កីឡាជាតិ
ជាតិ
​វិសាខា មិន​ហ៊ាន​មើលរំលង​គិរីវង់​សុខ​សែន​ជ័យ​សម្រាប់​ជំនួប​នៅ​ល្ងាច​នេះឡើយ​
14, Aug 2019 , 4:52 pm        
រូបភាព
លោក ហុក សុចិត្រា (ស្តាំ)ចាប់ដៃជាមួយលោក ផាន ចាន់ផាត ពេលចាប់ឆ្នោតប្រកួតវគ្គ៨ក្រុមចុងក្រោយ
លោក ហុក សុចិត្រា (ស្តាំ)ចាប់ដៃជាមួយលោក ផាន ចាន់ផាត ពេលចាប់ឆ្នោតប្រកួតវគ្គ៨ក្រុមចុងក្រោយ
ដោយ:
​ការទម្លាក់​ណាហ្គា​វើ​លពី​សំណាក់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ បានធ្វើ​ឲ្យ​វិសាខា​មាន​ក្តីបារម្ភ និង​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែខ្លាំង​។ វិសាខា​នឹង​យក​បទពិសោធ​នេះ ដើម្បី​រៀបចំ​ក្រុម​ក្នុងការ​តទល់​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ នា​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​វិសាខា កែវ សុខ​ផេង ជឿជាក់ថា ការប្រកួត​នឹងមាន​ភាព​តានតឹង និង​ជក់ចិត្ត​បំផុត ដ្បិត​គីរីវង់​ស​ប្បូរ​កីឡា​មាន​សមត្ថភាព និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ប្រកួត​។

 
​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​វិសាខា​បាន​និយាយថា ការធ្លាក់​របស់​ណាហ្គា​វើ​ល​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​វិសាខា ក្នុងការ​រៀបចំ​ក្រុម​ឲ្យ​បានល្អ ដើម្បី​តទល់​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ នា​ជំនួប​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៤ ខែសីហា​នេះ នា​កីឡដ្ឋាន​វិសាខា​។ លោក​បន្តថា ការធ្លាក់​របស់​ណាហ្គា វា​បាន​បង្ក​ជា​ក្តីបារម្ភ​ក៏ពិតមែន តែ​វា​បាន​ជួយ​បង្កើន​ឲ្យ​ក្រុម​វិសាខា​មានការ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​។   
 
​ជាមួយ​ការអះអាង​ត្រៀមខ្លួន​បានល្អ លោក ហុក សុចិ​ត្រា បាន​លើកឡើងថា​៖«​សម្រាប់​ពានរង្វាន់​សម្តេច ហ៊ុន សែន យើង​ទទួលបាន​បទពិសោធ​ពី​ណាហ្គា​វើ​ល គឺ​យើង​នឹង​រៀបចំ​ក្រុម​ឲ្យ​បានល្អ​ក្នុងការ​តទល់​ជាមួយ​គីរីវង់​។ យើង​ឃើញថា ការតាំង​ចិត្ត ការប្រឹងប្រែង ការ​ប្តូរផ្តាច់​ក្នុងការ​ប្រកួត​ពី​១​ប្រកួត​ទៅ​១​ប្រកួត​របស់​គីរីវង់ គឺ​ធ្វើ​បានល្អ​មែនទែន ហើយ​មានការ​រីកចម្រើន​ច្រើន​»​។ 
 
​លោ​បាន​បន្ថែមថា​៖«​វា​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​ក្នុងការ​ត្រៀមខ្លួន​ឲ្យ​បានល្អ ដើម្បី​ប្រកួត​ជាមួយ​គីរីវង់ យើង​មិនអាច​ធ្វេសប្រហែស​បានទេ​ដោយសារ​មាន​បទពិសោធ​រួចហើយ​សម្រាប់​ណាហ្គា​វើ​ល ដែល​បាន​រង​បរាជ័យ​ពេល​គាត់​លេង​ជាមួយ​គីរីវង់​។ វា​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការរៀបចំ​ក្រុម រៀបចំខ្លួន ការតាំង​ចិត្ត និង​ប្រមូល​អារម្មណ៍​ប្រកួត ដើម្បី​បាន​លទ្ធផល​ល្អ​»​។​
 
​សម្រាប់​ខ្សែប្រយុទ្ធ​ឆ្នើម​វិសាខា កែវ សុខ​ផេង គីរីវង់​សុខ​សែន​ជ័យ​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង​មួយ ដែលមាន​កីឡាករ​ពោរពេញ​ដោយ​ឆន្ទៈ​ក្នុង​ការប្រកួត ដែល​វិសាខា​មិនអាច​មើលស្រាល​។ ការយល់ឃើញ​បែបនេះរ​បស់ សុខ​ផេង ធ្វើឡើង​ក្រោយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​ខាងលើ បាន​ទម្លាក់​ជើង​ខ្លាំង​ណាហ្គា​វើ​ល​នៅ​វគ្គ​១/៨​ពាន​សម្តេច ហ៊ុន សែន​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​វិសាខា​យកឈ្នះ​កំពង់ចាម ២-០ នា​ជំនួប​លី​គ​កំពូល អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ​បាន​និយាយថា​៖«​គីរីវង់​សុខ​សែន​ជ័យ​ជា​ក្រុម​ខ្លាំង​មួយ ពីព្រោះ​គាត់​អាច​យកឈ្នះ​ណាហ្គា​វើ​ល​ទាំង​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​គ​កំពូល ដូច្នេះ​យើង​មិនអាច​មើលងាយ​គាត់​បានទេ​។ គាត់​ជា​ក្រុម​ខ្លាំង​មួយ​សម្រាប់​យើង ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ការពារ​ពេល​លេង​ជាមួយ​គាត់​»៕ 

Tag:
 បាល់ទាត់​
  ហុក សុចិ​ត្រា​
  វិសាខា​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com