គន្លឹះ​ខ្លីៗ​ក្នុងការ​ថែទាំ និង​ត្រួតពិនិត្យ​រថយន្ត​ក្នុង​រដូវវស្សា​
អត្ថបទពាណិជ្ជកម្ម
គន្លឹះ​ខ្លីៗ​ក្នុងការ​ថែទាំ និង​ត្រួតពិនិត្យ​រថយន្ត​ក្នុង​រដូវវស្សា​
13, Aug 2019 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ក្នុងការ​ថែទាំ​រថយន្ត ដើម្បី​ជៀសវាង​បញ្ហា ដែល​អាច​កើតមាន​នៅពេល​បើកបរ នៅ​រដូវភ្លៀង ។ វា​ជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​គួរ​មាន​វិធានការ​ការពារ​ទុកជាមុន ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុងបើក​បរ ។ ជាធម្មតា​ពេល​បើកបរ​ក្នុង​រដូវវស្សា អ្នក​តែង​ជួបប្រទះ​ផលវិបាក​ផ្សេងៗ​ដូចជា ពិបាក​ក្នុងការ​មើលផ្លូវ ផ្លូវ​មានទឹក​លិច ផ្លូវ​រអិល​ពិបាក​ចាប់​ហ្វ្រាំង ការខូចខាត​ផ្នែក​ខាងក្រោម​រថយន្ត ដោយសារតែ​មានទឹក និង​ភក់​ខ្ទាត ទៅ​ជាប់​នៅ​កន្លែង​ទាំងនោះ ដែល​បង្ក​ឲ្យ​មានការ​ច្រែះ ខូច​ជាដើម​។
 
​ដូចនេះហើយ អ្នក​គួរ​យល់ដឹង​អំពី​គន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ជៀសវាង​ហានិភ័យ​ដែល​អាច​កើតមាន ក្នុងពេល​បើកបរ​ក្នុង​រដូវវស្សា​? ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់ៗ​មួយចំនួន​៖

1.​ ​ពិនិត្យ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​រថយន្ត​
 
​ការមើលឃើញ​ច្បាស់​នៅពេល​បើកបរ​ជា​ផ្នែក​មួយ​ចាំបាច់​បំផុត សម្រាប់​ការបើកបរ​រថយន្ត​នៅពេល​យប់ ឬ​ពេល​ភ្លៀង​ខ្លាំង​។ ដូចនេះហើយ អ្នក​ត្រូវ​ប្រាកដថា ចង្កៀង​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ​រថយន្ត​ដំណើរ​ការល្អ​ជានិច្ច​។ ប្រសិនបើ​ចង្កៀង​រថយន្ត​អ្នកមាន​សភាព​ស្រអាប់ ភ្លើង​មើលទៅ​មិនសូវ​ភ្លឺ អ្នក​គួរ​យក​រថយន្ត​ទៅ​សំអាត​ចង្កៀង​ចេញ ឬ​ប្តូរ​អំពូល​ថ្មី​តែម្តង​។ 


 
2.​ ​ពិនិត្យ​ផ្នែក​ដំបូល កញ្ចក់ទ្វារ​រថយន្ត​
 
​ប្រសិនបើ​រថយន្ត​អ្នកមាន​ដំបូល​កញ្ចក់​បិទ​បើក ជាបឋម អ្នក​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ឆែក​មើល​នូវ​ដំណើរ​ការបិទ បើក​កញ្ចក់​ដំបូល​លើ​ថា តើ​វា​ដំណើរការ​ធម្មតា​ឬទេ​។ លើសពីនេះទៅទៀត ដើម្បី​ជៀសវាង​ភាពមិនប្រក្រតី​ណាមួយ ដូចជា​ការបិទ​មិន​ជិត​ដោយសារ​ធូលី​ដី ឬ​មានទឹក​ដក់​មិន​ហូរ​ល្អ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​លេច ជ្រាប​ទឹកភ្លៀង​ស្រក់​ចូល​រថយន្ត​។​
 
3.​ ​ពិនិត្យ​ផ្លិត​ទឹក​
 
​ជាមួយគ្នានេះដែរ អ្នក​ត្រូវ​ពិនិត្យមើល​ប្រតិបត្តិ​ការផ្លិត​ទឹកមុខ​ក្រោយ ជៀសវាង​មានការ​រហែក​ជ័រ បក់​ទឹក ឬ​ផ្លិត​ទឹក​មិន​ដំណើរការ​ប្រក្រតី ទៅតាម​ចលនា​លឿន​យឺត​ជាដើម​។ 
 
4.​ ​ត្រួតពិនិត្យ​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត 
 
​ពេល​អ្នកបើកបរ​កាត់​ទឹក ឬ​ចត​ក្នុង​ទឹក​ជម្រៅ​ណាមួយ ទឹក​អាច​ជ្រាបចូល​ក្នុង​គ្រឿង​បង្គំ​មួយចំនួន នៃ​ផ្នែក​ខាងក្រោម​របស់​រថយន្ត​បាន​។ ដូចនេះ អ្នក​ត្រូវ​ពិនិត្យមើល​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត ជៀសវាង​បញ្ហា​ទឹក​ជ្រាប​ដល់ទី​តាំង​សុវត្ថិភាព​ណាមួយ​បាន​។ អ្នក​ត្រូវ​ពិនិត្យ​ទៅលើ​ប៉ា​ឡុង តើ​វា​មាន​របូត ឬ​រលុង​កន្លែង​ណាមួយ ឬ​អត់ និង​ត្រូវ​ពិនិត្យមើល​ការ​លេច​ជ្រាប​មានដូចជា បូម កាទែ​ម៉ាស៊ីន និង​ប្រអប់លេខ​ជាដើម​។ ប្រការ​សំខាន់​មួយទៀត​ត្រូវ​ពិនិត្យមើល​កៅស៊ូ​ការពារ​ដី មានដូចជា​កៅស៊ូ​រឺ​ទីល​ចង្កូត កៅស៊ូ​អា​ប៊ូ​ហ្សេ កៅស៊ូ​ទាំងអស់នេះ គឺ​សម្រាប់​ការពារ​ដី និង​ទឹក​មិន​ឲ្យ​ចូល​នៅពេល​អ្នកបើកបរ​កាត់​ទឹក កាត់​ភក់ ដែល​អាចធ្វើ​ឲ្យ​គ្រឿង​បង្គំ​ផ្នែក​ខាងក្រោម​ច្រែះ ធ្វើ​ឲ្យ​ការបើកបរ​មាន​បញ្ហា​។ ចំណុច​ចាំបាច់​មួយទៀត អ្នក​ត្រូវ​ពិនិត្យមើល​កាឡេ​ខ្វែង ប្រសិនបើ​កាឡេ​ខ្វែង​រថយន្ត​អ្នក​រលុង នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការដាក់​លេខ ធ្វើ​ឲ្យ​រថយន្ត​កន្ត្រាក់​នៅពេល​បើកបរ​។ ម្យ៉ាងទៀត​ត្រូវ​ត្រួតពិនិត្យ​ប្រេង​ប៉ុង ថា​មានការ​លេច​ជ្រាប​ដែរ ឬទេ ជៀសវាង​បញ្ហា​ផ្សេងៗ ដែល​អាច​កើតមាន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ​។ 


 
5.​ ​ត្រួតពិនិត្យ​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត 
 
​ហ្វ្រាំង គឺជា​ប្រព័ន្ធ​មួយ​ដ៏​សំខាន់ ដូច​ប្រព័ន្ធ​ផ្សេងៗ​ទៀត ដែលមាន​នូវក្នុង​តារាង​ត្រួតពិនិត្យ​រថយន្ត​ផងដែរ​។ អ្នក​គួរ​យក​រថយន្ត ទៅ​ត្រួតពិនិត្យ​ដោយ​ជាង​ជំនាញ​នូវ​យានដ្ឋាន ដើម្បី​ធានាថា​ស្បែក​ហ្វ្រាំង នៅមាន​កម្រាស់​ក្រាស់ និង​មិន​ខូចគុណភាព​។ មិនតែប៉ុណ្ណោះ អ្នក​ត្រូវ​ពិនិត្យ​ប្រេង​ហ្វ្រាំង​ផងដែរ​។​
 
6.​ ​ត្រួតពិនិត្យ​ផ្នែក​ខ្សែ​ពាន​រថយន្ត​
 
​ដោយសារ​ខ្សែ​ពាន​ទាំងនេះ ធ្វើ​មកពី​កៅស៊ូ ហេតុនេះហើយ​ប្រសិនបើ​វា​ដាច់ ឬ​រហែក ម៉ាស៊ីន​ទាំងអស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរការ​។ កត្តា​មួយទៀត គឺ​ពេលដែល​ខ្សែ​ពាន​ទាំងនេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យ​មាន​ភាព​រអិល និង​មាន​ភាពលំបាក ក្នុងការ​អូស​ម៉ាស៊ីន​។ ដូច្នេះហើយ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែ​ពាន​ម៉ាស៊ីន កុំ​ឲ្យ​មានការ​លេច​ធ្លាយ​ទឹក ពី​គម្រប​រថយន្ត​ចូលទៅ​ខាងក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេលដែល​វា​មាន​ភាព​ចាស់​ខ្លាំង​។​
 
7.​ ​ត្រួតពិនិត្យ​សំបក​រថយន្ត 
​ការត្រួតពិនិត្យ​សំបក​កង់ មិន​សំដៅ​តែ​លើ​សំពាធ​កង់​មួយ​មុខ​នោះទេ យើង​ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​នៅលើ​សំបក​កង់ ប្រសិនបើ​សំបក​កង់​រថយន្ត​ផុត​ថ្ងៃ​ហួសកំណត់ អ្នក​ត្រូវ​ប្តូរ​ចេញ​ភ្លាម ទោះបីជា​ក្រឡា​កង់​នៅមាន​កម្រាស់​ក្រាស់​ក៏ដោយ​។ មួយវិញទៀត អ្នក​ត្រូវ​ពិនិត្យមើល​កម្រិត​នៃ​កម្រាស់​សំបក​កង់ ដែល​បាន​កំណត់ដោយ​រោងចក្រ​ផ្ទាល់ ថា​ដល់​ពេលដែល​គួរ​ប្តូរ​សំបក​កង់ ឬ​នៅ​។​


 
8.​ ​ត្រួត​ពិនិត្យមើល​អាគុយ​របស់​រថយន្ត​
 
​អ្នក​គួរ​ពិនិត្យ​នៅលើ​ក្បាល​អាគុយ ប្រសិនបើ​ក្បាល​អាគុយ​មាន​ស្នឹម អ្នក​គួរ​យក​ទឹក​ក្ដៅ​មក​លាង​សំអាត​ត្រង់​កន្លែង​ដែលមាន​ស្នឹម ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ពេល​បញ្ឆេះ​រថយន្ត ។ ម្យ៉ាងទៀត គួរ​ពិនិត្យ​កម្រិត​អាស៊ីត​ក្នុង​អាគុយ បើ​កម្រិត​អាស៊ីត​ឡើង​ខ្ពស់​នោះ​បញ្ជាក់ថា​ដល់ពេល​ប្ដូរ​អាគុយ​ថ្មី​ហើយ​។ 


 
9.​ ​លាង​សំអាត និង​ប៉ូ​លា​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​
 
​នៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​សើម​វា​ជាការ​លំបាក​ខ្លាំងណាស់​ក្នុង​ការលាង​សំអាត​ស្នាម​ទឹកជា​ប់​លើ​ថ្នាំ​រថយន្ត​។ ទោះជា​យ៉ាងណាក៏ដោយ​ការលាង​និង​ប៉ូ​លា​រថយន្ត​បាន​ត្រឹមត្រូវ អាចជួយ​សំអាត​ស្នាម​ទាំង​នោះបាន​។ ការសំអាត​កញ្ចក់​រថ​យន្ត​បាន​ស្អាត​ល្អ ក៏​អាចជួយ​លោកអ្នក​មើល​បាន​ច្បាស់​ពេល​បើកបរ​ផងដែរ​។ ម្យ៉ាងទៀត លោកអ្នក​គួរប្រើ​ទឹក​ជូត​កញ្ចក់​ដើម្បី​សំអាត​កញ្ចក់​ជុំវិញ​រថយន្ត​បាន​ស្អាត​ល្អ​។​
 
10.​ ​ត្រូវ​ប្រុងប្រយ័ត្ន កុំ​បើកបរ​លឿន​ពេក​នៅពេល​ភ្លៀង​
 
​បន្ទាប់ពី​អ្នក​បាន​ធ្វើតាម​គន្លឹះ​មួយចំនួន​ដែល​បាន​រៀបរាប់​ខាងលើ អ្នក​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​នៅ​រដូវភ្លៀង​។ អ្នក​មិនត្រូវ​ចាប់​ហ្វ្រាំង​បន្ទាន់​ភ្លាមៗ​នោះទេ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ជានិច្ច​។ ការធ្វើ​បែបនេះ នឹង​ជួយ​រក្សា​លំនឹង​កង់​ជៀសវាង​ការ​រអិល​។ អ្នក​គួរ​បើកបរ​នៅ​ជួរ​កណ្ដាល​នៃ​ផ្លូវ ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់ ផ្នែក​សងខាង​ផ្លូវ​តែងមាន​ទឹក​លិច​។​
 
​ដូចនេះហើយ ដើម្បី​ជៀសវាង​បញ្ហា​ទាំងអស់នេះ​អ្នក​អាច​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល​និង​ថែទាំ​រថយន្ត ឬ​អ្នក​មកកាន់​មជ្ឈមណ្ឌល​ថែទាំ និង​ជួសជុល​រថយន្ត Ford ផ្ទាល់​ដើម្បី​ឲ្យ​ជាង​ដែលមាន​ជំនាញ​ច្បាស់លាស់​ធើ្វ​ការត្រួតពិនិត្យ ឬ​ជួសជុល​រថយន្ត​អ្នក​មុន​រដូវវស្សា​ខិតជិត​មកដល់​។ 


 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com