ជាតិ
អាជ្ញាធរអប្សរាឲ្យបញ្ឈប់សកម្មភាពផឹកស៊ី ក្រាលកន្ទេល និងចងអង្រឹងនៅបរិវេណអង្គរ
× សៀមរាប៖ អាជ្ញាធរជាតិអប្សរា សម្រេចឱ្យក្រុមអាជីវករនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅតាមកសិន្ធុអង្គរវត្តទាំងអស់ បញ្ឈប់សកម្មភាពលក់ដូរទាំងស្រុងរបស់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់វប្បធម៌ជាតិ។ អាជ្ញាធរទុករយៈពេល៤៥ថ្ងៃ សម្រាប់ឱ្យអាជីវកម្មបញ្ឈប់សកម្មភាពខ្លួននេះ។ នេះបើយោងតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា ដែលចេញផ្សាយនៅថ្ងៃទី១៣ សីហា។
អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា សកម្មភាពអាជីវកម្មក្រាលកន្ទេល និងចងអង្រឹងនៅបរិវេណខាងលើ សម្រាប់ជាការអង្គុយហូបអាហារនិងលំហែកាយរបស់សាធារណជននោះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈនៃរមណីយដ្ឋានអង្គរ។ ក្នុងសេចក្ដីជូនដំណឹងដដែល បានរំឭកថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ធ្លាប់បានណែនាំឱ្យបញ្ឈប់សកម្មភាពនេះដែរ ប៉ុន្តែក្រុមអាជីវករ និងភ្ញៀវទេសចរដែលចូលចិត្តទៅអង្គុយនៅទីនោះ នៅតែបន្តប្រព្រឹត្តខុសការណែនាំ ដោយមិនខ្វល់ពីបម្រាមឡើយ។
សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយអគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់និងតម្លៃរបស់រមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ អាជ្ញាធរទុកពេលឱ្យក្រុមអាជីវករទាំងអស់នៅទីតាំងខាងលើរយៈពេល៤៥ថ្ងៃ ដោយត្រូវបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរាព្រមានថា ករណីនៅបន្តសកម្មភាពបែបនេះទៀត ខ្លួននឹងមានចំណាត់ការរដ្ឋបាលតាមរយៈការរឹបអូសសម្ភារ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ។
គួរបញ្ជាក់ថា វាលស្មៅមុនប្រាសាទអង្គរវត្ត បានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់សាធារណជនមួយចំនួន ដែលចូលចិត្តអង្គុយហូបអាហារជុំគ្នារាល់ពេលល្ងាច។ ហើយការពេញនិយមនេះ បានធ្វើឱ្យក្រុមអាជីវករបានប្រជែងគ្នាដាក់កន្ទេលនិងអង្រឹង ស្របទៅតាមតម្រូវការរបស់ភ្ញៀវ៕
Tag:
ក្រាលកន្ទេល
វាលស្មៅអង្គរវត្ត
ត្រពាំងសេស
© រក្សាសិទ្ធិដោយ thmeythmey.com