខភាពសាធារណៈប្រហែល ១០០០ កន្លែង និងគ្រឹះស្ថានថែទាំសុខភាពឯកជនចំនួន ៨០០០ កន្លែង។ ចំនួនខាងលើនេះអាចឱ្យយើងប៉ាន់ស្មានបានថា អ្នកបង្កើតគោលនយោបាយប្រហែលជាផ្តល់សារៈសំខាន់ទៅលើបរិមាណជាជាងគុណភាព។
ជាក់ស្តែង ពីព្រោះតែកង្វះខាតគ្រឿងបរិក្ខារនិងធនធានមនុស្ស មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងនេះមិនអាចបំពេញតាមតម្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាឡើយ។
យោងតាមការសិក្សាថ្មីមួយ អ្នកដែលបានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យរដ្ឋបានត្អូញត្អែរពីកង្វះអនាម័យ និងការចំណាយខ្ពស់លើសេវាកម្មផង។
លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលស្គាល់ថា ទោះបីមន្ទីរពេទ្យមួយចំនួន ដូចជាមន្ទីរពេទ្យកាល់ម៉ែតមានគ្រឿងបរិក្ខារដូចគ្នានឹងប្រទេសសិង្ហបុរី ក៏កម្ពុជានៅមិនទាន់មានបុគ្គលិកដែលមាន ជំនាញគ្រប់គ្រាន់ ដែលអាចធានាបាននូវការព្យាបាលមានប្រសិទ្ធភាពកម្រិតខ្ពស់នៅឡើយទេ។
បញ្ហានេះកាន់តែធ្ងន់ធ្ងរ នៅទីជនបទ ជាពិសេសប្រជាជនដែលរស់នៅជិតព្រំដែន តែងតែធ្វើដំណើរទៅប្រទេសជិតខាង ពេលដែលពួកគេមិនអាចរកគ្រូពេទ្យ នៅតំបន់ពួកគេរស់នៅ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលថា ៖ «យើងមិនត្រូវភ្លេចប្រជាជនដែលរស់នៅជិតព្រំដែនទេ។ ពួកគេបានទៅព្យាបាលនៅប្រទេសជិតខាង ដោយសារតែ ពួកគេមិនអាចរក គ្រូពេទ្យ នៅតំបន់ពួកគេ»។
ក្នុងខែមីនា លោកនាយករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ផងដែរពីកង្វះគ្រូពេទ្យជំនាញក្នុងទីជនបទនិងបានណែនាំឱ្យក្រសួងសុខាភិបាលដាក់ពង្រាយវេជ្ជបណ្ឌិត និងធនធានមនុស្សកាន់តែច្រើនទៅកាន់តំបន់ទាំងនេះ។ បន្ថែមពីនេះទៀតរាជរដ្ឋាភិបាលគួរតែពិចារណាទៅលើការបង្កើនថវិកាសមរម្យសម្រាប់វិស័យសុខាភិបាល។ នៅឆ្នាំ ២០១៩ ថវិកាចំនួន ៤៥៥លានដុល្លាត្រូវ បានផ្តល់អោយវិស័យថែទាំសុខភាព ដែលចំនួននេះទាបជាងថវិកាឆ្នាំ២០១៨ ដល់ទៅ៣០លានដុល្លា ។
ស្របពេលជាមួយគ្នានេះដែរ យើងឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើចំនួនគ្រឹះស្ថានសុខាភិបាលទំនើប ដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ មន្ទីរពេទ្យខេមា និងមន្ទីរពេទ្យផ្សេងៗទៀត។
ក្រមសីលធម៌វិជ្ជាជីវៈ
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានបំពាក់ដោយឧបករណ៍ទំនើប និងមានលក្ខណៈ ស្តង់ដារអន្តរជាតិ។
មន្ទីរពេទ្យទាំងពីរខាងលើនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនបរទេស ហើយក៏មានបុគ្គលិក និងគ្រូពេទ្យជំនាញពីប្រទេសថៃ សហរដ្ឋអាមេរិក បារាំង និង ជប៉ុន ផងដែរ។
មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានបង្កើតឡើងដោយជនជាតិខ្មែរ លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព។ នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៍ថា៖ «យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការថែទាំដែលមានគុណភាពល្អ អោយដូចទៅនឹងប្រទេសជឿនលឿននោះដែរ។ បន្ថែមពីនោះទៀតយើងក៏សហការជាមួយវេជ្ជបណ្ឌិត និងអ្នកឯកទេស ដែលជាជនជាតិបរទេសក្នុងនាមជាដៃគូរបស់យើងផងដែរ»។
យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត អ៊ុំ សុភាព នេះមានន័យថា ប្រជាជនកម្ពុជាអាចទទួលការព្យាបាល ពីមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់នៅប្រទេសកម្ពុជា។
ប៉ុន្តែ វាច្បាស់ណាស់ថាប្រជាជនកម្ពុជានៅតែមានទំនោរទៅស្វែងរកការព្យាបាលនៅបរទេស ដែលកាន់តែមានភាពងាយស្រួល ដោយសារតែសមាហរណកម្មក្នុងតំបន់អាស៊ាន ប្រជាជនក្នុងតំបន់ធ្វើដំណើទៅមករវាងប្រទេសជាសមាជិក ដោយគ្មានចាំបាច់ទិដ្ឋាការ។
បន្ថែមពីនេះ ការហោះហើរក៏ប្រើរយៈពេលខ្លីជាងមុន និងមានតម្លៃសមរម្យ ដែលអាចជួយសម្របសម្រួលការធ្វើដំណើរក្រៅប្រទេស។
ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភធំបំផុតសម្រាប់ប្រជាជនកម្ពុជាលើការព្យាបាលសុខភាពនៅកម្ពុជាគឺ ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ។
សម្តេច ហ៊ុន សែន នៅក្នុងសុន្ទរកថានៅឯសន្និសីទរបស់ក្រសួងសុខាភិបាល
កាលពីឆ្នាំមុន បានមានប្រសាសន៍ថា៖ «យើងទទួលស្គាល់អំពីកង្វះខាតទាំងអស់នេះ និងការប្រើពាក្យអាក្រក់ពីសំណាក់គ្រូពេទ្យមួយចំនួន ប៉ុន្តែមិនមែនសំដៅទៅលើប្រព័ន្ធសុខាភិបាល
ទាំងមូលទេ»។
នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ស្ថាប័នសុខភាពគួរតែព្យាបាលអ្នកជំងឺឲ្យស្មើៗគ្នា ដោយមិនគិតពីជីវភាពអ្នកជំងឺ។
ករណីថ្មីមួយបានកើតឡើង ដោយលោកវេជ្ជបណ្ឌិត ត្រូវបានគេរកឃើញថាបានទារប្រាក់ពី កសិករម្នាក់ចំនួន ៥០០០ ដុល្លារ ក្នុងការព្យាបាលកូនរបស់គាត់ពីរនាក់ដែលមានជំងឺគ្រុនឈាម។ ករណីនេះ បានបង្កឲ្យមានការផ្ទុះកំហឹងពីសាធារណជនចំពោះការជំរិតទារប្រាក់ពី គ្រូពេទ្យឯកជន។
ករណីនេះបានបង្ហាញថា ការកើនឡើងនៃគ្រឹះស្ថានសុខភាពឯកជនតូចមួយចំនួន បានធ្វើឲ្យគ្រូពេទ្យខ្លះ បានឆ្លៀតកេងចំណេញពីអ្នកជំងឺដោយយកប្រាក់លើសកំណត់ ឬបំភាន់អ្នកជំងឺ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លើសពីនេះទៅទៀត គេរកឃើញថា គ្រូពេទ្យខ្លះក៏បានព្យាយាមរៀបរាប់លើសពីអាការៈពិតរបស់អ្នកជំងឺ ឬផ្តល់ព័ត៌មានមិនពិត ដើម្បីទាញប្រយោជន៍។
បុរសម្នាក់បានប្រាប់ កាសែតភ្នំពេញប៉ុស្តិ៍ ថា គាត់បានពិនិត្យសុខភាពនៅប្រទេសថៃ ព្រោះគាត់មិនទុកចិត្តគ្រូពេទ្យក្នុងស្រុក។ គ្រូពេទ្យខ្មែរម្នាក់ បានប្រាប់គាត់ថា គាត់ត្រូវទទួលការវះកាត់។ ដូច្នេះគាត់បានសំរេចចិត្តធ្វើដំណើរទៅកាន់មន្ទីរពេទ្យមួយក្នុងខេត្តសុរិនប្រទេសថៃ ដើម្បីស្វែងរកជម្រើសផ្សេងទៀត។ វេជ្ជបណ្ឌិតនៅប្រទេសថៃបានចេញវេជ្ជបញ្ជាឲ្យគាត់ប្រើប្រាស់ថ្នាំធម្មតាតែប៉ុណ្ណោះ។
ការបាត់បង់ទំនុកចិត្ត
មានអ្នកជំងឺខ្លះបានស្លាប់ ដោយសារតែការធ្វេសប្រហែសរបស់គ្រូពេទ្យ។ នៅឆ្នាំ ២០១៦ គ្លីនិកឯកជនមួយត្រូវបានបិទបន្ទាប់ពីបានធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយពីបាន
ចាក់ថ្នាំ ព្យាបាលការឈឺឆ្អឹងខ្នង។
យ៉ាងណាក៏ដោយខណៈពេលដែលប្រជាជនកម្ពុជាជាច្រើនធ្វើដំណើរទៅបរទេសដើម្បីទទួលការព្យាបាលដែលមានគុណភាពល្អជនជាតិបរទេសបានធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយទៅជាមជ្ឈមណ្ឌលនៃវិស័យទន្តសាស្ត្រក្នុងតំបន់ ដើម្បីទទួលការព្យាបាលនៅកម្ពុជា ដ្បិតវាមានតម្លៃ ៧០ភាគរយថោកជាងបណ្តាប្រទេសឯទៀតផង។
ក្នុងខណៈដែលប្រជាជនទូទៅតែងចាប់អារម្មណ៍ពីរឿងរ៉ាវផ្សេងៗទាក់ទិននឹងប្រព័ន្ធថែទាំសុខភាពក្នុងស្រុក រឿងអាស្រូវក្នុងវិស័យនេះគឺអាចសាយភាយបានរហ័សខ្លាំងតាមរយៈបណ្តាញផ្សព្វផ្សាយសង្គម។
ករណីទាំងនេះបានធ្វើឲ្យសាធារណជន យល់ឃើញកាន់តែអវិជ្ជមានទៅលើប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាហាក់ដូចជាបាត់បង់ការជឿទុកចិត្តបន្តិចម្ដងៗទៅលើសេវាថែទាំសុខភាពរបស់ពួកគេ។
ទំនុកចិត្តលើគ្រូពេទ្យ ពិតជាមានសារៈសំខាន់សម្រាប់សេវាសុខាភិបាលនៅកម្ពុជា ព្រោះអ្នកជំងឺពឹងផ្អែកយ៉ាងខ្លាំងលើការសម្រេចចិត្តព្យាបាលរបស់អ្នកផ្តល់សេវាសុខភាព។ ដូច្នេះ ការបាត់បង់ទំនុកចិត្តលើគ្រូពេទ្យ បានធ្វើឲ្យកើនចំនួនប្រជាជនស្វែងរកការព្យាបាលនៅក្រៅប្រទេស។
ទោះជាវេជ្ជបណ្ឌិតទាំងនោះមិនមានបំណងអាក្រក់ក្តី ប៉ុន្តែករណីទាំងនេះបង្ហាញពីការមិនយកចិត្ត ទុកដាក់ និងគ្មានស្តង់ដាអាជីពច្បាស់លាស់របស់មន្ទីរពេទ្យទាំងនេះ។
រហូតទាល់តែស្តង់ដានិងបទបញ្ជាសេវាសុខាភិបាលត្រូវបានរឹតបន្តឹង និងលើកកម្ពស់ ប្រជាជនកម្ពុជានឹងនូវតែបន្តមិនទុកចិត្តទៅលើវិស័យសុខាភិបាល។
នេះមិនមែនគ្រាន់តែជាបញ្ហាដែលកើតឡើងនៅតែកម្ពុជាប៉ុណ្ណោះទេ វាក៏ជាបញ្ហាដែលកើតឡើង ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀតដែរ។ ជាក់ស្តែងជនជាតិឥណ្ឌូណេស៊ីក៏បានទៅព្យាបាលយ៉ាងសកម្មនៅបរទេស ជាពិសេសនៅប្រទេសម៉ាឡេស៊ី។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ជនជាតិឥណ្ឌូណេស៊ីបានចំណាយថវិកាប្រមាណ ១១,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់សេវាសុខភាពនៅបរទេស។
ត្រឡប់មកវិញ ការកើនឡើងនៃចំនួនប្រជាជនកម្ពុជាដែលទៅព្យាបាលនៅក្រៅប្រទេសគឺជា សញ្ញាសំខាន់មួយដែលបង្ហាញថា វាកើតមានបញ្ហានៅក្នុងសេវាសុខាភិបាលនៅកម្ពុជានាពេលបច្ចុប្បន្ន។ គំនិតផ្តួចផ្តើមដើម្បីដោះស្រាយឫសគល់នៃបញ្ហានេះដោយបង្កើនការវិនិយោគលើធនធានមនុស្សរួមជាមួយការអភិវឌ្ឍក្រមសីលធម៌ឲ្យបានតឹងរ៉ឹង ជារឿងចាំបាច់ដែលត្រូវអនុវត្ត។
បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលគួរតែរឹតបន្តឹងការបង់ថ្លៃសេវាសុខភាពរបស់អ្នកផ្តល់សេវាសុខភាពឯកជន កុំឲ្យមានការកេងប្រវ័ញ្ចផ្សេងៗ។
ជាចុងក្រោយ ការស្រាវជ្រាវពាក់ព័ន្ធប្រធានបទនេះគួរតែត្រូវបានសិក្សាជាបន្ទាន់ដើម្បីបង្កើតគោលនយោបាយដែលពឹងផ្អែកលើទិន្នន័យច្បាស់លាស់ផង៕
កញ្ញា តាំង វួចនា ជាអ្នកស្រាវជ្រាវវ័យក្មេងនៃអង្គការវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយឯករាជ្យមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន កញ្ញាកំពុងស្រាវជ្រាវលើប្រធានបទ ការគ្របដណ្តប់សុខភាពជាសកល។ អត្ថបទដើមជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៩។