ជាតិ
​​​ន​យោ​បាយ​ជាតិ​
មជ្ឈមណ្ឌល​បង្វឹក​ទ័ព​កម្ពុជា សុំ​ឲ្យ​វិទ្យាស្ថាន​ទ័ព​វៀតណាម «​ជួយ​គ្រប់​លទ្ធភាព​»
15, Aug 2019 , 9:24 am        
រូបភាព
ជំនួបរវាងលោក ឈុន ឆេង (ស្តាំដៃ) និង លោក ហ័ង ​វ៉ាន់​មីញ (រូបពីក្រសួងការពារជាតិ)
ជំនួបរវាងលោក ឈុន ឆេង (ស្តាំដៃ) និង លោក ហ័ង ​វ៉ាន់​មីញ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា ស្នើសុំ​វិទ្យាស្ថាន​កងទ័ពជើងគោក​វៀតណាម «​ឲ្យ​ជួយផ្តល់​គ្រប់​លទ្ធភាព​» ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​។ 


 
​សំណើ​នេះ គឺ​លើកឡើង​ដោយ​ឧ​ត្ត​ម​សេនី​យ៍​ទោ ឈុន ឆេង នាយសេនាធិការរង និង​ជា​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា ក្នុងជំនួប​ជាមួយ​ឧ​ត្ត​ម​សេនី​យ៍ទោ ហ័ង វ៉ាន់​មី​ញ (Hoang Van Minh) នាយក​វិទ្យាស្ថាន​កងទ័ពជើងគោក​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។ លោក ហ័ង វ៉ាន់​មី​ញ និង គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ នៅ​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៩​នេះ​។ 
 
​បើតាម​ក្រសួងការពារជាតិ​កម្ពុជា លោក ហ័ង វ៉ាន់​មី​ញ  បាន​សន្យា ថា​នឹង​ពាំនាំ​សំណើ​និង​សំណូមពរ​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា ដាក់ជូន​ថ្នាក់លើ​របស់ខ្លួន «​ដើម្បី​សម្រេច​»​។ លោក ក៏បាន​សន្យា​ដែរ ថា​នឹង​បន្ត​ខិតខំ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា និង​វិទ្យាស្ថាន​ទ័ពជើងគោក​វៀតណាម ឲ្យ​ល្អប្រសើរ​ទ្វេដង​។   
 
​លើសពីនេះ លោក ហ័ង វ៉ាន់​មី​ញ បាន​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រឹងប្រែង​របស់​នាយ​ទាហាន ពលទាហាន​គ្រប់​ជំនាញ ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​។​
 
​ក្នុងជំនួប​នោះ លោក ឈុន ឆេង បាន​រៀបរាប់​ប្រា​ប់លោក ហ័ង វ៉ាន់​មី​ញ អំពី​រចនាសម្ព័ន្ធ​ចាត់តាំង តួនាទី និង ភារកិច្ច​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា ដែលជា​សេនាធិការ​ឲ្យ​កងទ័ពជើងគោក​កម្ពុជា ក្នុងការ​ហ្វឹកហ្វឺន ការបណ្តុះបណ្តាល និង ការ​បំប៉នបំពេញ​វិជ្ជា​ដល់​នាយពល​ទាហាន​គ្រប់​ជំនាញ​។ 
 
​លោក ឈុន ឆេង បន្តថា សមិទ្ធផល​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺមាន​ចំណែក​នៃ​ការជួយឧបត្ថម្ភ​របស់​ដៃគូ​នានា ហើយ​ក្នុងនោះ យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​វៀតណាម «​បានផ្តល់​តាម​តម្រូវការ​» របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​កម្ពុជា ចាប់តាំងពី​បានប្រកាស​ចងសម្ព័ន្ធភាព​ជាមួយគ្នា ក្នុង​ឆ្នាំ​២០១៦​មក​៕ 
 

Tag:
 កម្ពុជា​-​វៀតណាម​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com