អត្ថបទពាណិជ្ជកម្ម
«​បើ​ដី​ណា​មាន​ដើមត្នោត ដី​នោះ ជា​ដី​ខ្មែរ​», កម្ពុ​ជាមាន​ដើមត្នោត​ជាង​៣​លាន​ដើម
14, Aug 2019 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ដើមត្នោត​ជាង​៣​លាន​ដើម ហើយ​ស្ករត្នោត​កំពង់ស្ពឺ​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​។ ដើមត្នោត​មាន​អាយុ​ជាង​១០០​ឆ្នាំ​។ 
 
​តាមពិត ដើមត្នោត​មានឈ្មោះ​វិទ្យាសាស្ត្រថា Borassus Flabellifer ហើយ​ជា​ភាសា​ខ្មែរ គឺ​ដើមត្នោត​។ ដើមត្នោត​ដែលមាន​វត្តមាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា គឺជា​ប្រភេទ​ត្នោត​មួយ​ក្នុង​ចំំ​ណោម​គ្រួសារ​ដូង ឬ​ត្នោត​២៦០០​ប្រភេទ​ផ្សេងទៀត​ដែល​គេ​បាន​កត់​ត្រាទុក​ក្នុង​ពិភពលោក​។ នាពេល​បច្ចុប្បន្ននេះ ដើមត្នោត​ប្រមាណ​ជា​៣​លាន​ដើម​មាន​ប្រភព​មកពី​ប្រទេស​កម្ពុជា​។ 
 
​សៀវភៅ​របស់​ក្រុមហ៊ុន Confirel បាន​បញ្ជាក់ថា ជាទូទៅ ដើមត្នោត​មាន​អាយុ​លើសពី​១០០​ឆ្នាំ ហើយ​វា​មាន​កម្ពស់​ពី​១៥​ម៉ែត្រ ទៅដល់​៣០​ម៉ែត្រ​។ ដើមត្នោត​ត្រូវការ​រយៈពេល​ប្រមាណ​ជា​១៥​ឆ្នាំ មុននឹង​វា​អាច​ផលិត​ចេញ​ទៅជា​ផ្លែ​ត្នោត និង​ផ្កាត្នោត​បាន​។ ផ្កា​របស់​វា​ត្រូវបាន​គេ​យកទៅ​ផលិត​ចេញ​ជា​ស្រា​ទឹកត្នោត ឬ​ទឹកខ្មេះ​ទឹកត្នោត​។ 
 
​ដើមត្នោត គឺជា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​សម័យកាល​បុរាណ​មកម្ល៉េះ​ក្នុងការ​កំណត់ព្រំដែន​នៃ​ទឹកដី​របស់​អាណាចក្រ​កម្ពុ​ជា​។ ប្រជាជន​តែង​និយាយ​ឃ្លា​សាមញ្ញ​មួយ​ថា​៖«​បើ​ដី​នោះ​មាន​ដើមត្នោត ដី​នោះ ជា​ដី​ខ្មែរ​»​។ 
 
​នា​សម័យ​សង្គ្រាម ដើមត្នោត​ត្រូវបាន​គេ​កាត់ចោល​អស់យ៉ាង​ច្រើន ដោយសារតែ​មូលហេតុ​ថា ដើម​រុក្ខជាតិ​មួយ​នេះ​គ្មាន​សារៈប្រយោជន៍​អ្វី​ច្រើន​នោះទេ​។ គិត​ត្រឹម​ឆ្នាំ​១៩៩០ ដើមត្នោត​ជិត​ពាក់កណ្តាល​ត្រូវបាន​គេ​កាប់​ចោល​ពី​ទឹកដី​កម្ពុជា​។ 
 
​ដើមត្នោត​ជួយ​រក្សា​សណ្ឋាន​ដី​ឲ្យ​នៅ​មាំ​ល្អ មិន​ងាយ​ហូរ​ច្រោះ​ដោយ​ទឹកភ្លៀង​នា​រដូវវស្សា​។ ហេតុ​ដូច្នេះហើយ ទើប​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ពេល​៦​ខែ​ក្នុង​ការដាំ​ដំណាំ​ស្រូវ និង​៦​ខែ​ទៀត​ដើម្បី​ឡើងត្នោត​ដើម្បី​បង្កើត​ប្រាក់ចំណូល​បន្ថែម ជាពិសេស​នា​រដូវប្រាំង​ចាប់ពី​ខែមករា ទៅដល់​ខែឧសភា​។ 
 
​បើទោះបីជា​ដើមត្នោត គឺជា​ប្រភព​ចំណូល​មួយ​ដ៏​សមរម្យ​សម្រាប់​ប្រជាជន​ខ្មែរ​ក្តី វា​ក៏​ជា​រុក្ខជាតិ​ពិសេស​មួយ​ដែល​អាច​គេ​អាច​យកទៅ​កែច្នៃ ឬ​ប្រើប្រាស់​ជាមួយនឹង​គោល​ចំណង​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​
 
​សម្រាប់​ទឹកត្នោត គេ​អាច​ប្រើប្រាស់​វា​សម្រាប់​ផលិត​ជា​ស្រា ផលិត​ជា​ទឹកខ្មេះ ស្ករ​។​ល​។ ដើម​របស់​វា​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ជា​សសរផ្ទះ ឬ​ធ្វើជា​ទូក​។ ស្លឹក​របស់​វា​អាច​យកទៅ​ប្រក់ផ្ទះ ផលិត​ជា​កន្ត្រក ជា​សម្ភារ​វិច​ខ្ចប់ ឬ​មួក​ជាដើម​។ ពន្លក និង​ផ្លែ​របស់​វា​អាហារ​ពិសេស​មួយ​ដែល​គេ​អាច​ពិសារ​ពេល​នៅ​ស្រស់ៗ​បាន​។​
 
​សូមបញ្ជាក់ថា ស្ករត្នោត​កំពង់ស្ពឺ​ទទួល​ភាពជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ កន្លងមក​៕ 

Tag:
 កសិកម្ម​
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com