ករណី​ដែល​កំពុងតែ​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម អាច​ការពារ​កុំ​ឲ្យ​លើសឈាម​បានដែរ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ករណី​ដែល​កំពុងតែ​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម អាច​ការពារ​កុំ​ឲ្យ​លើសឈាម​បានដែរ​
15, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​សម្ពាធ​ឈាម​របស់​អ្នក​កំពុងតែ​ស្ថិតនៅ​ចន្លោះ ១២០/៨០ និង ១៣៩/៨៩ មែន​ទេ​ពេល​កំពុងតែ​សម្រាក​ទាំង​កាយ​និង​ចិត្ត​? បើ​ចឹ​ង​មែន មានន័យថា​អ្នក​ត្រូវបាន​គេ​ចាត់ទុកថា​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ ការត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម មានន័យថា​អ្នក​កំពុងតែ​វិវត្តន៍​ទៅរក​ជំងឺ​លើស​សម្ពាធ​ឈាម​នៅពេល​ខាងមុខ ហើយ​វា​ក៏​ជា​កត្តា​ប្រឈមមុខ​ដ៏​ខ្លាំង​របស់​ជំងឺ​បេះដូង​សរសៃឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។



ប៉ុន្តែ​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា ការត្រៀម​លើស​សម្ពាធ​ឈាម មិនមែន​ដឹង​តែ​នឹង​ក្លាយទៅជា​ជំងឺ​នេះ​ពេញលេញ​រហូត​នោះទេ ព្រោះ​វា​នៅតែមាន​វិធី​អាច​បង្ការ​រឿងនេះ​បាន តាមរយៈ​វិធី​ដូចខាងក្រោម​នេះ​៖
 
​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​
 
​អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​និយាយថា អ្នក​ដែល​កំពុង​តែមាន​បញ្ហា​ត្រៀម​លើស​សម្ពាធ​ឈាម គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​កុំ​ឲ្យ​ច្រើនជាង ២៤០០​មី​លី​ក្រាម ឬ​តិចជាង​នេះ​។ ចូរ​ប្រាកដថា អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​កែឆ្នៃ ទឹកសៀង និង​ស៊ុប​កំប៉ុង ព្រោះ​វា​ជា​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន ដែល​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​កាន់តែខ្លាំង​បាន​។ 
 
​ជ្រើសរើស​អាហារ​ផ្តល់​សុខភាព​
 
​មិនមែន​មានតែ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​គួរតែ​កាត់បន្ថយ​តែមួយ​មុខ​ទេ តែ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ Saturated Fat និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក៏​ត្រូវតែ​ចៀសវាង​ដែរ​។ អ្នក​ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម យក​ល្អ​គួរតែ​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន និង​ទៀងទាត់ ព្រោះ​វា​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​សរសៃ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។ 
 
​រក្សា​ទម្ងន់​ឲ្យ​នៅ​ល្អ​
 
​កត្តា​ប្រឈមមុខ​មួយ​ក្នុងចំណោម​កត្តា​ប្រឈមមុខ​ជាច្រើន​របស់​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ការ​ធាត់ ឬ​ធាត់​ជ្រុល​។ រឿងនេះ​មិនមែន​មានន័យថា អ្នក​ត្រូវតែ​សម្រក​ទម្ងន់​ឲ្យ​ច្រើន​ខ្លាំង​ជាង​លទ្ធភាព​ដែល​អាចធ្វើ​បានឡើយ​។ ការដែល​ធាត់​ជ្រុល ក៏​អាចធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ ហើយ​រឿងនេះ​កាន់តែ​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម​កាន់តែខ្លាំង​ថែមទៀត​។ 
 
​រក្សា​រាងកាយ​ឲ្យ​មាន​ភាព​សកម្ម​
 
​ដើម្បី​សម្រក​ទម្ងន់​បាន ចូរ​ប្រាកដថា អ្នក​អាចមាន​ពេលវេលា​ហាត់ប្រាណ​បាន​ច្រើន​ម៉ោង​។ ការរស់នៅ​បែប​ស៊ី​ដេកៗ​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​ខ្ពស់​នឹង​ការ​លើស​សម្ពាធ​ឈាម និង​ផលវិបាក​របស់​វា​ជាច្រើន​ផងដែរ​។ ដូច្នេះ​ការហាត់​ប្រាណ​ទៀងទាត់​គឺជា​រឿង​ដ៏​ល្អ​មួយ​ក្នុងការ​ការពារ​ការត្រៀម​លើស​សម្ពាធ​ឈាម​កុំ​ឲ្យ​ទៅជា​លើស​សម្ពាធ​ឈាម​ពេញលេញ​បាន​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​អំពី​លំ​ហាត់ប្រាណ​បែបណា​ដែល​ស័ក្តិសម​សម្រាប់​អ្នក​បើសិនជា​អ្នក​កំពុងតែ​រស់នៅ​បែប​ស៊ី​ដេកៗ​ច្រើន ឬ​ច្រើន​មកហើយ​។ 
 
​បន្ថយ​ស្ត្រេ​ស​
 
​ខណៈពេលដែល​វា​ជាការ​ពិត​មួយ​ដែល​ការរស់នៅ​បែប​សកម្ម​គឺជា​រឿង​សំខាន់​ក្នុងការ​ទប់ស្កាត់​ការកើត​ជំងឺ​លើស​សម្ពាធ​ឈាម តែ​មិនមែន​មានន័យថា​អ្នក​ត្រូវតែ​បង្ខំ​ខ្លួន​ធ្វើ​ឲ្យ​ហួស​សមត្ថភាព​នោះទេ​។ យ៉ាងណាមិញ អ្នក​គួរតែ​ចៀសវាង​ការ​ស្ត្រេ​ស​ខ្លាំង​ផង​។ សំណាង​ដែរ មាន​វិធី​បន្ថយ​ស្ត្រេ​ស​ច្រើនណាស់​ដែល​អ្នក​ប្រហែលជា​អាចធ្វើ​ទៅបាន​ដូចជា ការ​ម៉ាស្សា ងូត​ក្តៅ ស្តាប់​ចម្រៀង និង​ការហាត់​យូ​ហ្គា​ជាដើម​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​ស្រវឹង រហូតដល់​សល់​ហាយ​នោះទេ តែ​វា​ក៏​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បានដែរ​។ ប៉ុន្តែ​ការដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​ផ្តល់​ប្រយោជន៍​វិញ​បើសិនជា​កំពុង​តែមាន​បញ្ហា​ត្រៀម​លើស​សម្ពាធ​ឈាម​ហើយ​។ សម្រាប់​ស្ត្រី​អាច​ញ៉ាំ​បាន​ត្រឹម​មួយ​កែវ​ក្នុង​មួយថ្ងៃ ខណៈពេលដែល​បុរស​អាច​ញ៉ាំ​បាន​ពីរ​កែវ​ក្នុង​មួយថ្ងៃ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com