ជាតិ
​អាជ្ញាធរ​អប្សរា​ឲ្យ​បញ្ឈប់​សកម្មភាព​ផឹកស៊ី ក្រាលកន្ទេល និង​ចង​អង្រឹង​នៅ​បរិវេណ​អង្គរ​
13, Aug 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ឱ្យ​ក្រុមអាជីវករ​នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាលស្មៅ​តា​មក​សិន្ធុ​អង្គរវត្ត​ទាំងអស់ បញ្ឈប់​សកម្មភាព​លក់​ដូរ​ទាំងស្រុង​របស់ខ្លួន ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​។ អាជ្ញាធរ​ទុក​រយៈពេល​៤៥​ថ្ងៃ សម្រាប់​ឱ្យ​អាជីវកម្ម​បញ្ឈប់​សកម្មភាព​ខ្លួន​នេះ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ សីហា​។​

 
​អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្កេតឃើញថា សកម្មភាព​អាជីវកម្ម​ក្រាលកន្ទេល និង​ចង​អង្រឹង​នៅ​បរិវេណ​ខាងលើ សម្រាប់​ជាការ​អង្គុយ​ហូប​អាហារ​និង​លំហែកាយ​របស់​សាធារណជន​នោះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ត​ម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​រមណីយដ្ឋាន​អង្គរ​។ ក្នុង​សេចក្ដីជូនដំណឹង​ដដែល បាន​រំឭកថា ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ធ្លាប់បាន​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះដែរ ប៉ុន្តែ​ក្រុមអាជីវករ និង​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ទៅ​អង្គុយ​នៅ​ទីនោះ នៅតែ​បន្ត​ប្រព្រឹត្ត​ខុស​ការណែនាំ ដោយ​មិន​ខ្វល់​ពី​បម្រាម​ឡើយ​។​
 
​សេចក្ដីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បាន​បញ្ជាក់ថា ដើម្បី​លើកកម្ពស់​និង​តម្លៃ​របស់​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​កិត្តិយស​ជាតិ អាជ្ញាធរ​ទុកពេល​ឱ្យ​ក្រុមអាជីវករ​ទាំងអស់​នៅ​ទីតាំង​ខាងលើ​រយៈពេល​៤៥​ថ្ងៃ ដោយ​ត្រូវ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ​នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។ អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ថា ករណី​នៅ​បន្តសកម្មភាព​បែបនេះ​ទៀត ខ្លួន​នឹងមាន​ចំណាត់ការ​រដ្ឋបាល​តាម​រយៈ​ការ​រឹបអូស​សម្ភារ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ណាមួយ​ឡើយ​។​
 
​គួរ​បញ្ជាក់ថា វាលស្មៅ​មុន​ប្រាសាទអង្គរវត្ត បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​សាធារណជន​មួយចំនួន ដែល​ចូលចិត្ត​អង្គុយ​ហូប​អាហារ​ជុំគ្នា​រាល់ពេល​ល្ងាច​។ ហើយ​ការពេញនិយម​នេះ បានធ្វើឱ្យ​ក្រុមអាជីវករ​បាន​ប្រជែង​គ្នា​ដាក់​កន្ទេល​និង​អង្រឹង ស្របទៅតាម​តម្រូវការ​របស់​ភ្ញៀវ​៕

Tag:
 ក្រាលកន្ទេល​
  វាលស្មៅ​អង្គរវត្ត​
  ត្រពាំង​សេស​
© រក្សាសិទ្ធិដោយ thmeythmey.com