ជាតិ
កម្ពុជាត្រូវការកម្លាំងពលកម្មទេសចរណ៍យ៉ាងហោចណាស់១លាននាក់នៅឆ្នាំ២០២០ លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលសិក្ខាមលើជំនាញទេសចរណ៍នៅសណ្ឋាគារភ្នំពេញកាលនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
× ភ្នំពេញ៖ ឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួន២០ម៉ឺននាក់ទៀត ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរដែលជាជនជាតិចិន។ បើតាមលោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បច្ចុប្បន្ន អ្នកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍មានប្រមាណតែ២០ភាគរយប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១២សីហា។
លោកបានបន្ថែមថា ភ្ញៀវទេសចរចិន គឺជាទីផ្សារលំដាប់លេខមួយរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ កាលឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរចិនចំនួន២លាននាក់ កើនឡើង ៣៣ភាគរយ។ ដោយឡែក នៅឆមាសទីមួយឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរចិនចំនួន ១លាននិង២៩ម៉ឺននាក់ កើនឡើង ៣៨,៧ភាគរយ ហើយនឹងកើនឡើងដល់ ២,៦លាននាក់ នៅបំណាច់ឆ្នាំ២០១៩ និង៣លាននាក់ នៅឆ្នាំ២០២០។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ថា កម្លាំងពលកម្មដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្នមានចំនួន៦០ម៉ឺននាក់ ហើយឆ្នាំ២០២០ កម្ពុជា ត្រូវការកម្លាំងពលកម្មរហូតជិត១លាននាក់ ដើម្បីបំពេញការងារនានាក្នុងវិស័យនេះ។ ក្នុងនោះផងដែរ យ៉ាងហោចណាស់មាន៥០ភាគរយនៃចំនួនកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍សរុប ចាំបាច់ត្រូវមានជំនាញមួយឱ្យច្បាស់លាស់។ ពោលមនុស្សម្នាក់ គឺត្រូវមានជំនាញមួយឱ្យបានច្បាស់លាស់ ក្នុងវិស័យទេសចរណ៍។
កាលឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើង ១០.៧ភាគរយ និងនាំមកនូវប្រាក់ចំណូលប្រមាណ៤,៣៥៦លានដុល្លារ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ហើយនៅឆ្នាំ២០២០ ប្រមាណជាង៧លាននាក់៕
Tag:
ទេសចរណ៍
ចិន
ពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com