អន្តរជាតិ
មហាសេដ្ឋី​នៅ​ហុងកុង លែង​នៅ​ស្ងៀម​ដោយ​ស្នើ​ឲ្យ​បញ្ចប់​បាតុកម្ម​
14, Aug 2019 , 2:48 pm        
រូបភាព
លោកមហាសេដ្ឋី Merlin Swire នៃក្រុមហ៊ុន Swire Group (ឆ្វេង) និងមហាសេដ្ឋីអចលនទ្រព្យ លោក Peter Woo
លោកមហាសេដ្ឋី Merlin Swire នៃក្រុមហ៊ុន Swire Group (ឆ្វេង) និងមហាសេដ្ឋីអចលនទ្រព្យ លោក Peter Woo
ដោយ:
​មហាសេដ្ឋី​ហុងកុង​ខ្លះ បានចេញ​មុខ​ស្នើ​ឲ្យ​បិទ​បញ្ចប់​បាតុកម្ម​ដ៏​ធំ ដែល​កំពុង​គ្របដណ្តប់​លើ​ទីក្រុង​នេះ ដ្បិត​វា​ប៉ះពាល់​ដល់​អាជីវកម្ម និង​បង្កចលាចល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​ឈានដល់​ការលុបចោល​ជើងហោះហើរ​ជាច្រើន​ទៀតផង​។ ការអំពាវនាវ​នេះ ធ្វើឡើង​ខណៈ​បាតុកម្ម​ក្នុង​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ប្រចាំ​តំបន់​អាស៊ី​នេះ​ឈានដល់​សប្តាហ៍​ទី​១០​ហើយ​នោះ​។

 
Swire Pacific (SWRAY) ក្រុមហ៊ុន​ដ៏​ធំ​មួយ​ប្រចាំ​ទីក្រុង​ហុងកុង បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​ទី ១៣ សីហា ដោយ​ប្រើពាក្យ​ធ្ងន់ៗ​ថា ខ្លួន​ថ្កោលទោស​សកម្មភាព​ខុសច្បាប់ និង​ទង្វើ​មាន​ចរិត​ហិង្សា ដែល​កំពុង​ប៉ះពាល់​ដល់ទី​ក្រុង​ហុងកុង​។ ដោយឡែក​ក្រុមហ៊ុន​នេះ នៅតែ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ហុងកុង ដែលមាន​លោកស្រី Carrie Lam ជា​ប្រមុខ និង​សង្ឃឹមថា កម្លាំង​ប៉ូលិស​ហុងកុង អាចជួយ​ស្តារឡើងវិញ​នូវ​សណ្តាប់ធ្នាប់ និង​ច្បាប់ទម្លាប់​របស់​ទីក្រុង​នេះ​។ 
 
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ គឺជា​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក  Merlin Swire ។ អាណាចក្រ​ជំនួញ​របស់​គ្រួសារ​ត្រកូល Swire នេះ បាន​កើតឡើង​តាំងពី​ជាង ២០០​ឆ្នាំ​មកម្ល៉េះ ហើយ​មាន​ឫសគល់​ក្នុង​ក្រុង​ហុងកុង​ជា​យូរ​មកហើយ​។ ក្រុមហ៊ុន​នេះ កាន់កាប់​សណ្ឋាគារ​ទំនើបៗ​ស៊ីវីល័យ អគារ​ខ្ពស់ៗ​កប់​ពពក និង​ផ្សារ​ទំនើប​ធំៗ​ក្នុង​ក្រុង​ហុងកុង​ផងដែរ​។​
 
​ម្យ៉ាងវិញទៀត ក្រុមហ៊ុន Swire Group នេះ ក៏មាន​ភាគហ៊ុន​ធំជាងគេ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ប្រចាំ​ក្រុង​ហុង​ហុង Cathay Pacific ដែល​ក្លាយជា​ក្រុមហ៊ុន​កម្រិត​ខ្ពស់​មួយ ​រង​ការខូចខាត​ច្រើន​បំផុត​ពី​ភាពវឹកវរ​នេះ​។ 
 
​សេចក្តីថ្លែងការណ៍​នេះ បានធ្វើ​ឡើងខណៈ​បាតុករ​រាប់រយ​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ដែល​រំខាន​ដល់​ជើងហោះហើរ​សម្រាប់​រយៈពេល​២​ថ្ងៃ​កន្លងទៅនេះ​។ ជា​លទ្ធផល ក្រុមហ៊ុន​អាកាសចរណ៍ Cathay បាន​លុបចោល​ជើងហោះហើរ​ជាង ២៧០​ជើង​។ ហើយ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​នេះដែរ បាន​ធ្លាក់ចុះ​ជិត ១៤​ភាគរយ ក្នុង​ខែសីហា​នេះ​។ 
 
​ក្រៅពី​លោក​មហាសេដ្ឋី Merlin Swire នៃ​ក្រុមហ៊ុន Swire Group មហាសេដ្ឋី​អចលនទ្រព្យ​ក្នុង​ទីក្រុង ហុងកុង ផ្សេងទៀត ក៏​មិន​នៅ​ស្ងៀម​ដែរ​។ ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai Properties ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​អ្នកមាន​លំដាប់​ទី​៣​ប្រចាំ​តំបន់​អាស៊ី ហៅថា «Kwoks» ក៏បាន​ទទូច​ឲ្យ​មានការ​ស្តារឡើងវិញ​នូវ​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង​បានបង្ហាញ​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​ហុងកុង និង​លោកស្រី​ប្រធាន Lam ។ 
 
​ចំណែក​មហាសេដ្ឋី​អចលនទ្រព្យ លោក Peter Woo អតីត​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Wheelock & CO. ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមបាតុករ​ហុងកុង​ រក្សា​ភាពស្ងប់ស្ងាត់ ដោយ​អះអាងថា ពួកគេ​ទាំងនោះទទួលជោគជ័យ​រួចហើយ​។ សម្រាប់​ជោគជ័យ​នេះ លោក​ចង់​សំដៅលើ​ការបង្ខំ​ឲ្យ​រដ្ឋាភិបាល ​ផ្អាក​ដំណើរការ​សេចក្តីព្រាងច្បាប់​ ការធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស ដែលជា​ដើមចម ​នៃ​ការផ្ទុះ​ការធ្វើ​បាតុកម្ម​ឡើង​នោះ​។ 
 
«​វា​ដល់ពេល​គួរ​គិតថា ​រឿងនេះ​បញ្ចប់​»​។ លោក Woo បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន ប្រៀបដូចជា​ដើមឈើ​ធំ​មួយ​។ ប៉ុន្តែ​ពេលនេះ រដ្ឋាភិបាល បាន​យល់ព្រម​តាម​ការទាមទារ​របស់​ក្រុមបាតុករ ដូច្នេះ​ដើមឈើ​មួយ​ដើម​នោះ បាន​បាក់រ​លំហើយ​។ យ៉ាងណាមិញ លោក Woo បន្ថែមថា អ្នកខ្លះ យក​លេស​រឿងនេះ​ដើម្បី​គ្រាន់តែ​បង្កបញ្ហា​ឡើង​ប៉ុណ្ណោះ​។ 
 
​និយាយ​ពី​ដើមចម​នៃ​បាតុកម្ម​នេះ ដំបូង​ឡើយ ការធ្វើ​បាតុកម្ម​នេះ មាន​គោលដៅ​ចម្បង​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​បើកផ្លូវ​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​មនុស្ស​ ពី​ទីក្រុង ហុងកុង ទៅកាន់​ប្រទេស​ចិន​។ នៅ​ទីនោះ គេ​ជឿថា គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន ក្តោប​ក្តាប់​អំណាចតុលាការ​។ ប្រជាជន​ហុងកុង​ជាច្រើន ព្រួយបារម្ភ​ថា ច្បាប់​នេះ នឹងត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដើម្បី​កម្ចាត់​សត្រូវ​នយោបាយ​។ វា ក៏​នឹង​មានន័យថា ដល់ទី​អវសាន​នៃ​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង «​សិទ្ធិមនុស្ស​» ដែល​ប្រជាជន​ហុងកុង​ មាន ចាប់តាំងពី​ការប្រគល់អំណាច​ពី​ចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ចិន កាលពី​ឆ្នាំ​១៩៩៧​។ 
 
​ប្រជាជន​រាប់ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ ដើម្បី​ប្រឆាំង​សេចក្តីព្រាងច្បាប់​នេះ ដែល​បង្ក​ភាពចលាចល​ជាខ្លាំង​ក្នុង​ទីក្រុងហុងកុង​។ បាតុកម្ម​នេះ បាន​ប្តូរ​រូបភាព​ពី​ការធ្វើ​ប្រចាំ​សប្តាហ៍ ទៅ​ការធ្វើ​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​តែម្តង​។ ជាការ​ទប់ទល់​នឹង​បាតុកម្ម​នេះ កម្លាំង​ប៉ូលិស​ហុងកុង បាន​ប្រើប្រាស់​ធម៌​ក្តៅ​ រួមមាន​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំ​ភ្លើង​ជ័រ​ជាដើម​៕

Tag:
 ហុងកុង​
  មហាសេដ្ឋី​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com