កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយ​២៧ នា​ការប្រកួត​ជើងឯក​ពិភពលោក​ប៉ូលិស​នៅ​ចិន​
14, Aug 2019 , 12:29 pm        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ ហាក់​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ូលិស​ជ្រើសរើស​ជើងឯក​ពិភពលោក World Police Fire Games 2019 នៅ​ប្រទេស​ចិន តាមរយៈ​ដណ្តើមបាន​មេដាយមាស​១២ ប្រាក់​៩ និង​សំរឹទ្ធ​៦​។ កម្ពុជា​អាច​បន្ត​ស្វែងរក​មេដាយ​បន្ថែមទៀត ដ្បិត​ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​។

 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​ពីរ​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ អត្ត​ព​លិ​ក​កម្ពុជា​របស់​អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ ដណ្តើមបាន​មេដាយ​សរុប​២៧ រួមមាន​មេដាយមាស​១២ ប្រាក់​៩ និង​សំរឹទ្ធ​៦​។ មេដាយ​ទាំងនេះ កម្ពុជា​ដណ្តើមបាន​លើ​៧​ប្រភេទ​កីឡា ក្នុងនោះ​កីឡា​កា​រ៉ា​តេដ​ណ្តើ​ម​បាន​មេដាយមាស​៧ ប្រាក់​២, ជឺ​ជី​តស៊ូ​មាស​២ សំរឹទ្ធ​១, ហែល​ទឹកមាស​១ ប្រាក់​២ សំរឹទ្ធ​២, ចំបាប់​/​កាច់​ដៃ​មាស​១ ប្រាក់​២ សំរឹទ្ធ​១, ប្រណាំងទូក​នាគ​មាស​១, យូ​ដូ​ប្រាក់​៣ សំរឹទ្ធ​១ និង​វាយ​កូនឃ្លី​លើ​តុ​ទទួលបាន​មេដាយ​សំរឹទ្ធ​១​។ 
 
​ចំនួន​មេដាយ​អាចមាន​ការប្រែប្រួល ខណៈ​កម្ពុជា​នៅសល់​វិញ្ញាសា​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រកួតប្រជែង​។ ការប្រកួត World Police & Fire Games លើក​ទី​១៨ ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២-១៨ ខែសីហា ដែលមាន​កីឡាករ​កីឡាការិនី​ក្របខណ្ឌ​ប៉ូលិស​មកពី​ប្រទេស​ជាច្រើន​ចូលរួម ខណៈ​បញ្ជូន​អត្ត​ព​លិ​ក​៩៦​រូប​លើ​១២​ប្រភេទ​វិញ្ញាសា​ចូលរួម​។ 
 
​កីឡា​ទាំង​១២​រួមមាន​តេ​ក្វាន់​ដូ​, កា​រ៉ា​តេ​, យូ​ដូ​, ជឺ​ជី​តស៊ូ​, ចំបាប់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, អត្តពលកម្ម​, បាល់ឱប និង​ប្រណាំងទូក​៕ 
 

Tag:
 World Police Fire Games
  អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com