អន្តរជាតិ
តៃវ៉ាន់ យក​ការិយាល័យ​ប្រធានាធិបតី​ធ្វើ​សណ្ឋាគារ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​
14, Aug 2019 , 8:29 am        
រូបភាព
អាគារការិយាល័យប្រធានាធិបតីតៃវ៉ាន់។ រូបភាព Taiwan News
អាគារការិយាល័យប្រធានាធិបតីតៃវ៉ាន់។ រូបភាព Taiwan News
​ជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក តៃវ៉ាន់ នឹង​បើក​ការិយាល័យ​ប្រធានាធិបតី​ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។ ការផ្ដល់​សេវាកម្ម​កម្រិត​ខ្ពស់​នេះ ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ ខណៈដែល​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​នេះ រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​បំរាម​របស់​ចិន​ក្នុងការ​រឹតត្បិត​ការធ្វើដំណើរ​ឯកជនរ​បស់​ប្រជាជន​ដីគោក​ទៅកាន់​កោះ​មួយ​នេះ​។ តៃវ៉ាន​រំពឹងថា កម្មវិធី​នេះ នឹង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​ទេស​ចរ​មិន​ខាន​។​

 
​ការ​ស្នាក់នៅ​បែប​ប្រធានាធិបតី​! នេះ​ជា​សេវាកម្ម​ថ្មី​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅកាន់​ដែន​កោះ​មួយ​នេះ ស្របពេល​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​ចិនដីគោក ដែល​ហាមឃាត់​ប្រជាជន​ខ្លួន​ធ្វើដំណើរ​ទៅកាន់​កោះ​នេះ​តែម្នាក់ឯង​។ 
 
«​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​មក​ទស្សនា​តៃវ៉ាន់ និង​ទទួលយក​បទពិសោធ​នៃ​ភាពកក់ក្ដៅ និង​បដិសណ្ឋារកិច្ច​របស់​ប្រជាជន​តៃវ៉ាន់​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​តៃវ៉ាន់​Tsai Ing-wen ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស ហើយ​បន្ថែមថា​៖ «​បើ​មកដល់​តៃវ៉ាន់​ហើយ ហេតុអ្វី​មិន​ធ្វើជា​ភ្ញៀវ​របស់ខ្ញុំ ហើយ​ចំណាយពេល​ស្នាក់នៅ​អាគារ​ការិយាល័យ​របស់​ប្រធានាធិបតី​?»
 
​ក្នុង​កម្មវិធី​ថ្មី​នេះ ភ្ញៀវទេសចរ​ចំនួន​២០​នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​ស្នាក់​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​ចំណាស់​១០០​ឆ្នាំ​ក្នុង​ទីក្រុង​តៃប៉ិ ដោយ​មិន​អស់​លុយ​មួយ​សេន​ឡើយ​។ លើសពីនោះ ភ្ញៀវទេសចរ​ដែល​ត្រូវបាន​អញ្ជើញ​ក៏​អាច​ចូលរួម​ក្នុង​ពិធី​បង្ហូតទង់ជាតិ​ដែល​ចាប់ផ្ដើម​នៅ​ម៉ោង​៥​កន្លះ​ព្រឹក​ផងដែរ​។ អ្នក​ចាប់អារម្មណ៍ ត្រូវបាន​មាន​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើង មិនមែនជា​ជនជាតិ​តៃវ៉ាន់ ត្រូវដាក់​គម្រោង​ធ្វើដំណើរ និង​ថត​វីដេអូ​ដ៏​ទាក់ទាញ​មួយ​។ 
 
​ការទទួល​ពាក្យ ធ្វើ​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​៣១ ខែសីហា​។ ឯ​កម្មវិធី​ស្នាក់នៅ នឹង​ចាប់ផ្ដើម​នៅ​ខែតុលា​ខាងមុខ​។ លោក Xavier Chang អ្នកនាំពាក្យ​ប្រធានាធិបតី​តៃវ៉ាន់ និយាយថា កម្មវិធី​នេះ ជា​រឿង​មិន​ធ្លាប់មាន​ពី​មក​ឡើយ​នៅលើ​ពិភពលោក ហើយ​គោលដៅ គឺ​ការបង្ហាញ​ពី​សេរីភាព ប្រជាធិបតេយ្យ និង​ការបើកចំហ​របស់​តៃវ៉ាន់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការបើក​ការិយាល័យ​មេដឹកនាំ​ប្រទេស​ស្វាគមន៍​សាធារណជន​បែបនេះ ជា​យុទ្ធសាស្ត្រ​ពិសេស​របស់​តៃវ៉ាន់ ដែល​កំពុង​ជួបប្រទះ​ការធ្លាក់​ចំនួន​ភ្ញៀវទេសចរ​ដីគោក​។ ក្រោយ​ការឡើង​កាន់តំណែង​រប​ស់លោក​ស្រី Tsai នៅ​ឆ្នាំ​២០១៦ ចំនួន​អ្នកទេសចរ​ចិន​ទៅកាន់​តៃវ៉ាន់ បាន​ធ្លាក់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​រហូតដល់​តៃវ៉ាន់​ចោទ​រដ្ឋាភិបាល​ប៉េកាំង​ថា ប្រើ​ទេសចរ​ចិន​ដើម្បី​គំរាម​ខ្លួន​ទៀតផង​។ កាន់តែ​ធ្ងន់ធ្ងរ ចិន​ទើប​ចេញ​បំរាម​ហាម​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ទៅកាន់​តៃវ៉ាន់​ម្នាក់​ទៀតផង​៕  

Tag:
 ​ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com