ONE Championship
កីឡាជាតិ
ជាតិ
មានការ​គាំទ្រ​ពី​គ្រួសារ​នាំ​ឲ្យ Asha Roka ក្លាយជា​អ្នកលេង​គុន​ចម្រុះ​លេចធ្លោ​បំផុត​នៅ​ឥណ្ឌា
13, Aug 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាការិនី​ប្រដាល់ Asha  Roka រហស្សនាម «Knockout Queen» បាន​សម្ដែង​ភាព​រីករាយ​បំផុត​ពេល​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE CHAPIONSHIP 2019​។ កីឡាការិនី​ប្រដាល់​ជើងឯក​ប្រចាំ​ប្រទេស​ឥណ្ឌា ឈាន​ជើង​ចូល​សង្វៀន ONE ដោយមាន​ទំនុកចិត្ត​បន្ទាប់ពី​ឈ្នះ​៤​លើក​ជាប់​គ្នា​ចុងក្រោយ​ក្នុងការ​ប្រកួត​ក្បាច់គុន​ចម្រុះ​។


 
​កីឡាការិនី​មកពី​ប្រទេស​ឥណ្ឌា ត្រូវ​ប្រឈម​នឹង កីឡាការិនី Stamp Fairtex ម្ចាស់​ខ្សែក្រវាត់ ONE World Champion ពីរ​ស្ថាប័ន​នៅ​សង្វៀន ONE: DREAMS OF GOLD​។ កំណត់ត្រា​ដ៏​ល្អ​នេះ​អាច​នាំ​ឲ្យ Roka បង្ក​ផល​លំបាក​ក្នុង​ដំណើរការ​ការពារ​ខ្សែក្រវាត់​លំដាប់​ពិភពលោក​លើក​ទី​៣​របស់ខ្លួន​។ មុន​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​ទី ១៦ សីហា នា​ក្រុង​បាងកក ប្រទេស​ថៃ កីឡាការិនី​វ័យ​២០​ឆ្នាំ បាន​រៀបរាប់​ដើមចម​ដែល​ធ្វើ​ឲ្យ​រូបគេ​ឈានដល់​កម្រិត​អន្តរជាតិ​។ Roka មកពី ក្រុង Bhopal និង​មាន​ឈាមជ័រ​ពី​នេ​ប៉ាល់​ផង​។ Roka ធំធាត់​នៅ​រដ្ឋ Madhya Pradesh ជាមួយ​ឪពុកម្ដាយ បងប្រុស និង ប្អូនស្រី​។ 
 
​ឪពុក​របស់​កីឡាការិនី​រូបនេះ​ជា​កម្មករ​នៅ​មន្ទីរពេទ្យ​ប្រចាំ​តំបន់ ហើយ​រស់ក្នុង​ភាព​ខ្សត់ខ្សោយ ប៉ុន្តែ​លោក​មាន​ក្ដី​ស្រលាញ់​ចំពោះ​កីឡា និង តែងតែ​លើកទឹកចិត្ត​ដល់​កូនៗ​ឲ្យ​ហ្វឹកហាត់​កីឡា​។ 
 
«​ខ្ញុំ​បានទទួល​ការគាំទ្រ​ពី​គ្រួសារ​របស់ខ្ញុំ​ព្រោះ​ឳ​ពុក​របស់ខ្ញុំ​តែងតែ​ចូលចិត្ត​កីឡាករ​»​។ កីឡាការិនី​រូបនេះ​ថ្លែង​ដូច្នេះ​។ បងប្រុស​របស់គេ​ជា​អ្នកលេង​កីឡា គ្រី​ក​ឃី​ត ខណៈដែល​រូបគេ​លេង​លេង​បាល់បោះ​នៅ​សាលា​មួយ ហើយ​បងប្អូន​ប្រុស​ស្រី​ទាំង​៣​នាក់​សុទ្ធតែ​ស្រលាញ់​វិស័យ​ប្រដាល់​ដូចគ្នា​។ «​បងប្រុស​ខ្ញុំ​ហាត់​ប្រដាល់ ហើយ​គាត់​ល្អ​ណាស់​ចំពោះ​កីឡាប្រដាល់​។ ថ្ងៃមួយ​ខ្ញុំ​ទៅជា​មួយ​គាត់​ដើម្បី​ចង់ដឹង​អំពី​ក្បាច់គុន​។ ខ្ញុំ​បានឃើញ​នារី និង បុរសៗ​ជាច្រើន​កំពុង​ហាត់​ប្រដាល់​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដិតដាម និង​ទាក់ទាញ ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ចូលរួម​ហាត់​ប្រដាល់​ទៅ​»​។ Roka រៀបរាប់​បែបនេះ​។ 
 
Roka ចាប់ផ្ដើម​ហាត់​ប្រដាល់​នៅ​អាយុ ១១ ឆ្នាំ​នៅ​កីឡដ្ឋាន​មួយកន្លែង ហើយ ទេពកោសល្យ​របស់គេ​ត្រូវបាន​កត់សម្គាល់​ដោយ​គ្រូបង្វឹក​។ លើសពីនេះ Roka តែងតែ​ចូលចិត្ត​ក្បាច់គុន ហើយ​គ្រូបង្វឹក​ម្នាក់​ក៏​នាំ​ឲ្យ​រូបគេ​ហ្វឹកហាត់​ក្បាច់គុន​វូ​ស៊ូ​។ «​ខ្ញុំ​ធ្វើ​បានល្អ​ណាស់​ចំពោះ​ការហាត់​វូ​ស៊ូ នៅ​ថ្ងៃ​ដំបូង​ពេល​គ្រូបង្វឹក​ហៅ​ខ្ញុំ​ទៅ​។ ពេល​ហាត់​នោះ​ចំពេល​ការហ្វឹកហាត់​ប្រដាល់​របស់ខ្ញុំ​ចាប់ផ្ដើម​ដែរ​»​។ កីឡាការិនី​វ័យក្មេង​រូបនេះ មានការ​តាំងចិត្ត​ខ្ពស់​ចំពោះ​ការហ្វឹកហាត់ ហើយ​មិនយូរប៉ុន្មាន​ក៏មាន​ឈ្មោះ​ចូល​ហ្វឹកហាត់​ក្រុម​ប្រដាល់​ក្នុង​រដ្ឋ​របស់ខ្លួន​។ កីឡាការិនី​ដដែល​ប្រឹង​ជម្នះ​ក្នុងការ​ប្រកួត​ដ៏​លំបាក​ដើម្បី​ជាប់​ឈ្មោះ​។ «Knockout Queen» ក៏​ស្ថិតក្នុង​បញ្ជី​ដែលមាន​ការប្រកួត​ថ្នាក់ជាតិ អន្តរជាតិ និង ដណ្ដើម​ជើងឯក​កម្រិត​ពិភពលោក​។ ទីបំផុត Roka ឈ្នះ​មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​នៅ​ប្រទេស ប៊ុលហ្គារី ឆ្នាំ ២០១៣​។ 


 
Roka បញ្ជាក់​៖«​ខ្ញុំ​ឈ្នះ​មេដាយ​លើកដំបូង​កម្រិត​អន្តរជាតិ​។ បន្ទាប់មកទៀត​ធំ​បំផុត គឺ ឈ្នះ​ជើងឯក​ពិភពលោក​។​នេះ​ជា​រឿង​សំខាន់ ក្នុងការ​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​។ ខ្ញុំ​ជា​កីឡាការិនី​តែមួយគត់​មកពី​ឥណ្ឌា​ដែល​ឈ្នះ​មេដាយ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​»​។ ជ័យជម្នះ​ទាំងនេះ​មិនអាច​បញ្ឈប់​ក្ដី​ស្រមៃ Roka ក្នុង​ពិភព​កីឡាប្រដាល់​បានទេ​។ ប៉ុន្តែ​រឿង​គួរ​ស្ដាយ ប្រទេស​ឥណ្ឌា​ត្រូវ​ជាប់​បម្រាម ៣ ឆ្នាំ ដូច្នេះ អត់​មានការ​រៀបចំ​ការប្រកួត​ប្រដាល់​នោះទេ​។ ការ​បោះជំរំ​ហ្វឹកហាត់​នៅតែមាន ប៉ុន្តែ​មិនមាន​ការប្រកួត​នោះឡើយ ហើយ Roka បាក់​ទឹកចិត្ត​សម្រាប់​កីឡាប្រដាល់ និង បាត់បង់​ផលប្រយោជន៍​ក្នុង​ពិភព​កីឡាប្រដាល់​នៃ​ប្រទេស​ឥណ្ឌា​ដែរ​។ ក្នុងនោះ ក៏មាន​នយោបាយ​ជាច្រើន​លាយឡំ​ក្នុង​ពិភព​ប្រដាល់​នៅ​ប្រទេស​ឥណ្ឌា​។ 
 
«​ខ្ញុំ​បាន​ទស្សនាការ​ប្រកួត​គុន​ចម្រុះ​នៅតាម​ទូរទស្សន៍ ហើយ​ខ្ញុំ​ចាប់អារម្មណ៍​វា​ខ្លាំង​។ ខ្ញុំ​គិតថា​មិនមែនជា​របាំង​រារាំង​ទេ​បើ​ខ្ញុំ​ព្យាយាម ដូច្នេះ ខ្ញុំ​បាន​សម្រាក​ពី​ប្រដាល់ ហើយ​ហ្វឹកហាត់ គុន​ចម្រុះ​វិញ​»​។ Roka គូសបញ្ជាក់​បន្ថែម​បែបនេះ​។ 
 
​យ៉ាងណាក្ដី អត់​មាន​កន្លែង​ហ្វឹកហាត់​កីឡា​គុន​ចម្រុះ​ទេ​នៅក្នុង​តំបន់​របស់ខ្លួន ដូច្នេះ​កីឡាការិនី​រូបនេះ​បាន​វេច​កាបូប និង ផ្លាស់​ទៅ​ក្រុង Delhi ដែលមាន​ចម្ងាយ​ជាង ៧០០ គីឡូម៉ែត្រ​ពី​ផ្ទះ​។ 
 
​ទន្ទឹមគ្នា​នោះ គ្រួសារ​របស់ខ្លួន​មិន​ពេញ​ចិត្តនឹង​ការសម្រេចចិត្ត​នេះឡើយ ហើយ​ព្យាយាម​ឲ្យ​គេ​គិត​ឡើងវិញ ប៉ុន្តែ គេ​ត្រូវតែ​ជម្នះ​ទោះបី​ជួប​ផល​លំបាក​។ 
 
«Knockout Queen» បាន​រំលឹក​រឿង​ចាស់​ប្រាប់ថា​៖«​ឪពុក​និង​ម្ដាយ​របស់ខ្ញុំ​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​។ ពួក គាត់​ប្រាប់​ខ្ញុំ​ជាច្រើន​ដង​ឲ្យ​ត្រលប់​ទៅវិញ​។ មនុស្ស​ជាច្រើន ក៏​ឲ្យ​ខ្ញុំ​ទៅវិញ ប៉ុន្តែ ខ្ញុំ​នៅតែ​ធ្វើ​នូវ​អ្វីដែល​ខ្ញុំ​ចង់​។ វា​លំបាក​ណាស់​សម្រាប់​ខ្ញុំ​នៅ​ទីនោះ និង​ត្រូវការ​លុយ​ដើម្បី​ហ្វឹកហាត់​។ ខ្ញុំ​ទទួលបាន​លុយ​ពី​គ្រួសារ​ខ្ញុំ តែ​វា​មិន​គ្រប់​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​មាន​មិត្ត​ភ័ក្ដិ​ខ្លះ​នៅ​ទីនោះ ហើយ​ពួកគេ​ជួយ​ខ្ញុំ​។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​ប្រកួត​ក្នុង​គុន​ចម្រុះ​បាន​។ បន្ទាប់មក​គេ​ក៏​ចង់ដឹង​អំពីខ្ញុំ​»​។ ទីបំផុត Roka ទទួលបាន​ការប្រកួត​លើកដំបូង​មើលទៅ​គូប្រជែង​គេ​ខ្លាំង​ជាង និង បទពិសោធន៍​ច្រើន ប៉ុន្តែ Roka វាយ​គូប្រកួត​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ និង ជួយ​ឲ្យ​អាជីព​របស់គេ​ហក់​ឡើង​ខ្ពស់​។ 
 
Roka បច្ចុប្បន្ន​មានកំណត់​ត្រា​អស្ចារ្យ ឈ្នះ ៤ លើក​ជាប់​គ្នា​មិនដែល​ចាញ់​ទេ​ក្នុង​ពិភព​គុន​ចម្រុះ ហើយ​រូបគេ​ត្រលប់​មកកាន់​សង្វៀន​ប្រដាល់​វិញ​ដែរ ក្នុងនោះ ឈ្នះ ៧ ដង​មិនដែល​ចាញ់​សោះ​។ ជើង​ខ្លាំង​វ័យ ២០ ឆ្នាំ​រូបនេះ​បំបាក់​គូប្រជែង​៤​នាក់​ក្នុង​គុន​ចម្រុះ​មិន​ដល់ ៥ នាទី​នោះទេ ហើយ ឥឡូវនេះ​ជា​ពេល​ទន្ទឹងរង់ចាំ​នៃ​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​សង្វៀន​អន្តរជាតិ ONE ដោយ​ត្រូវ​តតាំង​នឹង Stamp​។ នេះ​លីង​វីដេអូ Roka ផ្ដួល​គូប្រកួត​ដ៏​អស្ចារ្យ​កន្លងមក https://www.youtube.com/watch?time_continue=2&v=9_0aVFwOb6k 
 
​កីឡាការិនី​ដដែល​បង្ហាញ​អារម្មណ៍​ថា​៖«​ខ្ញុំ​ពិត​រំភើប​ខ្លាំងណាស់​នៅទីនេះ​ដើម្បី​ចូលរួម​ប្រកួត​នៅ ONE Championship ព្រោះ​វា​ជាស​ង្វៀន​ដ៏​ធំ ជាទី​ដែល​កីឡាករ​-​កីឡាការិនី​អាច​បង្ហាញ​សមត្ថភាព​។ មាន​កីឡាករ​ឥណ្ឌា​ជាច្រើន​ចង់​មក​ប្រកួត​នៅ ONE និង​តំណាង​ប្រទេស​។ ដូច្នេះ​ខ្ញុំ​ទទួល​ឱកាស​នេះ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់កម្លាំង​កាយ​ចិត្ត​»​។ ជើង​ខ្លាំង​មកពី​ឥណ្ឌា​បង្ហាញ​មោទនភាព​ក្នុងនាម​កីឡាការិនី​ដែល​បាន​ចូលរួម​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក​ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​លំដាប់​ពិភពលោក​។ Roka សន្យាថា​នឹង​បង្ហាញ​បច្ចេកទេស​ឲ្យ​ពិភពលោក​បានដឹង​អំពី​កីឡាការិនី​ឥណ្ឌា មិន​អន់​ជាង​កីឡា​កា​រិ​និ​ប្រទេស​ដទៃ​ទេ​។ 
 
​កុំ​ភ្លេច​តាមដាន​ការប្រកួត​គូ​ខ្លាំងៗ​នៅ​សង្វៀន  ONE: DREAMS OF GOLD នា​ថ្ងៃទី ១៦ ខែ សីហា ខាងមុខ​ចាប់ពី​ថ្ងៃ​ម៉ោង ៥:៣០ តទៅ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក  https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com