ជាតិ
ជំនន់​បី​ថ្ងៃ​នៅ​ខេត្ត​ព្រះសីហនុ ប៉ះពាល់​ស្រូវ​ជិត​៩​ពាន់​ហិកតា និង​ត្រី​ជាង​៣០​ម៉ឺន​ក្បាល​
14, Aug 2019 , 3:22 pm        
រូបភាព
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ មាន​ស្រូវ​ជិត​៩​ពាន់​ហិកតា ហើយ​ត្រី​និង​ក្ដាម​ចិញ្ចឹម​ប្រមាណ​៣២​ម៉ឺន​ក្បាល  បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​ពីរ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៨​ដល់​១០​សីហា ឆ្នាំ​២០១៩​។ 

 
​លោក ផន ភិ​រុណ ប្រធានការិយាល័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ស្រូវ និង​ត្រី ដែល​រង​ផលប៉ះពាល់​ទាំងនេះ ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ និង​កំពង់​សិលា ។ 
 
«​ចំនួន​នៃ​ការខូចខាត​នេះ គឺ​មិន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​។ ហើយ​របាយការណ៍​សរុប​នៃ​ផលប៉ះពាល់​ខេត្ត​ក្នុង​កំពុង​បូកសរុប​» ។ នេះ​បើតាម​លោក ផន ភិ​រុណ ដែល​បាន​បន្ថែមថា ផ្ទះ​ពលរដ្ឋ​ជិត​១០០​គ្រួសារ និង​មាន់ ទា​ជាង​៤០០​ក្បាល ក៏​រង​ផលប៉ះពាល់​ដែរ ។​
 
​បើតាម​លោក ផន ភិ​រុណ មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ត្រៀម​ស្រូវពូជ​សែន​ក្រអូប ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ ក្រោយ​ទឹកជំនន់​ស្រក​ទៅវិញ​។ 
 
​ពាក់ព័ន្ធ​នឹង​ជំនន់​ទឹកភ្លៀង​នេះ លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១៣ សីហា ស្ថានភាព​ទឹកបាន​ស្រក​ហើយ នៅឡើយ​តែ​តំបន់​ទំនាប​ទាប​ប៉ុណ្ណោះ​។​« ប្រសិនបើ​ស្ថានភាព​ទឹកភ្លៀង​មិនមាន​ការបន្ត​ធ្លា​ក់ទៀត ខេត្ត​ព្រះសីហនុ​នឹង​ស្រក​ទឹក​អស់ទាំង​ស្រុង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ភារ​ម្យ​៕ 

Tag:
 ផលប៉ះពាល់​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com