សៀមរាប៖ បង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតានៅក្លោងទ្វារដីឆ្នាំង ដែលរងការដួលទ្រេត ទ្រុឌទ្រោមខ្លាំង កំពុងទទួលបានការជួសជុលពីអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ នេះជាការជួសជុលលើកទី២ បន្ទាប់ពីបារាំងបានបញ្ចប់ការជួសជុលដំបូងនៅឆ្នាំ១៩៤៤។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ការងារអភិរក្សជាកិច្ចការស្នូលរបស់អាជ្ញាធរជាតិអប្សរា។ ជារៀងរាល់ថ្ងៃ សកម្មភាពកិច្ចការនេះមានសឹងគ្រប់ទីកន្លែងក្នុងរមណីយដ្ឋានអង្គរ។ អ្នកជំនាញបានដឹកនាំកិច្ចការស្រាវជ្រាវនិងអភិរក្សតាមប្រាសាទនិងបុរាណដ្ឋាននានា ក្នុងបំណងដើម្បីលើកតម្លៃសម្បត្តិបេតិកភណ្ឌជាតិ និងរក្សាតម្លៃទាំងនេះឱ្យស្ថិតនៅគង់វង្សតទៅអ្នកជំនាន់ក្រោយៗទៀត។
នៅក្លោងទ្វារដីឆ្នាំង ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងបញ្ចេញកម្លាំងនិងស្មារតីក្នុងការជួសជុលបង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតាឱ្យបានល្អឡើងវិញ បន្ទាប់ពីរូបទាំងនោះបានដួលទ្រេត ខ្លះទៀតក៏ដួលដល់រលំផង។
លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលបានឱ្យដឹងថា ការជួសជុលនេះគឺធ្វើតែលើរូបអសុរដែលជាមេទ័ពធំខាងមុខ និងជួសជុលលើរូបប្រមាណ៥ទៀត ដែលគ្រាន់តែលើកតម្រង់ឱ្យត្រង់វិញតែប៉ុណ្ណោះ។ ហើយការងារចាំបាច់ក្នុងគម្រោងជួសជុលនេះ គឺការចាប់ផ្តើមពង្រឹងគ្រឹះឡើងវិញ និងធ្វើចង្អូរសម្រាប់រំដោះទឹក ហើយព្យាយាមជួសជុលធ្វើយ៉ាងណាឱ្យរូបទាំងនោះឱ្យមានសភាពដើមវិញ។
រាល់បុរាណដ្ឋាននានា បញ្ហាប្រឈមដែលបណ្ដាលឱ្យបាក់រលំ ទ្រេត ឬបាត់បង់នោះ គឺមកពីកត្តាមនុស្ស និងធម្មជាតិ។ នៅទីតាំងនេះ លោក ឃាម មុនី ពន្យល់ថារងការបំផ្លិចបំផ្លាញរបស់មនុស្ស កត្ដាសង្គ្រាម និងភាពខ្ទរញ័រនៃយានយន្តជាដើម។ លោកពន្យល់បន្ថែមថា៖« កត្ដាធំគឺកត្តាមនុស្ស បំផ្លិតបំផ្លាញដូចជាការលួចព្រះកេស រូបមួយចំនួនត្រូវដួលដោយសារមនុស្សគាស់បំផ្លាញ សង្គ្រាម ទី២ភាពញ័រនៃល្បឿនយានយន្តឆ្លងកាត់ ធ្វើឱ្យទ្រេតដួលនៅជាប់ផ្លូវ ទី៣សម្ភារហួសកាលកំណត់នៃការប្រើប្រាស់ ដូចជាស៊ីម៉ង់ត៍បាយអរបែកលែងចាប់ មួយទៀតបញ្ហាអាយុកាលរបស់ថ្ម រុក្ខជាតិដុះញែកថ្មជាដើម»។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាក្នុងពិធីប្រុងពាលីបើកការដ្ឋានជួសជុលបង្កាន់ដៃនាគកាលពីចុងខែមិថុនាកន្លងទៅបានឱ្យដឹងថា គម្រោងនេះគ្រោងនឹងបញ្ចប់នារយៈពេលមួយឆ្នាំដោយប្រើប្រាស់ថវិការបស់មូលនិធិអភិរក្សអង្គរ។ លោកបន្ថែមថា ការជួសជុលនេះគឺមានការផ្តល់អនុសាសន៍ត្រឹមត្រូវពីអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ ដោយត្រូវជួសជុលកន្លែងសំខាន់រួមមានរូបទេវតា៥អង្គនិងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ ដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត ក្បាលនាគនេះធ្លាប់ដួលរួចម្តងហើយ ព្រោះវាខុសពីជំនាន់បារាំង។
ទាក់ទងប្រវត្តិនៃការជួសជុលវិញ លោក ឃាម មុនី អ្នកបុរាណវិទ្យានិងជាប្រធានគម្រោងបានឱ្យដឹងថា តាមឯកសាររបស់បារាំង មុនឆ្នាំ១៩៣៩ទីនេះបានដួលរលំអស់គ្មានសល់ ហើយត្រូវបានបារាំងជួសជុលរួចរាល់នៅឆ្នាំ ១៩៤៤។ ក្រោយមកនៅសម័យសង្គ្រាម បង្កាន់ដៃនាគនេះក៏រងការបំផ្លាញដោយសារកត្តាមនុស្សនិងធម្មជាតិ។ នេះជាជំហានទី១នៃការចាប់ផ្តើមគម្រោងជួសជុលនៅក្លោងទ្វាដៃឆ្នាំងនេះ ហើយគម្រោងនឹងធ្វើជាបន្តបន្ទាប់រហូតធានាថា ទីតាំងទាំងនេះបានល្អប្រសើរ រួចផុតពីហានិភ័យទាំងស្រុង៕