កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនាញ​៖ Lampard ឡើង​ដឹកនាំ​ដំបូង ចំពេល​ដែល Chelsea ជួប​វិបត្តិ​ដ៏​អាក្រក់​បំផុត​
13, Aug 2019 , 3:37 pm        
រូបភាព
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Chris Sutton មើលឃើញថា​នេះ​ជា​រដូវ​កាល​ដ៏​អាក្រក់​បំផុត​របស់លោក Frank Lampard សម្រាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Chelsea​។ ស្របពេល Chelsea មាន​កាតព្វកិច្ច​ច្រើន​ក្នុងការ​ប្រជែង​ពាន​ក្នុងស្រុក និង Champions League ប៉ុន្តែ​ពួកគេ​បែ​ជា​បាត់បង់​សមាជិក​សំខាន់ ហើយ​ថែមទាំង​ជាប់​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ថែមទៀត​។​


 
​ក្រុម​តោ​ខៀវ ក្រោម​ការដឹកនាំ​ដំបូង​របស់ Lampard បាន​រង​បរាជ័យ​ធ្ងន់​ករ​ក្រោយ​ចាញ់ Manchester United ៤-០ នា​ការប្រកួត​បើកឆាក​ក្របខណ្ឌ Premier League រដូវ​កាល​២០១៩-២០ កាលពី​ចុង​សប្ត​ហ៍​កន្លងទៅ​។ នេះ​ក៏​ជា​បរាជ័យ​មិន​ធ្លាប់មាន​របស់ Chelsea នៅ​ទឹកដី Old Trafford ផងដែរ ចាប់តាំងពី​ឆ្នាំ​១៩៦៥​មក​។​
 
​អតីត​ខ្សែបម្រើ​ឆ្នើម សញ្ជាតិ​អង់គ្លេស វ័យ​៤១​ឆ្នាំ​បាន​ចាក​ចេញពី Derby County ដើម្បី​មក​ជំនួស​តំណែង​លោក Maurizio Sarri ដែល​ផ្លាស់​ទៅ Juventus ដោយ​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។​
 
​ស្របពេល​ការបង្ហាញ​ខ្លួន​ដំបូង​ជាមួយ​លទ្ធផល​ដ៏​អាក្រក់​នេះ Chelsea បាន​បាត់បង់​សមាជិក​សំខាន់​របស់ខ្លួន Eden Hazard ដែល​ចាក់​ចេញទៅ​ចូលរួម​ជាមួយ Real Madrid​។ អ្វីដែល​លំបាក​ជាងនេះទៅទៀត​នោះ ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​មួយ​នេះ​ថែមទាំង​ត្រូវ​ហាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​ពេញ​មួយ​រដូវ​កាល​នេះ​ទៀតផង​។​


លោក Chris Sutton អតីតសមាជិកជម្រើសជាតិអង់គ្លេស ដែលសព្វជាអ្នកវិភាគបាល់ទាត់ឲ្យ BBC និង BT Sport
 
​លោក Chris Sutton ដែល​សព្វ​ថ្ងៃជា​អ្នកវិភាគ​កីឡាបាល់ទាត់​ឲ្យ​កម្មវិធី​ទូរទស្សន៍ BBC និង BT Sport មើលឃើញ​ស្ថានភាព​របស់​ក្រុម Chelsea នៅពេលនេះ​មិន​ខុស​អ្វី​ពី​មាន​ទូក​ហើយ​ខ្វះ​អ្នក​អុំ​នោះទេ​។ នេះ​មានន័យថា​ក្រុម​ដែលមាន​ម្ចាស់​ជា​សេដ្ឋី​រុស្ស៊ី​នេះ ត្រូវធ្វើ​ការងារ​ច្រើន​ដូចជា​ដណ្តើមពាន​លី​គ​កំពូល​អង់គ្លេស និង​ពាន​កំពូល​អឺរ៉ុប Champions League តែ​មិនសូវមាន​ធនធាន​កីឡាករ​ល្អ​។ 
 
«​នេះ​ប្រៀបបាន​ដូចជា​ការឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​ចែវ​ទូក​នៅ​កីឡា​អូឡាំពិក ហើយ​ត្រូវ​ស្វែងរក​កីឡាករ​មក​ប្រកួត​ដណ្តើមពាន​អ៊ីចឹង​ដែរ​។ ហើយ​នេះ​ដូចជា​អ្នក​កំពុង​បាត់បង់​អ្នក​ចែវ​ឆ្នើម​ដូច​លោក Steve Redgrave ដែល​ម្ចាស់​មេដាយមាស​អូឡាំពិក​៥​ដូចគ្នា​»​។​
 
​លោក Sutton បាន​បន្ត​ប្រាប់ BBC ទៀតថា​៖« Lampard មានការ​ងារ​ធ្វើ​មួយ​ដ៏​អាក្រក់​បំផុត​នៅ​រដូវ​កាល​ដំបូង​នេះ បន្ទាប់ពី​ក្រុម​បាន​បាត់បង់​កីឡាករ​ឆ្នើម​របស់​ពួកគេ​។ Hazard បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​ឲ្យ Chelsea ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពេលនេះ​គាត់​ចាកចេញ ហើយ​ក្លិប​ក៏​មិនអាច​នាំ​កីឡាករ​ចូល​ទៀត​។​
 
​ក្រោយ​បាត់បង់​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្ស៊ិក Hazard និង​ខ្សែការពារ David Luiz ដែល​លក់​ទៅ Arsenal ក្រុ​តោ​ខៀវ​ប្រើប្រាស់​កីឡាករ​ចំណូល​ថ្មី​តែមួយ​រូប​ប៉ុណ្ណោះ​គឺ​ខ្សែបម្រើ Christian Pulisic ដែល​ទិញ​មុនពេល UEFA ដាក់ពិន័យ​ពី​ក្រុម Borussia Dortmund កាលពី​ខែមករា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com