ONE Championship
កីឡាជាតិ
ជាតិ
គង់ សំបូរ​៖ សង្វៀន ONE ជាការ​ប្រកួត​ដ៏​ធំ​បំផុត​របស់ខ្លួន និង​ជា​កន្លែង​អភិវឌ្ឍន៍​កីឡាករ​ខ្មែរ​
14, Aug 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​សង្វៀន ONE Championship កំពុង​ទទួល​បានការ​គាំទ្រ​នៅ​ទ្វីបអាស៊ី អាមេរិក និង​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ ក្នុងនោះ​អ្នកលេង​គុន​ខ្មែរ គង់ សំបូរ មកពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប បាន​បង្ហើប​ថា ONE ជាស​ង្វៀន​ធំ​បំផុត និង មាន​មោទនភាព​ក្រៃលែង​ដែល​បាន​ឡើង​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​។ មួយទៀត វា​ជាទី​ដែល​កីឡាករ​ខ្មែរ​អភិវឌ្ឍ​ខ្លួន ព្រោះ​សម្បូរ​ដោយ​គូប្រកួត​កម្រិត​កំពូល​ជាច្រើន​ដែល​ត្រូវតែ​រៀនសូត្រ​តាម​។


 
​គង់ សំបូរ ថ្លែងថា ៖«​ក្នុង​ជីវិត​ខ្ញុំ​លើក​ទី​១​ហើយ​ដែល​បាន​ជាន់​រេញ​លំដាប់​ពិភពលោក ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​។ ហើយ ONE ជាស​ង្វៀន​ធំ​បំផុត​សម្រាប់​កីឡាករ​ខ្មែរ​យើង​ដែរ និង ជួយ​ឲ្យ​កីឡាករ​យើង​រួមទាំង ខ្ញុំ​អភិវឌ្ឍ​ខ្លួន​កាន់តែ​ល្អ​។ បើ​កីឡាករ​ខ្មែរ​យើង​បាន​ឡើង​ប្រកួត Kickboxing កាន់តែច្រើន នោះ​រីកចម្រើន​ជាង​មុន ព្រោះ​កីឡាករ​កំពូល ៗ​ប្រមូលផ្ដុំ​នៅ​សង្វៀន​នេះ​»​។ 
​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​ទើប​ឡើង​សង្វៀន ONE តែម្ដង​គត់​ពេល​ចាញ់​កីឡាករ​ចិន Zhang Chenlong កាល​ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ ប៉ុន្តែ រូបគេ​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេដង​ក្រោម​ការ​បង្វឹក​របស់លោក ជា រិ​ទ្ធ​។ បច្ចុប្បន្ននេះ សំបូរ ទទួលស្គាល់ថា​កម្លាំងរ​បស់​ខ្លួន​ល្អ​ជាង​មុន​ឆ្ងាយ​។ ប៉ុន្តែ​អ្វី​គួរ​សោកស្ដាយ​កីឡាករ​មកពី​ខេត្តសៀមរាប​រូបនេះ​ចាញ់​កីឡាករ​ថៃ​កាល​ដើម ខែ សីហា កន្លង ទៅដោយ​សារ​វ៉ៃ​ចង់​ឈ្នះ​ពេក ហើយ​សម្រុកចូល​បុក​កីឡាករ​ថៃ​តាំងពីរ​ដើម​ទឹក ប៉ុន្តែ​ភ្លាត់ស្នៀត​ត្រូវ​កីឡាករ រិទ្ធី​ដេ​ត ទាត់​ចំ​កញ្ចឹងក​ឆ្វេង​បណ្ដាល​ឲ្យ​សន្លប់​។ 


 
​សំបូរ សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ឡើង​សង្វៀន ONE ម្ដងទៀត​នៅ​ថ្ងៃ​ណាមួយ​។ កន្លងទៅ ខ្ញុំ​ទទួលរង​ការរិះគន់​ច្រើន​ថា​ពីមុន​ខ្ញុំ​វ៉ៃ​ដកថយ មិន​ចូល​...​វ៉ៃ​រត់​ជាដើម​។ តែ​ពេលនេះ​ខ្ញុំ​បាន​កែប្រែ​ជំហរ​ដើម្បី​ប្រកួត និង បុក​ចូល គឺ ដើរចូល​វ៉ៃ​តែម្ដង និង​ផ្លាស់ប្ដូ​រតិ​កនិក​ជាច្រើន​។ ខ្ញុំ​កែប្រែ​ពាក្យរិះគន់​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរឡើង​»​។ អតីត​កូនសិស្ស​នៅ​ក្លិប​ការពារជាតិ​សង្កត់ធ្ងន់​ទៀត​បែបនេះ​៖«​ពេល​ខ្ញុំ​វ៉ៃ​នៅ ONE ខ្ញុំ​ថយ​មែន ប៉ុន្តែ​ឥឡូវ​ខ្ញុំ​លែង​បែប​ហ្នឹង​ទៀតហើយ​។ គ្រូ​របស់ខ្ញុំ​ប្រាប់ថា បើ​យើង​ដាក់ចិត្ត​វ៉ៃ កុំ​ខ្លាច គឺ វ៉ៃ​ឲ្យ​ល្អមើល​ទោះ សន្លប់​ក៏​សន្លប់​ទៅ បើ​ចាញ់​ក៏​ចាញ់​ទៅ​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​រីកចម្រើន​ខ្លាំង​ខាង​ស្មារតី ហើយ​ខ្ញុំ​ចង់​ឲ្យ ONE ឃើញ​ខ្ញុំ​វ៉ៃ​ល្អមើល​។ ខ្ញុំ​សង្ឃឹមថា គេ​នឹង​ហៅ​ខ្ញុំ​ម្ដងទៀត​»​។ 
 
«​គង់ សំបូរ ឥឡូវ​ហ្វឹកហាត់​ខ្លាំង និង ខំ​ណាស់ ព្រោះ​ខ្ញុំ​តែងតែ​លើកទឹកចិត្ត​គេ​ច្រើន​។ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ការលើកទឹកចិត្ត​។ ពី​ផ្សេង​ដែល គង់ សំបូរ វ៉ៃ​ថយ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​កែ​ច្រើន និង​ល្អ​ជាង​មុន​ជាពិសេស​ក្បាច់​មួយ​ពីរ និង​បម្លាស់​ទី​»​។ នេះ​ជាការ​បង្ហើប​ឲ្យ​ដឹង​ពី​សំណាក់ គ្រូបង្វឹក ជា រិ​ទ្ធ​។ 
 
​គ្រូបង្វឹក​ដដែល​រៀបរាប់ថា តាំងពី​ប្រកួត​នៅ ONE មក សំបូរ ហាក់​បើកភ្នែក​ភ្លឺ​តែម្ដង និង មានការ​តាំងចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ព្រោះ​វា​ជាស​ង្វៀន​ធំ និង សមត្ថភាព​គូប្រកួត​សុទ្ធតែ​ខ្លាំងៗ​។ លោក​ផ្ដល់​គំនិត​ដល់​កូនសិស្ស​យ៉ាង​ដូច្នេះ ៖«​សំបូរ កែប្រែ​តាម​ខ្ញុំ​ច្រើន អត់​មាន​ត្រូវ​ដកថយ​ទេ​ពេល​ប្រកួត គឺ វ៉ៃ​ល្អមើល​។ ក្នុងនោះ ខ្ញុំ​បាន​ស្រាវជ្រាវ​ក្បាច់​ថ្មីៗ​សម្រាប់ សំបូរ ដើម្បី​ឲ្យ​មាន​បច្ចេកទេស​វ៉ៃ​ថ្មីៗ​មិន​នៅ​ដដែល​»​។ 
 
​សង្វៀន​កម្រិត​ពិភពលោក ONE ធ្វើ​ឲ្យ​កីឡាករ​ខ្មែរ​ជាច្រើន​ខកចិត្ត​ក្នុងការ​ប្រកួត Kickboxing ដោយ​មិនទាន់​ស្គាល់​ពាក្យ​ឈ្នះ​ទេ​ក្នុងការ​ប្រកួត​កន្លងមក​។ គង់ សំបូរ ចាញ់​កីឡាករ​ចិន Zhang Chenlong, សុខ ធី ទៅ​ប្រកួត ៣ ដង​ចាញ់​ទាំង​៣​ដង និង ឡៅ ចិ​ត្រា ក៏​ចាញ់ Superlek ដូចគ្នា​។ ការ​ទៅ​ប្រកួត​លើស​ង្វៀន​អន្តរជាតិ​បែបនេះ ទើប​ធ្វើ​ឲ្យ​កីឡាករ​ទទួលស្គាល់​ចំណុចខ្សោយ និង ហ្វឹកហាត់​បន្ថែមទៀត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​។ 
 
​គួរ​ដឹង​ដែរ​ថា គង់ សំបូរ ជា​អតីត​កីឡាករ​ប្រដាល់​នៅ​ក្លិប​ក្រសួងការពារជាតិ​។ បន្ទាប់មកទៀត រូបគេ​បាន​សម្រាក​ពី​ប្រដាល់​មួយរយៈ មុន​ទៅ​ហ្វឹកហាត់​ជាមួយ​ជាមួយ​គ្រូ ជា រិ​ទ្ធ ប្រហែល​រយៈពេល ២ ឆ្នាំ​មកនេះ​។ គង់ សំបូរ ជា​ម្ចាស់​ពាន​នៅ​កម្មវិធី​ខ្មែរ Khmer Fight បន្ទាប់ពី ឈ្នះ ពុ​យ វណ្ណៈ​ដោយ​ពិន្ទុ ដែល​រៀបចំឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ កាល​ខែមេសា ឆ្នាំ ២០១៩​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​ពីស​ង្វៀន ONE: DREAMS OF GOLD ពី​ប្រទេស​ថៃ​ល្ងាច​ថ្ងៃទី ១៦ សីហា ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​តទៅ​តាមរយៈ​ផេ​ក  https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com