ជាតិ
សង្គមជាតិ
បាក់​ឌុប​៖ ក្រសួងទេសចរណ៍​ណែ​នាំទៅ​បណ្តា​ម្ចាស់​អាជីវកម្ម កុំ​ដំឡើងថ្លៃ​សេវាកម្ម​
14, Aug 2019 , 7:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១២ ខែសីហា បានចេញ​សេចក្តីណែនាំ​ម្ចាស់​អាជីវកម្ម ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ និង​ម្ចាស់​ផ្ទះជួល ឲ្យ​រក្សា​តម្លៃ​-​គុណភាព​សេវាកម្ម​របស់ខ្លួន នា​អំឡុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​១៩ សីហា ខាងមុខ​។ ក្រសួង​មានបំណង​សម្រួល​បន្ទុក និង​កាត់បន្ថយ​ការចំណាយ​របស់​បេក្ខជន និង​លោកគ្រូ​-​អ្នកគ្រូ​។​

 
​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ទូទាំងប្រទេស ដែល​តម្រូវ​ឲ្យ​បេក្ខជន និង​គ្រូ ត្រូវធ្វើ​ដំណើរ​ទៅ​មណ្ឌល​ប្រឡង ដោយ​អ្នកខ្លះ​ស្ថិតនៅ​ទីតាំង​ឆ្ងាយ ហើយ​ត្រូវការ​ជា​ចាំបាច់​នូវ​មធ្យោបាយ​ធ្វើដំណើរ ការស្នាក់អាស្រ័យ​នៅ​សណ្ឋាគារ ផ្ទះ​ភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬ​បន្ទប់​ជួល​ជាដើម ព្រមទាំង​ចំណាយ​លើ​ការបរិភោគ​ប្រចាំថ្ងៃ​ទៀតផង​។​
 
​ទាក់ទង​នឹង​ករណីនេះ ក្រសួងទេសចរណ៍ បាន​ណែនាំ និង​អំពាវនាវ​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ឲ្យ​រក្សា​កម្រិត​គុណភាព​សេវាកម្ម  ចូលរួម​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ភ្ញៀវ និង​ហាម​ដំឡើងថ្លៃ​សេវាកម្ម​របស់ខ្លួន បើទោះបីជា​អាច​នឹងមាន​តម្រូវការ​កើនឡើង​ខ្លាំង​យ៉ាងណាក៏ដោយ​។​
 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​អះអាងថា បើ​មាន​ករណី​ម្ចាស់​អាជីវកម្ម​ណាមួយ​មិន​អនុ​វត្តមាន​សេចក្តីណែនាំ​ទេនោះ ក្រសួង​នឹងមាន​វិធានការ​ទៅលើ​អ្នក​ទាំងនោះ ជាពិសេស​ករណី​ដំឡើងថ្លៃ​ហួសហេតុ​។​
 
​ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រសួងទេសចរណ៍ នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុងការ​រៀបចំ​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ជួយ​ផ្សព្វផ្សាយ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​
 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយមាន​សិស្ស​ប្រឡង​សរុប​ចំនួន​១១៩,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល (​កើន​៦​មណ្ឌល​)៕

Tag:
 តុ​ប សុភ័ក​
 ​ក្រសួងទេសចរណ៍​
 ​សេវាកម្ម​
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com