ឥណ្ឌា ប្រកាស​បន្ធូរបន្ថយ​ការ​រឹត​ត្បិ​ត​នៅ​កា​ស្មៀ​រ​នៅពេល​ឆាប់ៗ​នេះ​
អន្តរជាតិ
ឥណ្ឌា ប្រកាស​បន្ធូរបន្ថយ​ការ​រឹត​ត្បិ​ត​នៅ​កា​ស្មៀ​រ​នៅពេល​ឆាប់ៗ​នេះ​
15, Aug 2019 , 8:29 am        
រូបភាព
ប្រភពAFP
ប្រភពAFP
​រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​នៅ​ថ្ងៃទី​១៣ ខែសីហា ថា នៅ​តំបន់​កា​ស្មៀ​រ​នឹង​មានការ​បន្ធូរ​ការ​រឹត​ត្បឹ​ត​ក្នុងពេល​ឆាប់ៗ​នេះ​។  សព្វថ្ងៃ តំបន់​កា​ស្មៀ​រ​ស្ថិតក្រោម​ការ​រឹតត្បិត​នៅឡើយ​ដោយមាន​កាត់ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ និង​អ៊ីនធឺណិត​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ ខណៈ​ក្រុង​ញូ​វ​ដេលី​ចង់​បញ្ចៀស​ការតវ៉ា​លើ​ការដក​ឋានៈ​ស័​យ​ភាព​ពិសេស​នៃ​តំបន់​នេះ​។


 
​បន្ទាប់ពី​មានការ​រឹត​ត្បឹ​ត និង​ដក​ឋានៈ​ស្វ័យភាព​ពិសេស​តំបន់​កា​ស្មៀ​រ​មួយរយៈ​មក រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសថា នឹង​លុប​ចោលការ​រឹត​ត្បឹ​ត​នេះ​នៅក្រោយ​ថ្ងៃ​ប្រារព្វ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ​។ 
 
​លោក Satya Pal Malik មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយថា ការ​រឹត​ត្បឹ​ត​នឹង​បន្ធូរបន្ថយ​នៅក្រោយ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ប៉ុន្តែ​ប្រព័ន្ធ​ទូរគមនាគមន៍ និង​អ៊ីនធឺណិត​នៅតែ​បន្ត​កាត់ផ្តាច់​។ លោក​បាន​បន្ថែមថា​៖ «​នៅក្នុង​រយៈពេល​១​សប្តាហ៍ ឬ​១០​ថ្ងៃ អ្វីៗ​នឹង​ប្រសើរឡើង ហើយ​យើង​នឹង​បើក​អោយ​ប្រព័ន្ធ​ទូរគមនាគមន៍​ឡើងវិញ​»​។ 
 
​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​AFP រដ្ឋាភិបាល​បានចេញ​ក្រឹត្យ​ដក​ឋានៈ​ស្វ័យភាព​ពិសេស​ចេញ​តំបន់​កា​ស្មៀ​រ ហើយ​ទាហាន​ប្រមាណ ១0​ម៉ឺន​នាក់​ត្រូវបាន​យកទៅដាក់​ប្រចាំការ​នៅតាម​ទីក្រុង​សំខាន់ៗ​នៃ​តំបន់ Srinagar និង​ភូមិ​ផ្សេងទៀត ដើម្បី​ការពារ​កុំអោយ​មានការ​តវ៉ា​កើតឡើង​។ ប៉ុន្តែ​ការ​រឹង​ត្បឹ​ត​នេះ មិនអាច​ហាមឃាត់​ការតវ៉ា​របស់​ប្រជាជន​ឥស្លាម​ឡើយ​។ ជាក់ស្តែង​ប្រជាជន​ឥស្លាម​ប្រមាណ​ជា​៨០០០​នាក់​បាន​ផ្ទុះ​ការតវ៉ា ហើយ​កងសន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ​។ 
 
​ដោយឡែក​កាលពី​ថ្ងៃទី​១២ ខែសីហា គឺជា​ពិធីបុណ្យ Eid al-Adha ដែលជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​សាសនា​អ៊ីស្លាម រដ្ឋាភិបាល​ឥណ្ឌា​ចេញ​ក្រឹត្យ​ហាមប្រាម​ការរៀបចំ​ពិធីបុណ្យ​នេះ តែ​អនុញ្ញាត​ឲ្យ​មានការ​ប្រារព្ធ​នៅតាម​វិហារ​សាសនា​ឥស្លាម​តូចៗ​តែប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា​ទឹកដី​កា​ស្មៀ​រ​នេះ ត្រូវបាន​បែងចែក​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​តាំងពី​ប្រទេស​ទាំងពីរ​នេះ​បាន​ឯករាជ្យ​មក​។ ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ​នេះ បានទាមទារ​តំបន់​នេះ​ទាំងមូល​។ ការណ៍​នេះ បាន​បណ្តាល​ឲ្យ​ប្រទេស​ទាំង​២​ធ្វើសង្គ្រាម​រវាង​គ្នា​នឹង​គ្នា​ចំនួន​៣​លើក ហើយ​នៅតែ​ប្រភព​នៃ​ការតានតឹង​ដដែល​៕

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com