កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ជឿជាក់ថា ទង់ជាតិ​កម្ពុជា​នឹង​បង្ហូត​ឡើង ក្នុងការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប៊ុលហ្គារី​
14, Aug 2019 , 2:14 pm        
រូបភាព
លោក កែវ រ៉េមី និងក្រុមកីឡាករ(រូបក្នុងរង្វង់)ដែលត្រូវទៅចូលរួមការប្រកួតជើងឯកពិភពលោកនៅប៊ុលហ្គារី
លោក កែវ រ៉េមី និងក្រុមកីឡាករ(រូបក្នុងរង្វង់)ដែលត្រូវទៅចូលរួមការប្រកួតជើងឯកពិភពលោកនៅប៊ុលហ្គារី
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក កែវ រ៉េមី ចង់ឃើញ​ទង់ជាតិ និង​ភ្លេងជាតិ​កម្ពុជា​ត្រូវបាន​បង្ហូត​និង​បន្លឺឡើង​មុខ​ប្រតិភូ​កីឡា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ នា​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២៤-៣០ ខែសីហា​នេះ​។ លោក បានចាត់ទុក​នេះ​ជា​គោលបំណង​ធំ សម្រាប់​ការចូលរួម​របស់​កម្ពុ​ជា​លើក​នេះ​។ លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ ក៏​រំពឹង​កីឡាករ​កីឡាការិនី​កម្ពុជា​អាច​បំបែក​កំណត់ត្រា​ចាស់​ផងដែរ​។​

 
​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានបង្ហាញ​ការជឿជាក់​ខ្ពស់​លើ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​កម្ពុជា សម្រាប់​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី​។ កត្តា ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់​បែបនេះ ដោយសារ​លោក​មើលឃើញ​ពី​ការប្រឹងប្រែង​ហ្វឹកហាត់ និង​ភាព​រីកចម្រើន​ផ្នែក​បច្ចេកទេស​របស់​កីឡាករ ក្រោយ​ទទួល​បានការ​បង្វឹក​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូបង្វឹក​កម្ពុជា និង​មកពី​កូរ៉េខាងជើង ដែលជា​ម្ចាស់​ក្បាច់គុន​។ បទពិសោធ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ច្រើន និង​ការជ្រើសរើស​កីឡាករ​ដោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​យ៉ាង​ម៉ត​ចត់ មិន​ប្រកាន់​បក្សពួក​ពី​អ្នកជំនាញ ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។  
 
«​គោលបំណង​ធំ​របស់​យើង គឺ​ចង់​បង្ហោះ​ទង់ជាតិ​យើង​នៅលើ​ឆាក​អន្តរជាតិ ពីព្រោះ​ពេល​យើង​ចូលរួម ពេល​ឃើញ​បង្ហោះ​ទង់ជាតិ​ម្តងៗ​រំភើប​មែនទែន ហើយ​បើ​បាន​បន្លឺ​ភ្លេងជាតិ​យើង​ទៀត​រឹតតែ​រំភើប ព្រោះ​មានន័យថា យើង​ដណ្តើមបាន​មេដាយមាស​។ ខ្ញុំ​ជឿជាក់​លើ​កីឡាករ​កម្ពុជា ព្រោះ​គ្រូបង្វឹក​យើង​ក៏​ល្អ ហើយ​កីឡាករ​កីឡាការិនី​កម្ពុជា​យើង ក៏មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ស្វែងរក​មេដាយ​»​។ ការលើកឡើង​បែបនេះ​របស់លោក កែវ រ៉េមី ធ្វើឡើង​ក្នុង​សន្និសីទ​សារ​ព័ន្ធ​កាលពីពេល​កន្លងទៅ​ថ្មីៗ​។​


 
​សម្រាប់​លោក កែវ រ៉េមី វិញ្ញាសា​ដែល​រំពឹង​ទទួលបាន​មេដាយ​រួមមាន ការបង្ហាញ​បច្ចេកទេស​ពិសេស​(Special Tactics) វាយ​បំបែក​ក្តារ​(Power Breaking) និង​សម្តែង​មេគុណ​។ ប៉ុន្តែ​សម្រាប់​វិញ្ញាសា​ប្រយុទ្ធ លោក ហាក់​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​នោះឡើយ​ក្នុងការ​ដណ្តើម​មេដាយ ហើយ លោក​ជឿជាក់ថា ការប្រកួត​នឹងមាន​ភាពស្វិតស្វាញ​បំផុត​។ 
 
​ពាក់ព័ន្ធ​ការជ្រើសរើស​កីឡាករ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​លោក កែវ រ៉េមី បាន​អះអាងថា​៖«​តេ​ក្វាន់​ដូ ITF មិនមែន​ចេះតែ​ចង្អុលៗ ប្រ​ឡំៗ យកទៅ​វាយ​នៅក្រៅ​យកលុយ​រដ្ឋ រកលុយ​ឧបត្ថម្ភ ដើម្បី​ទៅ​ដើរលេង​នៅក្រៅ ឲ្យ​គេ​វាយ​ហើម​មុខ​ហើម​មាត់​ត្រឡប់មកវិញ​នោះទេ អា​នឹង​វា​ជា​រឿង​អាម៉ាស់​បំផុត​។ យើង​រើស​យកតែ​កីឡាករ ដែល​ពូកែៗ មិនមែន​រើស​តាម​បក្សពួក​នោះទេ វប្បធម៌​នឹង​គឺ​គ្មាន​នោះទេ​»​។  
 
​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​៦​លើក​រួចមកហើយ តែ​មិន​ធ្លាប់​ដណ្តើមបាន​មេដាយមាស​នោះទេ ពោលគឺ​បានត្រឹមតែ​មេដាយប្រាក់​និង​សំរឹទ្ធ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​ការចូលរួម​លើក​នេះ លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​មានជំនឿថា កីឡាករ​កម្ពុជា​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំណែក​កំណត់ត្រា​ចាស់​។ 
 
លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
 
​ក្រោយ​អះអាង​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ លោក បញ្ចា​ក់ថា​៖«​តាមរយៈ​ការខិតខំ​ហ្វឹកហាត់​របស់​កីឡាករ និង​ចំណុច​ពិសេស​មួយចំនួន យើង​រំពឹងថា យើង​ប្រហែលជា​អាច​បំបែក​កំណត់ត្រា​យក​មេដាយមាស តែ​យើង​អត់​ទាន់​ហ៊ាន​ធានាថា​អាចធ្វើ​បាន​នោះទេ​។ ប៉ុន្តែ​អ្វី ដែល​យើង​ចង់បាន​បំផុត គឺ​ក្នុងចំណោម​មេ​ដាយ​មាស ប្រាក់ សំរឹទ្ធ មួយណា​ក៏បាន​។ តែ​មហិច្ឆតា​យើង គឺ​ចង់​បំបែក​ឯកទត្ត​កម្ម​ចាស់ ព្រោះ​យើង​ធ្លាប់​ទទួលបាន​មេដាយប្រាក់ ដូច្នេះ​យើង​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​បាន​មេដាយមាស​»​។​
 
​មូលហេតុ​ដែល​ធ្វើ​លោក​រំពឹង​បែបនេះ ដោយសារ​លោក​ឃើញថា សមត្ថភាព​និង​បច្ចេកទេស​របស់​កីឡាករ​មានការ​កើនឡើង​បើ​ធៀប​នឹង​ការចូលរួម​លើក​មុនៗ​។ ពិសេស​កីឡាករ ដែល​សហព័ន្ធ​គ្រោង​បញ្ជូនទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ សុទ្ធសឹង​ជា​កីឡាករ​សក្តានុពល និង​មាន​សមត្ថភាព​ខ្ពស់​។ «​ចំពោះ​សមត្ថភាព​កីឡាករ​កីឡាការិនី គឺ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​យើង​ឃើញថា កម្រិត​កើនឡើង​ជាង​មុន ព្រោះ​ចាប់តាំងពី​ឆ្នាំ​២០១៧​ដល់​បច្ចុប្បន្ន​កម្រិតរ​បស់​គាត់​ខ្ពស់ជាង​មុន មានន័យថា ពីមុន​គេ​មិន​ស្គាល់​កម្ពុជា​នោះទេ តែ​ឥឡូវ​គេ​ស្គាល់​កម្ពុជា​ថា ជា​ប្រទេសមួយ​ដែល​ពិបាក​ក្នុងការ​យកឈ្នះ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុធី​យ៉ា​។ 
 
​សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី អាចមាន​កីឡាករ​កីឡាការិនី​មកពី​ជាង​៧០​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១៧​រូប​(​ស្រី​២​រូប​)​ឲ្យ​ចូលរួម​ដោយ​ពួកគេ​ប្រកួត​គ្រប់​វិញ្ញាសា​។ ប្រតិភូ​កីឡា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក កែវ រ៉េមី នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ខណៈ​ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤-៣០ ខែសីហា​។ 
 
​ការចូលរួម​នេះ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)៕ 





Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  បួន ហ៊ីង​សុធី​យ៉ា​
  ជើងឯក​ពិភពលោក​នៅ​ប៊ុលហ្គារី​
© រក្សាសិទ្ធិដោយ thmeythmey.com