ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយោជន៍​ខ្លាំង​បំផុត ៥​យ៉ាង​នៃ​ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹកដោះគោ​
14, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកឃ្មុំ និង​ទឹកដោះគោ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រយោជន៍​របស់​វា​រៀងៗ​ខ្លួន​។ ប៉ុន្តែ​នៅពេល​ញ៉ាំ​វា​ក្នុងពេល​តែមួយ វា​អាច​ផ្តល់​ជា​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​អស្ចារ្យ​។ ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​ចំពោះ​សុខភាព​ដោយសារតែ វា​មាន​សមត្ថភាព​សម្លាប់​បាក់តេរី ជា​អង់​ទី​អុកស៊ីដ​ង់ និង​សម្លាប់​មេរោគ​ផ្សិត​បាន ប្រឆាំង​ការ​រលាក និង​ល្អ​សម្រាប់​បញ្ហា​ផ្លូវដង្ហើម​។



ម្យ៉ាងវិញទៀត ទឹកឃ្មុំ​ត្រូវបាន​គេ​រកឃើញថា​មាន​ជាតិ​រ៉ែ និង​វីតាមីន ដែល​អាចជួយ​ឲ្យ​មាន​ប្រយោជន៍​យ៉ាងខ្លាំង​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹកឃ្មុំ​ជាមួយគ្នា​នឹង​ទឹកឃ្មុំ អាច​ផ្តល់​ជា​ប្រយោជន៍​ដូចខាងក្រោម​នេះ​៖
 
​សម្លាប់​បាក់តេរី​
 
​ការស្រាវជ្រាវ​បានបង្ហាញ​ថា ទឹកឃ្មុំ និង​ទឹកដោះគោ​មាន​ប្រយោជន៍​យ៉ាងខ្លាំង​ទៅលើ​ការសម្លាប់​បាក់តេរី Stapylococcus​។ វា​ក៏​ត្រូវបាន​គេ​ជឿថា ការបន្ថែម​ទឹកឃ្មុំ​ជាមួយ​ទឹកដោះគោ​ក្តៅៗ អាច​ព្យាបាល​ការ​ទល់លាមក ផោម​ច្រើន និង​បញ្ហា​ក្នុង​ពោះវៀន​ដែរ​។ អ្វីដែល​ល្អ​ទៀត​នោះ​គឺ​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម​ដូចជា ក្អក និង​ផ្តាសាយ​។ 
 
​ប្រឆាំង​ភាព​ចាស់​
 
​ការប្រើប្រាស់​ទឹកឃ្មុំ និង​ទឹកដោះគោ​លើ​ស្បែក​ជា​ទៀងទាត់ អាច​បន្ថយ​ភាព​ចាស់ ខណៈពេលដែល​វា​អាច​បន្ថយ​ភាព​ជ្រួញ​លើ​ស្បែក​ដែរ​។ ការធ្វើ​ម៉ាស​បិតមុខ​ដោយ​ប្រើ​ទឹកឃ្មុំ​និង​ទឹកដោះគោ​គឺមាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​សុខភាព​ស្បែក​ខាងក្រៅ​។ នេះ​ដោយសារតែ​អង់​ទី​អុកស៊ីដ​ង់​រប​ស់វា​អាច​បន្សាប​រ៉ាឌីកាល់​សេរី​លើ​ស្បែ​កបាន ជាពិសេស​បំបាត់​ភាព​ជ្រួញ និង​ការ​ចាស់​របស់​ស្បែក​តែម្តង​។ 
 
​សុខភាព​ឆ្អឹង​
 
​ការស្រាវជ្រាវ​បាន​និយាយថា ទឹកឃ្មុំ​ដើរតួនាទី​ជា​អ្នក​ដឹកជញ្ជូន​ជីវជាតិ​ពី​ចំណាយ​អាហារ​ចូល​ចរន្តឈាម​បាន​។ ទឹកឃ្មុំ​ខ្លួនឯង​អាចជួយ​បឺត​ស្រូប​ជាតិ​កាលស្យូម​ពី​ទឹកដោះ​ចូលទៅក្នុង​ចរន្តឈាម​កាន់តែ​ល្អ​។ ហេតុដូច្នេះ​ហើយ​នៅពេល​ញ៉ាំ​ចូលគ្នា អ្នកនឹង​ទទួលបាន​សុខភាព​ឆ្អឹង​កាន់តែ​ល្អប្រសើរ ព្រមទាំង​បន្ថយ​ការពុក​ឆ្អឹង និង​រលាក​សន្លាក់​ថែមទៀត​។ 
 
​បង្កើន​ថាមពល​ក្នុង​ខ្លួន​
 
​ការ​ញ៉ាំ​ទឹកដោះគោ​លាយ​ទឹកឃ្មុំ​រាល់​ព្រឹក​ត្រូវបាន​គេ​ជឿថា អាច​ពង្រឹង​ដល់​ថាមពល​របស់​មនុ​ស្សបាន​។ ទឹកដោះគោ​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ខណៈពេលដែល​ទឹកឃ្មុំ​មាន​កាបូ​អ៊ី​ដ្រា​ត​សំខាន់ៗ ដែលជា​តម្រូវការ​ក្នុងការ​រំលាយ​អាហារ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ប្រូតេអ៊ីន​ដែល​បានមកពី​ទឹកដោះគោ​នឹង​រំលាយ​ក្លាយទៅជា អាស៊ីតអាមីណេ ដើម្បី​រាងកាយ​ប្រើប្រាស់​បង្កើត​ទៅជា​ថាមពល​។ 
 
​ជួយ​ដល់​ការរំលាយ​អាហារ 
 
​ទឹកឃ្មុំ​ដើរតួនាទី​ក្នុងការ​ចិញ្ចឹម​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ នៅពេល​ទឹកដោះគោ​ត្រូវបាន​ញ៉ាំ​រាល់ថ្ងៃ​ជាមួយនឹង​ទឹកឃ្មុំ​ពីរ​បី​ដំណក់​បន្ថែមទៀត វា​នឹង​ជួយ​ស្តារ​បាក់តេរី​ល្អៗ​នេះ​ឡើងវិញ ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ​ឡើងវិញ​។ ដូច្នេះហើយ ការ​ញ៉ាំ​ភេសជ្ជៈ​ទាំងនេះ​ចូលគ្នា​ទៀងទាត់ នឹង​ជួយ​ថែរក្សា​សុខភាព​ក្រពះ​ពោះវៀន បាន​តាមរយៈ​ការលុបបំបាត់​ការ​ហើមពោះ ទល់លាមក និង​ការ​ឈឺពោះ​បែប​រមួលៗ​បាន​។ 
 
​តើ​ទឹកឃ្មុំ​អាច​បង្ក​ជាការ​ពុល​ទេ​នៅពេល​លាយ​ញ៉ាំ​ជាមួយ​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​?
 
​ទឹកឃ្មុំ​មិនអាច​ធ្វើ​ឲ្យ​ពុល​ឡើង​នៅពេល​លាយ​ជាមួយនឹង​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​។ ប៉ុន្តែ ទឹកឃ្មុំ​មិនគួរណា​កម្តៅ​ជាង ៦០​អង្សារ​ឡើយ ព្រោះ​កាលណា​ក្តៅ​ដល់​កម្រិត​នេះ វា​នឹង​បង្កើតជា​ជាតិពុល​មួយ​ប្រភេទ​ឈ្មោះថា Hydroxymethyl Furfuraldenhyde (HMF) បាន​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ច្រើន​ទៅតាម​អ្នក​ចង់បាន ទៅក្នុង​ទឹកដោះគោ​ក្តៅ​ឧណ្ហៗ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com