ជាតិ
សង្គមជាតិ
បាក់ឌុប៖ ក្រសួងទេសចរណ៍ណែនាំទៅបណ្តាម្ចាស់អាជីវកម្ម កុំដំឡើងថ្លៃសេវាកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែសីហា បានចេញសេចក្តីណែនាំម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និងម្ចាស់ផ្ទះជួល ឲ្យរក្សាតម្លៃ-គុណភាពសេវាកម្មរបស់ខ្លួន នាអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ខាងមុខ។ ក្រសួងមានបំណងសម្រួលបន្ទុក និងកាត់បន្ថយការចំណាយរបស់បេក្ខជន និងលោកគ្រូ-អ្នកគ្រូ។
នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ដែលតម្រូវឲ្យបេក្ខជន និងគ្រូ ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡង ដោយអ្នកខ្លះស្ថិតនៅទីតាំងឆ្ងាយ ហើយត្រូវការជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង។
ទាក់ទងនឹងករណីនេះ ក្រសួងទេសចរណ៍ បានណែនាំ និងអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ ឲ្យរក្សាកម្រិតគុណភាពសេវាកម្ម ចូលរួមរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនភ្ញៀវ និងហាមដំឡើងថ្លៃសេវាកម្មរបស់ខ្លួន បើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក៏ដោយ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានអះអាងថា បើមានករណីម្ចាស់អាជីវកម្មណាមួយមិនអនុវត្តមានសេចក្តីណែនាំទេនោះ ក្រសួងនឹងមានវិធានការទៅលើអ្នកទាំងនោះ ជាពិសេសករណីដំឡើងថ្លៃហួសហេតុ។
ដើម្បីឲ្យដំណើរការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងអប់រំ ក្នុងការរៀបចំឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តជួយផ្សព្វផ្សាយដល់គ្រប់មូលដ្ឋានអាជីវកម្មទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវ។ នេះបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយមានសិស្សប្រឡងសរុបចំនួន១១៩,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ៤៥,៤១៤នាក់(ស្រី២,៥៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧៣,៨០៣នាក់ (ស្រី៣៥,៥៣៨នាក់)។ មណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល (កើន៦មណ្ឌល)៕
Tag:
តុប សុភ័ក
ក្រសួងទេសចរណ៍
សេវាកម្ម
បាក់ឌុប
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com