ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ខៀវ កាញារីទ្ធ ចង់ឃើញយុវជនចំណាយពេលស្រាវជ្រាវច្រើន ជាងរិះគន់ដូនតាខ្មែរ
× ភ្នំពេញ៖ យុវជនគួរតែចំណាយពេលស្រាវជ្រាវឱ្យបានច្រើន ជាងចាំតែរិះគន់ដូនតាខ្មែរ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅក្នុងកម្មវិធីតាំងពិពរណ៍អគារបេតិកភណ្ឌ ដែលស្រាវជ្រាវដោយលោក ស្រ៊ិន សុខមាន នាវិចិត្រសាលក្បាច់ បរិវេណមជ្ឈមណ្ឌលហ្វេកតូរី ភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវពីសម្បត្តិបេតិកភណ្ឌ គឺមានតម្លៃធំធេងសម្រាប់ប្រយោជន៍ជាតិទាំងមូល ហើយបើគ្មានការស្រាវជ្រាវពីសំណង់អគារនៃសម័យមុនបន្សល់ទុកទេ នោះក្មេងជំនាន់ក្រោយក៏មិនបានដឹងថា ដូនតាខ្មែរមានស្នាដៃវិសេសអ្វីខ្លះដែរ។ ត្រង់ចំណុចនេះលោក ខៀវ កាញារីទ្ធ ក៏ជំរុញឱ្យយុវជនជំនាន់ក្រោយចំណាយពេលស្រាវជ្រាវឱ្យបានច្រើន ជាងការរិះគន់ដូនតាខ្មែរ។
«ផ្ទះថ្មរបស់ខ្មែរពីបុរាណ ពីសម័យបារាំង មិនមានម៉ាស៊ីនត្រជាក់ទេ ប៉ុន្តែត្រជាក់រហូត។ រចនាបទរបស់ខ្មែរ គេធ្វើសម្របទៅតាមអាកាសធាតុ។ ទទួលស្គាល់ឥឡូវនេះយើងធ្វើផ្ទះត្រូវសន្សំសំចៃវត្ថុធាតុដើម ចំណាយអស់តិច ហើយពេលនេះយើងមានម៉ាស៊ីត្រជាក់។ ប៉ុន្តែការយល់ពីរចនាបទគឺជារឿងសំខាន់។ ដែលខ្ញុំមកនេះខ្ញុំចង់ឃើញយុវជនខ្មែរចេះគិតគូរ ហើយអាចចំណាយពេលមួយចំនួនរបស់ខ្លួន ទៅស្រាវជ្រាវអំពីអ្វីដែលជាការសំខាន់។ របស់ខ្លះគេមិនចាប់អារម្មណ៍ទេ ប៉ុន្តែទាំងអស់នេះហើយ ធ្វើឱ្យយើងឃើញថាអ្វីជាខ្មែរ។ ជួនកាលយើងមិនស្គាល់ខ្មែរ យើងមើលងាយដូនតារបស់យើង ថាដូនតាយើងល្ងង់មិនចេះធ្វើអ្វីទាំងអស់ ចាញ់គេព្រោះគេធ្វើវាំងធំៗបាន។ ប៉ុន្តែរបស់ខ្មែរយើងធ្វើតាមរបៀបខ្មែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ខៀវ កាញារីទ្ធ។
សូមស្ដាប់សំឡេងរបស់លោកនៅទីនេះ៖
ថ្លែងក្នុងកម្មវិធីតាំងពិពរណ៍អគារបេតិកភណ្ឌ ដែលស្រាវជ្រាវដោយលោក ស្រ៊ិន សុខមាន នោះ លោក ខៀវ កាញារីទ្ធ បានលើកទឹកចិត្តក្រុមយុវជនដែលលះបង់ពេលវេលា និងមិនគិតពីប្រយោជន៍ខ្លួននេះ ខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីចងក្រងជាឯកសារទុកបង្ហាញដល់ក្មេងជំនាន់ក្រោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយដូច្នេះថា៖«សំណង់របស់ខ្មែរយើងមិនមែនជារឿងធម្មតាទេ។ ឥឡូវនេះកម្រឃើញយុវជនខ្មែរចំណាយពេលដែលមិនមានប្រាក់ចូលវិញណាស់។ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺឃើញថាគាត់បានចំណាយនេះធំណាស់ ដើម្បីប្រឹងស្រាវជ្រាវអំពីរចនាបថខ្មែរ។ អ្វីដែលខ្ញុំបាប់អារម្មណ៍ជាងគេ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានទៅវត្តខ្មែរនៅកម្ពុជាក្រោមមួយ ដែលធ្វើនៅ ស.វ ទី៦ បានន័យថាជិត២,០០០ឆ្នាំមុន វត្តខ្មែរនោះគឺរបៀបគំនូរឡាវនេះ។ ជួនកាលឡាវគេយកពីយើង ប៉ុន្តែយើងចេះតែកែវត្តរបស់យើង យូរទៅយើងភ្លេចថាវត្តរបស់ខ្មែរយើងកាលពីដើមនោះមានរូបរាងយ៉ាងម៉េច។ បើយើងចង់ធ្វើរចនាបទខ្មែរ តែមិនមានអ្វីពីដើមមក តើធ្វើយ៉ាងណាយើងដឹងថាអ្វីជាខ្មែរ»។
សូមបញ្ជាក់ថា លោក ស្រ៊ិន សុខមាន ស្ថាបនិកទំព័រហ្វេសប៊ុក Amazing Cambodia បានចំណាយពេលប្រមាណជិត១០ឆ្នាំក្នុងការចុះទៅស្រាវជ្រាវអគារបេតិកភណ្ឌ ដែលមានអាយុកាលតាំងពីសម័យបារាំង សង្គមរាស្ត្រនិយម និងមុនសម័យសង្គ្រាម ប៉ុលពត ដោយចំណាយថវិកាផ្ទាល់ខ្លួន។ ទោះបីថ្ងៃតាំងពិព័រណ៍លោក សុខមាន ជ្រើសរើសរូបតែ៥០ផ្ទាំងយកមកបង្ហាញក្ដី ប៉ុន្តែអ្វីដែលលោកបានស្រាវជ្រាវទាំងអស់នឹងយកទៅបោះពុម្ភជាសៀវភៅ សម្រាប់ជាឯកសារស្រាវជ្រាវទៅថ្ងៃក្រោយ៕
Tag:
ពិព័រណ៍
ខៀវ កាញារីទ្ធ
អគារបេតិកភណ្ឌ
ស្រ៊ិន សុខមាន
© រក្សាសិទ្ធិដោយ thmeythmey.com