លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង​ក្មួយ ត្រូវ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ ពីបទ​នាំ​ពលករ​ខ្មែរ​ទៅ​បរទេស​ខុសច្បាប់​
ជាតិ
សង្គមជាតិ
លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង​ក្មួយ ត្រូវ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ ពីបទ​នាំ​ពលករ​ខ្មែរ​ទៅ​បរទេស​ខុសច្បាប់​
13, Aug 2019 , 4:17 pm        
រូបភាព
លោក អះម៉ាត់ យ៉ះយ៉ា ចូលបំភ្លឺនៅតុលាការភ្នំពេញកន្លងមក
លោក អះម៉ាត់ យ៉ះយ៉ា ចូលបំភ្លឺនៅតុលាការភ្នំពេញកន្លងមក
ដោយ: ថ្មីៗ
​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយ​ផ្តន្ទាទោស​លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ក្មួយប្រុស​របស់លោក​ឈ្មោះ អ៊ី​ស្មា​អែល​ពិន អូស្ម័ន ឲ្យ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​ក្នុង​ម្នាក់ៗ ពី​អំពើ​លួច​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​អារ៉ា​ប៊ី​សា​អូឌីត​ដោយ​ខុសច្បាប់​។


 
​ក្រៅពី​ទោស​ជាប់ពន្ធនាគារ ចៅក្រម ថែមទាំង​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ បង់​ថវិកា​២០០​លានរៀល​ទៅ​ឲ្យ​ជនរងគ្រោះ​។ អ្នក​ទាំងពីរ ត្រូវបាន​ចោទប្រកាន់ តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ការឆ្លង​ដែន តាម​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ 
 
​លោក សួស វិទ្យា​រ៉ា​ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រោយ​ប្រកាស​សាលក្រម​រួច ចៅក្រម​ក៏​បង្គាប់​សមត្ថកិច្ច ឲ្យ​នាំ​អ្នក​ទាំងពីរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១)​។ 
 
​ជនរងគ្រោះ​ពីរ​នាក់ ដែល​ត្រូវបាន​នាំទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សា​អូឌីត ត្រូវបាន​រាយការណ៍​ថា រង​ការបំពាន និង​ការ​ធ្វើបាប​ពី​ម្ចាស់ផ្ទះ​និង​ថៅកែ តែ​ក្រោយមក ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​បានមក​កម្ពុជា​វិញ​។​
 
​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវបាន​បញ្ចប់​តំណែង​ពី​រដ្ឋលេខាធិការក្រសួងសង្គមកិច្ច កាលពី​ខែកញ្ញា ឆ្នាំ​២០១៧៕ 
 

Tag:
 អះ​ម៉ាត់ យ៉ះ​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com