ជាតិ
ពលរដ្ឋ​ជាង​៦០០០​គ្រួសារ​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​
14, Aug 2019 , 10:19 pm        
រូបភាព
លំនៅដ្ឋាន​រងការ​លិចលង់​ដោយ​សារ​ទំនប់​អាង​ទឹក​ឈ្មោះ​ទំនប់​​ប្រទាក់​ក្រឡា​ ក្នុង​ឃុំ​កូនសត្វ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​បាក់​ ក្រោយ​ភ្លៀង​​ធ្លាក់​ជាប់ៗ​គ្នា​ប្រហែល​ពីរ​សប្តាហ៍​មក​នេះ។ (ហ៊ុល រស្មី/VOA)
លំនៅដ្ឋាន​រងការ​លិចលង់​ដោយ​សារ​ទំនប់​អាង​ទឹក​ឈ្មោះ​ទំនប់​​ប្រទាក់​ក្រឡា​ ក្នុង​ឃុំ​កូនសត្វ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​បាក់​ ក្រោយ​ភ្លៀង​​ធ្លាក់​ជាប់ៗ​គ្នា​ប្រហែល​ពីរ​សប្តាហ៍​មក​នេះ។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​៦៣៦២​គ្រួសារ កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​មន្ត្រី​ផ្លូវការ​កម្ពុជា​ដែល​បាន​ប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

 
​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឲ្យ​ដឹងថា ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំងនេះ​ស្ថិតក្នុង​ខេត្ត​ចំនួន​ប្រាំមួយ រួមមាន​ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង រតនៈគិរី និង​ខេត្តមណ្ឌលគិរី​។​
 
​លោក កែវ វី បញ្ជាក់​បន្ថែមថា ដីស្រែ​ចំនួន​ជាង​៣១០០​ហិកតា​ត្រូវបាន​ជន់​លិច ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​រង​ការខូចខាត សាលារៀន​ចំនួន​១៩​និង​វត្ត​ចំនួន​ប្រាំបី​ក៏ត្រូវ​លិច​ទឹក​ផងដែរ​។​
 
​អ្នកនាំពាក្យ​ដដែល​បន្តថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្ថិតក្នុង​ស្ថានភាព​ត្រៀម​បម្រុង​សម្រាប់​ជួយ​អន្តរា​គម​ដល់​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​។​
 
«​គឺថា​យើង​នៅក្នុង​ប្រព័ន្ធ​ត្រៀម​បម្រុង​របស់​រដ្ឋាភិបាល គឺ​អត់​ទាន់​មាន​បញ្ចេញ​ទេ ប៉ុន្តែ​ជា​បន្តបន្ទាប់​យើង​អាច​នឹងមាន​ការបញ្ចេញ​ជា​ស្រូវពូជ ជា​គ្រាប់ពូជ បន្លែ​អី ដល់​ប្រជាពលរដ្ឋ​»​។​


មន្ត្រីប៉ូលិសកំពុងជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ នៅខេត្តព្រះសីហនុ។
 
​ទោះជា​យ៉ាងណា ពុំទាន់​មានការ​វាយតម្លៃ​ពី​ការខូចខាត​និង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ថា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ​។​
 
​ភ្លៀង​បាន​ធ្លាក់​យ៉ាងច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ខេត្ត​ភាគ​ឦសាន​និង​ខេត្ត​ជាប់មាត់​សមុទ្រ​ទទួលរង​ផលប៉ះពាល់​ច្រើនជាងគេ​។ ក្នុងនោះ​មាន​ខេត្ត​រតនគីរី មណ្ឌល​គី​រី ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្ត​កែប​។​
 
​រហូតមកទល់​ពេលនេះ​មាន​មនុស្ស​ចំនួន​បួន​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់ និង​ប្រជាពលរដ្ឋ​ចំនួន​១៣៤២​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីកន្លែង​សុវត្ថិភាព​។​
 
VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានទេ នៅ​ថ្ងៃ​អង្គារ​នេះ​។ តែ​លោក​ប្រាប់ VOA កាលពី​ថ្ងៃ​ច័ន្ទ​ថា កម្រិត​ទឹក​ក្នុង​ខេត្ត​ចំនួន​បួន គឺ​ខេត្តរតនគិរី ព្រះសីហនុ កោះកុង បាត់ដំបង ដែល​បាន​ជន់​កន្លងមក កំពុង​ស្រក​ជា​បន្តបន្ទាប់​។ យ៉ាងណាក្តី លោក​ថា សម្រាប់​ខេត្តពោធិ៍សាត់ ទឹក​កំពុង​ជន់​ឡើង ដែល​អាច​នឹង​លិច​នៅ​តំបន់​ទំនាប​។​
 
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​នៅ​ថ្ងៃ​អង្គារ​នេះដែរ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូតដល់​ថ្ងៃទី​១៦​ខែសីហា​។ ហើយ​ខេត្ត​ដែល​ស្ថិតនៅតាម​តំបន់​មាត់សមុទ្រ អាច​ប្រឈម​នឹង​ការ​ជន់​លិច​បន្តទៀត​។​
 
​ស្រប​ពេលដែល​ខេត្ត​មួយចំនួន​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់ បណ្តា​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដូចជា​ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កំពុង​ជួបប្រទះ​នូវ​គ្រោះរាំងស្ងួត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ចុងក្រោយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៩ ខែសីហា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com