ជាតិ
នយោបាយជាតិ
លោក ផៃ ស៊ីផាន ប្រាប់ពីមូលហេតុដែលនាយករដ្ឋមន្ត្រីគ្មានវត្តមាននៅតំបន់រងគ្រោះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។ រូបថត អ៊ូ សុខមាន
× ស្ថានភាពគ្រោះទឹកជំនន់នៅខេត្តព្រះសីហនុ រតនគិរី និងបណ្តាខេត្តមួយចំនួននារយៈពេលចុងក្រោយនេះ មិនទាន់ដល់កម្រិតប្រកាសអាសន្ននោះឡើយ ដូច្នេះមិនទាន់ដែលពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះដល់មូលដ្ឋាននោះដែរ។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា។
លោក ផៃ ស៊ីផាន បានអះអាងថា ស្ថានភាពទឹកជំនន់បច្ចុប្បន្ន មិនទាន់តម្រូវឲ្យសម្តេច ហ៊ុន សែន ត្រូវចុះមូលដ្ឋានផ្ទាល់នោះឡើយ ប៉ុន្តែសម្តេចតែងតែតាមដានជាប្រចាំ តាមរយៈការចេញបទបញ្ជា និងចាត់វិធានការគ្រប់បែបយ៉ាង ទាំងតាមហ្វេសប៊ុក និងការបញ្ជាផ្ទាល់។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនមានបញ្ហាសុខភាពអ្វីនោះឡើយ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកឡើងរបស់លោក គឺដើម្បីឆ្លើយតបទៅនឹង «ជនអគតិ» មួយចំនួនដែលមាក់ងាយសុខភាពផ្ទាល់របស់នាយករដ្ឋមន្ត្រី។
លោកបានបន្ថែមថា ការមិនមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ស្អែកនេះ ក៏គ្មានអ្វីពាក់ព័ន្ធនឹងសុខភាពរបស់សម្តេច ហ៊ុន សែន នោះដែរ ដោយគ្មានរបៀបវារៈគ្រប់គ្រាន់ដែលត្រូវពិភាក្សា ឬអនុម័ត ហើយការប្រជុំជាលក្ខណៈអន្តរក្រសួង នៅតែបន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com