អន្តរជាតិ
តុលាការ​ហុងកុង ហាម​ធ្វើបាតុកម្ម​នៅ​ព្រលានយន្តហោះ ក្រោយ​ផ្ទុះ​ហិង្សា​
14, Aug 2019 , 9:39 am        
រូបភាព
បាតុកម្មនៅព្រលានយន្តហោះហុងកុង។ រូបភាព AFP
បាតុកម្មនៅព្រលានយន្តហោះហុងកុង។ រូបភាព AFP
​តុលាការ​ទីក្រុង​ហុងកុង បានចេញ​បញ្ជា​ហាមឃាត់​ការធ្វើ​បាតុកម្ម​នៅ​ព្រលានយន្តហោះ​ហុងកុង លើកលែងតែ​តំបន់​មានការ​អនុញ្ញាត​ប៉ុណ្ណោះ​។ ការចេញ​បញ្ជា​នេះ ធ្វើឡើង​ក្រោយ​បាតុករ​បាន​អុកឡុក​ព្រលានយន្តហោះ​ដ៏​មមាញឹក​មួយ​នេះ​បួន​ប្រាំ​ថ្ងៃ​ជាប់ៗ​គ្នា ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរ​ដោយ​ជើងហោះហើរ​រាប់រយ​ត្រូវ​លុបចោល​។ ការតវ៉ា ក៏​ឈានដល់​ដំណាក់កាល​ប្រើ​អំពើហិង្សា​នៅ​យប់​ថ្ងៃទី​១៣ ខែសីហា​រវាង​បាតុករ និង​ប៉ូលិស​ទៀតផង​។​

 
​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង បាន​ក្លាយជា​ទីតាំង​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ក្រុមបាតុករ​រាប់ពាន់នាក់ ដែល​បណ្ដាល​ឲ្យ​ប្រតិបត្តិការ​នៅ​ព្រលានយន្តហោះ​ដ៏​រវល់​មួយ​នេះ ជួប​បញ្ហា​យ៉ាងខ្លាំង​។ នៅ​ថ្ងៃទី​១៣ ខែសីហា ជើងហោះហើរ​ចេញចូល​ទីក្រុង​ហុងកុង​រាប់រយ ត្រូវបាន​លុបចោល​ភ្លាមៗ​ដោយសារតែ​បាតុករ​បាន​រារាំង​អ្នកដំណើរ​នៅ​សាល​ចេញដំណើរ ខណៈ​នៅឯ​ស្ថានីយ៍​មកដល់​វិញ ក៏​ជួប​បញ្ហា​ដូចគ្នា​ផងដែរ​។​
 
​បើតាម​កាសែត South China Morning Post អាជ្ញាធរ​ព្រលានយន្តហោះ បាន​សុំ​អធិបញ្ជា​ពី​តុលាការ​ដើម្បី​ទប់ស្កាត់​បាតុករ​។ ក្នុង​សេចក្ដីប្រកាស​របស់​អាជ្ញា​ធរ​ព្រលាន​នៅ​ថ្ងៃទី​១៤ ខែសីហា អធិបញ្ជា​នេះ បង្គាប់​បាតុករ មិន​ឲ្យ​ជួបជុំ ឬ​រារាំង​ប្រតិបត្តិការ​របស់​ព្រលានយន្តហោះ​នេះឡើយ ឯ​ការប្រមូលផ្ដុំ​តវ៉ា​វិញ ត្រូវធ្វើឡើង​បានតែ​តំបន់​ដែល​កំណត់ដោយ​អាជ្ញាធរ​ប៉ុណ្ណោះ​។ មុននេះ ទីតាំង​ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​តវ៉ា គឺ​សាល​មកដល់​។ 
 
​អធិបញ្ជា​របស់​តុលាការ​ហុងកុង ទំនងជា​អាចជួយ​ដោះស្រាយ​ស្ថានការណ៍​តានតឹង​នៅ​ព្រលានយន្តហោះ​បាន​មួយរយៈ​ពេល ខណៈដែល​ភាព​តានតឹង​នៅតែមាន​នៅឡើយ​។ អំពើហិង្សា​នៅ​ថ្ងៃទី​១៣ ខែសីហា បាន​ផ្ទុះឡើង​ក្រោយ​បាតុករ​ចោមរោម​មនុស្ស​ពីរ​នាក់​ដែល​ត្រូវបាន​ចោទថា ជា​គិញ​របស់​ប៉ូលិស​។ ហេតុការណ៍​នេះ ក៏​នាំ​ទៅជា​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​រវាង​បាតុករ និង​ប៉ូលិស​នៅឯ​ព្រលានយន្តហោះ​តែម្ដងទៅ​។ 
 
​ប៉ូលិស​ហុងកុង ប្រកាស​នៅ​ថ្ងៃទី​១៤ ខែសីហា​ថា បាតុករ​មួយក្រុម​ធំ​បាន​ធ្វើបាន​អ្នកដំណើរ​ម្នាក់ និង​អ្នកសារព័ត៌មាន​ម្នាក់ ហើយ​មនុស្ស​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន ដែល​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ត្រូវបាន​ឃាត់ខ្លួន​កើន​ដល់​ច្រើនជាង​៦០០​នាក់​តាំងពី​ខែមិថុនា​មក​។ 
 
​នៅ​បន្ទាប់ពី​ការប៉ះទង្គិច​នេះ ព្រលានយន្តហោះ​មមាញឹក​មួយ​នេះ ចាប់ផ្ដើម​ត្រឡប់​ទៅរក​ស្ថានភាព​ប្រក្រតី​វិញ​។ បុគ្គលិក​អនាម័យ នាំគ្នា​សម្អាត​ទីតាំង​កើត​អំពើហិង្សា ហើយ​គេ​ក៏​ឃើញ​មាន​ស្នាម​ឈាម​ប្រឡាក់​លើ​ការ៉ូ​ផងដែរ​។ ជើងហោះហើរ​នានា ក៏​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ទោះជា​ក្រុមហ៊ុន​ជាច្រើន​បាន​បន្ត​ពន្យារពេល​ហោះហើរ​ក្ដី​។ គេ​ក៏​មិនទាន់​ច្បាស់ បាតុករ​នឹង​ជួបជុំ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​១៤ ខែសីហា​នេះ​ជាថ្មី​ឬ​យ៉ាងណា​ឡើយ​៕ 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com