សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នក​កាន់សាសនា​ឥស្លាម​ជុំវិញ​ពិភពលោក ប្រារព្ធ​ពិធីបុណ្យ​សាសនា​ធំ​ទី​២ «Eid al-Adha»
13, Aug 2019 , 7:39 pm        
រូបភាព
អ្នកកាន់សាសនាអ៊ីស្លាម ចូលរួមក្នុងការបូងសួងពិសេសមួយ ក្នុងទីក្រុង Kolkata ឥណ្ឌា ថ្ងៃ ១២ សីហា (AFP)
អ្នកកាន់សាសនាអ៊ីស្លាម ចូលរួមក្នុងការបូងសួងពិសេសមួយ ក្នុងទីក្រុង Kolkata ឥណ្ឌា ថ្ងៃ ១២ សីហា (AFP)
ដោយ:
​អ្នក​កាន់សាសនា​ឥស្លាម​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​របស់ខ្លួន «Eid al-Adha» ដែល​បានចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា​។  Eid al-Adha មានន័យថា «​ពិធីបុណ្យ​នៃ​ការលះបង់​» ។

 
​ជា​រៀងរាល់ឆ្នាំ អ្នក​កាន់សាសនា​ឥស្លាម បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ឱកាស​បុណ្យ​សាសនា​នេះ ដើម្បី​ដឹងគុណ​ដល់​ចេតនា​របស់​ព្យា​ការី Ibrahim ក្នុង​ការលះបង់​កូនប្រុស​ខ្លួន Ismail តាម​បញ្ជា​របស់​ព្រះ​ជា​ម្ចាស់​។ ប៉ុន្តែ​មុននឹង Abraham អាច​លះបង់​កូនប្រុស ព្រះ​ជា​ម្ចាស់ បានចេញ​បញ្ជា​ឲ្យ Ibrahim លះបង់​សាច់​ចៀម​ជំនួស​វិញ​។  
 
​ជាធម្មតា Eld al-Adha បានចាប់ផ្តើម​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ ហាជ (Hajj) ​ដែលជា​ធម្ម​យា​តា​ប្រចាំឆ្នាំ​របស់​អ្នក​កាន់សាសនា​ឥស្លាម​ម​ទៅកាន់​ទីក្រុង ម៉េ​ក​កា (Mecca) នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ យោងតាម​ស្ថិតិ​របស់​អាជ្ញាធរ​ទូទៅ​អា​រ៉ា​ប៊ី​សា​អូឌីត អ្នក​កាន់សាសនា​ឥស្លាម​ប្រមាណ ២,៥ លាន​នាក់ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ហាជ នា​ឆ្នាំ​២០១៩​នេះ ដោយ​មនុស្ស​៦០​ម៉ឺន​នាក់​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត​ក្រៅពី​អា​រ៉ា​ប៊ី​សា​អូឌីត​។ 
 
​ពិធីបុណ្យ Eid al-Adha គឺជា​បុណ្យ​សាសនា​អ៊ី​ស្លី​ម​ទី​ពីរ បន្ទាប់ពី​ពិធីបុណ្យ Eid al-Fitr ដែល​ប្រារព្វ​ធ្វើ​ដើម្បី​បិទ​បញ្ចប់ Ramadan ដែលជា​ខែ​បួស​របស់​អ្នក​កាន់សាសនា​ឥស្លាម ហើយ​វា​មាន​រយៈពេល​រហូតដល់ ២៩ ទៅ ៣០​ថ្ងៃ​។ 
 
​ទោះបី​ភាគច្រើន​នៃ​អ្នក​កាន់សាសនា​ឥស្លាម ប្រារព្ធ​ពិធីបុណ្យ Eid al-Adha រយៈពេល ៤​ថ្ងៃ បានចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ ប៉ុន្តែ​សម្រាប់​ជន​មូស្លីម​ជាច្រើន​រួមមាន អ្នក​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ហ្វីលីពីន ឥណ្ឌា និង​ប៉ា​គី​ស្ថាន បុណ្យ​សាសនា​នេះ បានចាប់ផ្តើម នា​ថ្ងៃទី​១២ ខែសីហា ។​
 
​សូមបញ្ជាក់ថា បុណ្យ​សាសនា Eid al-Adha នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដោយ​ការ​សម្លាប់សត្វ ជាធម្មតា សត្វ​ចៀម ពពែ ឬ​គោ​ជាដើម  ហើយ​សាច់​ទាំងនោះ នឹងត្រូវ​ចែករំលែក​ទៅកាន់​មនុស្ស​ដូចជា អ្នកជិតខាង សមាជិកគ្រួសារ និង​អ្នកក្រីក្រ​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com