សហជីព និង GMAC បារម្ភ​ពី​ការបាត់បង់​EBA ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកវិនិយោគ​នៅ​កម្ពុជា
ជាតិ
សេដ្ឋកិច្ច
សហជីព និង GMAC បារម្ភ​ពី​ការបាត់បង់​EBA ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកវិនិយោគ​នៅ​កម្ពុជា
13, Aug 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​សហជីព បារម្ភ​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) ដែលនាំឱ្យ​ប៉ះពាល់​ដល់​អ្នកវិនិយោគ​នៅ​កម្ពុជា​។ តំណាង​កម្មករ​ទាំងនេះ យល់ឃើញថា មានតែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ ដែល​អាច​រក្សា​ការវិនិយោគ និង​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​មករក​ស៊ី​នៅ​កម្ពុជា​បន្ថែមទៀត​។​

 
​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា បាន​និយាយថា បញ្ហា​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​កែតម្រូវ​រាល់​ចំណុច​ខ្វះខាត ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​គណៈ​ក​ម្មា​ធិ​ការ​សហភាព​អឺរ៉ុប​។ ក្នុងន័យនេះ​លោក ប៉ាវ ស៊ីណា ពន្យល់ថា រដ្ឋាភិបាល​មិនទាន់​ឆ្លើយតប​ជា​វិជ្ជមាន​ទៅកាន់​ភាគី​អឺរ៉ុប​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការកែប្រែ​ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស និង​បញ្ចេញមតិ ដែល​អឺរ៉ុប​តែងតែ​ស្នើឱ្យ​កម្ពុជា​ពិនិត្យឡើងវិញ​នោះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សហភាព​ចលនា​កម្មករ​រូបនេះ បាន​និយាយថា​៖« ថ្មីៗ​នេះ​ប្រទេស​នៅជាប់​យើង ប្រទេស​វៀតណាម ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​សហភាព​អឺរ៉ុប ដូច្នេះ​យើង​ស្រមៃ​មើលថា តើ​វិនិយោគិន​ត្រូវ​ទៅណា​? ប្រទេស​មួយចំនួនទៀត ទាំង​ប្រទេស​បង់​ក្លា​ដេ​ស និង​ភូមា​ជាដើម ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដូច្នេះ​គេ​នឹង​សម្លឹងមើល​ទៅកាន់​ប្រទេស​ទាំងនោះ​។ ដូច្នេះ​រដ្ឋ​យើង​ត្រូវ​កែប្រែ​នូវ​ចំណុច​ដែល​ខ្វះខាត​»​។ 
 
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បានចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី ១២ ខែសីហា ដោយ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប គិតគូរ​ឱ្យបាន​ល្អិតល្អន់​មុននឹង​ស​ម្រេ​ចិត្ត​ព្យួរ​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ លើសពីនេះ GMAC ក៏​បង្ហាញ​ពី​ផលប៉ះពាល់​ទៅលើ​ពលរដ្ឋ​កម្ពុជា​ផងដែរ ក្នុងករណី​ការអនុគ្រោះ​ពន្ធ​ត្រូវបាន​ព្យួរ​នោះ​គឺ​វា​នឹង​បណ្ដាលឱ្យ​ពលរដ្ឋ​កម្ពុ​ជាជាង ៣​លាន​នាក់​រង​ផលប៉ះពាល់​។​
 
​ការបង្ហាញ​ក្តី​ព្រួយបារម្ភ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប​នេះ វា​មិនទាន់​គ្រប់គ្រាន់​ទេ ពោលគឺ GMAC ត្រូវតែ​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​កែតម្រូវ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន ឱ្យស្រប​តាម​អ្វីដែល​សហភាព​អឺរ៉ុប លើកឡើង​កន្លងមក​នោះ ទើប​វា​ជា​រឿង​ល្អ ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាវ ស៊ីណា​។​
 
​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​រូបនេះ បាន​និយាយថា​៖« មកដល់​ម៉ោង​នេះ​អ្វីដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) គួរតែ​ធ្វើ ទី​១ គឺ ស្នើ​ទៅកាន់​រដ្ឋាភិបាល ធ្វើយ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ សហភាព​អឺរ៉ុប (EU) ព្រោះ​គេ​បាន​មើលឃើញថា​ត្រូវ​ស្ដា​ឡើងវិញ​នៅ លិ​ទ្ធិ​ប្រជាធិបតេយ្យ​, ការរំលោភ​សិទ្ធិមនុស្ស ឬ លក្ខខណ្ឌ​ការងារ​ជាដើម​។ ពេល​រដ្ឋាភិបាល​ឆ្លើយតប​ទៅកាន់ EU រាល់​ចំនុច​ខ្វះខាត​ហើយ នេះ​ជា​ដំណោះស្រាយ​មួយ​ក្នុងការ​រក្សារ EBA»​។​
 
​កន្លងមក​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផុត​អាណត្តិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​គោរព និង​លើកកម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​«​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​, EBA»​។ អគ្គរដ្ឋទូត​ផុត​អាណត្តិ​រូបនេះ បាន​លើកឡើងថា សហភាព​អឺរ៉ុប​មិន​ចង់​ដក EBA ពី​កម្ពុជា​នោះទេ ដូច្នេះ​ការបាត់បង់ ឬ​បន្ត​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម  គឺ​ស្ថិតនៅលើ​កណ្ដាប់ដៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​
 
​តែ​យ៉ាងណា​សម្តេច ហ៊ុន សែន បានប្រកាស​កាលពី​ខែ​កក​ក្កដា កន្លងមក​ថា ខ្លួន​នៅតែ​បើក​ការសន្ទនា​ជាមួយ​សហភាព​អឺរ៉ុប ពី​បញ្ហា EBA ប៉ុន្តែ​អឺរ៉ុប​មិន​ត្រូវដាក់​លក្ខខណ្ឌ​ណាមួយ ដែល​ប៉ះពាល់ ឬ​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា​ឡើយ​។ «​បើ​គេ​នៅ​ឱ្យ​ក៏​ល្អ តែបើ​គេ​យកទៅ​វិញ អាហ្នឹង​ក៏​យើង​មិនដឹង​ធ្វើ​ម៉េច​ដែរ​»​។ នេះ​ជាការ​ឆ្លើយតប​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​ជាងនេះទៅទៀត​ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា ទោះជា​គ្មាន EBA ក៏​កម្ពុជា នៅតែមាន​សមត្ថភាព​បង់ពន្ធ ហើយ​នៅតែ​បន្ត​រកស៊ី និង​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដដែល​។ ប៉ុន្តែ​សម្ដេច ហ៊ុន សែន ព្រលយ​សម្តី​ថា បើ​បាត់បង់ EBA មែន ហាក់ដូចជា​បាត់បង់​អ្វីៗ ដែល​សហភាព​អឺរ៉ុប​ធ្លាប់ជួយ​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​គេ​ត្រូវតែ​យល់ សមិទ្ធផល​ដែល​អ្នក​ទាំងឡាយ​បាន​ជួយ​ខ្ញុំ​រយៈពេល​កន្លងទៅ ដូចជា​អំបិល​ត្រូវ​ទឹក​»​។​
 
អត្ថបទទាក់ទង
 
​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ គណៈ​កម្ម​ធិ​ការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការអនុវត្ត​នីតិវិធី​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ដែលមាន​រយៈពេល ១៨ ខែ​។ កាលពី​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈ​កម្ម​ធិ​ការ​សហភាព​អឺរ៉ុប​បានបញ្ចប់​ការពិនិត្យ​លើ​លទ្ធភាព​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដែលមាន​រយៈពេល​៦ ខែ​។ 
 
​ករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​។ គួរ​បញ្ជាក់ថា គ្រាន់តែ​សម្លៀកបំពាក់ កាន់​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU ៕
 

Tag:
 កម្ពុជា​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com