ជាតិ
សម្ដេច ស ខេង៖ ត្រូវកំណត់តួនាទីមន្ត្រីក្រសួងនីមួយៗតាមមូលដ្ឋានឲ្យច្បាស់ ចៀសវាងខាតប្រាក់ខែរដ្ឋ រូបពីហ្វេសប៊ុកសម្ដេច ស ខេង
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានជំរុញឲ្យក្រសួង ដែលមានមន្ត្រីរបស់ខ្លួននៅថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ក្រុង-ស្រុក ត្រូវរៀបចំមុខងារ ភារកិច្ច ឲ្យច្បាស់លាស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនមូលដ្ឋាន។ សម្ដេចឧបនាយករដ្ឋមន្ត្រីលើកឡើងថា បើមិនប្រគល់ភារកិច្ចច្បាស់លាស់ទេ នោះនឹងចំណាយថវិការបស់រដ្ឋ ដោយមិនទទួលលទ្ធផលការងារតបស្នងមកវិញ។
សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ក្នុងវេទិកាស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៣ខែសីហា ៖
«យើងមានបំណងកែរចនាសម្ព័ន្ធនៅថ្នាក់ស្រុកផង ហើយនឹងជាប់ជាមួយនឹងការផ្ទេរមុខងារអ្វីដែលថ្នាក់ស្រុក ក្រុង អាចធ្វើបាន បើមិនដូច្នេះទេថ្នាក់រដ្ឋបាលមួយនេះយើងហាក់ដូចជាទុកចោល ដោយការខាតបង់ថវិកាច្រើនសន្ធឹកសន្ធាប់»។ នេះជាការថ្លែងរបស់សម្ដេច ស ខេង ។
សម្ដេច ស ខេង ឲ្យដឹងថា ការកំណត់តួនាទី ភារកិច្ចរបស់អង្គភាព មន្ត្រីថ្នាក់ស្រុក ក្រុង របស់ក្រសួងនីមួយៗ គឺសំខាន់ណាស់។ សម្ដេចបញ្ជាក់ដូចនេះថា៖«ដូច្នេះយើងត្រូវចាត់ឲ្យមានតួនាទីច្បាស់លាស់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានរីកចម្រើន ហើយគ្រប់ស្រុក ក្រុង ធ្វើបែបនេះ នោះប្រទេសជាតិរបស់យើងរីកចម្រើន ដោយមិនអាចពឹងពាក់តែក្រសួងស្ថាប័ននៅខាងលើនោះទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com