ធ្វើបាតុកម្ម​រាប់​ខែ​មកនេះ​! តើ​អ្វី​ជាការ​ទាមទារ​របស់​ក្រុមបាតុករ​ហុងកុង​?
អន្តរជាតិ
ធ្វើបាតុកម្ម​រាប់​ខែ​មកនេះ​! តើ​អ្វី​ជាការ​ទាមទារ​របស់​ក្រុមបាតុករ​ហុងកុង​?
13, Aug 2019 , 4:05 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
​ទីក្រុង​ហុងកុង មាន​ភាព​រង្គោះរង្គើ​ជាខ្លាំង ដោយសារ​រង​ការធ្វើ​បាតុកម្ម​ផ្ទួនៗ​ជាច្រើន ចាប់​តាំង​ដើមខែ​មិថុនា​មក ពោលគឺ​ឈាន​មកដល់​សប្តាហ៍​ទី​១០​ហើយ​។ ជា​ញឹកញាប់ បាតុកម្ម​ទាំងនេះ បញ្ចប់​ដោយ​ការប៉ះទង្គិច​ហិង្សា​រវាង​កម្លាំង​ប៉ូលិស​ហុងកុង និង​ក្រុមបាតុករ ដែល​សុទ្ធតែ​យុវជន អ្នកចេះដឹង និង​ក្រុម​វណ្ណៈ​កណ្តាល ។​

 
​និយាយ​ពី​ដើមចម​នៃ​បាតុកម្ម​នេះ ដំបូង​ឡើយ ការធ្វើ​បាតុកម្ម​នេះ មាន​គោលដៅ​ចម្បង​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ការធ្វើ​បត្យាប័ន​មនុស្ស​ពី​ទីក្រុង ហុងកុង ទៅកាន់​ប្រទេស​ចិន​។ នៅ​ទីនោះ គេ​ជឿថា គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន ក្តោប​ក្តាប់​អំណាចតុលាការ​។ ប្រជាជន​ហុងកុង​ជាច្រើន ព្រួយបារម្ភ​ថា ច្បាប់​នេះ នឹងត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​កម្ចាត់​សត្រូវ​នយោបាយ​។ វា ក៏​នឹង​មានន័យថា ដល់ទី​អវសាន​នៃ​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង «​សិទ្ធិមនុស្ស​» ដែល​ប្រជាជន​ហុងកុង​មាន ចាប់តាំងពី​ការប្រគល់អំណាច​ពី​ចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ចិន កាលពី​ឆ្នាំ​១៩៩៧។​
 
​ប្រជាជន​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំង​សេចក្តីព្រាងច្បាប់​នេះ ដែល​បង្ក​ភាពចលាចល​ជាខ្លាំង​ក្នុង​ទីក្រុង ហុងកុង​។ បាតុកម្ម​នេះ បាន​ប្តូរ​រូបភាព​ពី​ការធ្វើ​ប្រចាំ​សប្តាហ៍ ទៅ​ការធ្វើ​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​តែម្តង​។ ជាការ​ទប់ទល់​នឹង​បាតុកម្ម​នេះ កម្លាំង​ប៉ូលិស​ហុងកុង បាន​ប្រើប្រាស់​ធម៌​ក្តៅ​រួមមាន​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ជាដើម​។ 
 
​សំណើ​ច្បាប់​ដែល​បើកផ្លូវ​ដល់​ការធ្វើការ​បត្យាប័ន​ជាមួយ​ចិន​ដោយ​គ្មាន​ការកំណត់ ត្រូវបាន​ផ្អាក​ដោយ​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី Carrie Lam កាលពី​ពាក់កណ្តាល់​ខែមិថុនា​។ ប៉ុន្តែ​ក្រុមបាតុករ នៅតែ​បន្ត​ទាមទារ​ឲ្យ​សេចក្តីព្រាងច្បាប់​ដែល​ត្រូវបាន​ដាក់​ស្នើ​ដោយ​រដ្ឋាភិបាល​ហុងកុង កាលពី​ខែ​កុ​ម្ភះ​នេះ ត្រូវ​លុបចោល​ជា​ផ្លូវការ​ទាំងស្រុង​តែម្តង​។ បន្ថែម​ពី​ការទាមទារ​ឲ្យ​លោកស្រី Carrie Lam ចុះ​ចេញពី​តំណែង ខាងក្រោម​នេះ គឺជា​ទាមទារ​ផ្សេងទៀត​របស់​ពួកគេ​។ 
 
១៖ លុបចោល​ទាំងស្រុង​នូវ​សេចក្តីព្រាង​ការធ្វើ​បត្យាប័ន ដែល​បានដាក់​ស្នើ​។ 
២៖ រដ្ឋាភិបាល​ត្រូវ​ដកហូត​ទៅវិញ​នូវ​ការប្រើ​ពាក្យ​ថា «​កុប្បកម្ម​» ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​
៣៖ ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ​នូវ​ក្រុមបាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​បទចោទប្រកាន់​ប្រឆាំង​ពួកគេ​
៤៖ បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​លើ​ឥរិយាបថ​របស់​កម្លាំង​ប៉ូលិស អំឡុងពេល​បាតុកម្ម 
៥៖ អនុវត្ត​សិទ្ធិ​បោះឆ្នោត​ជា​សាកល​ដែល​ពិតប្រាកដ​មួយ​៕​
 
អត្ថបទទាក់ទង
 
 

Tag:
 ហុងកុង​
  ចិន​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com