អន្តរជាតិ
បញ្ជូន​ប៉ូលិស​ប្រដាប់អាវុធ​ទៅ​ក្បែរ​ហុងកុង​, ប៉េកាំង​កំពុង​បំភ័យ​បាតុករ ឬ​ចង់​លេង​មែនទែន​?
15, Aug 2019 , 10:41 am        
រូបភាព
រថយន្តរបស់ប៉ូលិសប្រដាប់អាវុធប្រជាជនចិន។ រូបភាព South China Morning Post
រថយន្តរបស់ប៉ូលិសប្រដាប់អាវុធប្រជាជនចិន។ រូបភាព South China Morning Post
​រថយន្តយោធា​រាប់រយ​គ្រឿង បាន​ចត​នៅ​មណ្ឌលកីឡា​មួយកន្លែង​ក្នុង​ទីក្រុង​ស៊ិន​ជិន ជាប់​ព្រំប្រទល់​ជាមួយ​ទឹកដី​ហុងកុង ជាទី​ដែល​រង​ការរញ្ជួយ​ញាប់​ញ័រ​ដោយសារ​បាតុករ​ជាង​ពីរ​ខែ​មកនេះ​។ រថយន្ត​ទាំងនោះ​មកពី​កម្លាំង​ប៉ូលិស​ប្រដាប់អាវុធ​ប្រជាជន (PAP) បាន​ទៅដល់​ស៊ិន​ជិន​តាំងពីដើម​សប្ដាហ៍​មក ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។ តើ​ប៉េកាំង​ប្រើ​យុទ្ធសាស្ត្រ​បំភ័យ ឬ​ចង់​លេង​មែនទែន​ដូច​៣០​ឆ្នាំមុន​?

 
​ស្ថានការណ៍​នៅ​ទីក្រុង​ហុងកុង នៅ​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ ចាប់តាំងពី​ការផ្ទុះ​ការតវ៉ា​នៅ​ដើមខែ​មិថុនា​ប្រឆាំង​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស​។ ផ្ដើម​ពី​រឿងនេះ ការតវ៉ា​ក៏​រាលដាល​កាន់តែ​ធំ​ឡើង ហើយ​ប្រែ​ទៅជា​ការទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ ប្រឆាំង​ការ​លូកដៃ​ជ្រៅ​របស់​រដ្ឋាភិបាល​មជ្ឈិម​នៅ​ប៉េកាំង​ចូល​កិច្ចការ​ហុងកុង ដែល​កន្លងមក​អនុវត្តតាម​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ។ 
 
​ការធ្វើ​បាតុកម្ម​ស្ទើរ​រាល់ថ្ងៃ​ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាជន ពិសេស​មុខមាត់​របស់​ហុងកុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​របស់​ពិភពលោក​។ មេដឹកនាំ​ហុងកុង ព្រមាន​ជាច្រើនលើក​ថា បាតុករ​កំពុង​រុញច្រាន​ហុងកុង​ឲ្យ​ដើរ​ដល់​ផ្លូវ​ដែល​មិនអាច​បក​ក្រោយ​បាន បើ​មិន​ព្រម​បញ្ឈប់​ការតវ៉ា​ទេនោះ​។ ប៉ុន្តែ​ការទាមទារ​នៅតែ​មិនទាន់​ទទួលបាន បាតុករ​វ័យក្មេង​នៅ​ហុងកុង នៅតែ​មិនទាន់​ដកថយ​ដដែល​។ 
 
​ប៉េកាំង ចង់​បំភ័យ​បាតុករ​ហុងកុង​?
 
​ស្រប​ពេលដែល​សភាពការណ៍​តានតឹង​ជា​លំដាប់ ចិន​ក៏​ចល័ត​ប៉ូលិស​ប្រដាប់អាវុធ​ប្រជាជន (PAP) ទៅកាន់​ទីក្រុង​ស៊ិន​ជិន ដែល​ជាប់​ហុងកុង​។ បើតាម​វីដេអូ​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន People’s Daily និង Global Times  រថយន្ត​ទាំង​ខ្សែៗ បានធ្វើ​ដំណើរ​ចូល​ទីក្រុង​ស៊ិន​ជិន​នៅ​ដើម​សប្ដាហ៍​កន្លងទៅ​។ ចំណែក​រូបភាព​ពីលើ​អាកាស​ដែល​បញ្ចេញ​ដោយ Maxar ក៏​បង្ហាញ​ពី​វត្តមាន​រថយន្ត​ដឹកនាំ​យោធា​រាប់រយ​គ្រឿងក្នុង​ពហុ​កីឡដ្ឋាន​មួយកន្លែង​។​
 
 
​វត្តមាន​ប៉ូលិស​ប្រដាប់អាវុធ បង្ក​ឲ្យ​មានការ​បារម្ភ​ថា ចិន​អាចធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ចប់​បាតុកម្ម​នៅ​ហុងកុង ដែល​ខ្លួន​ចោទថា មាន​សញ្ញា​ភេរវកម្ម​ទៅហើយនោះ​។ ប៉ុន្តែ​សារព័ត៌មាន​រដ្ឋ​ចិន​ផ្សាយ​ថា វត្តមាន​ប៉ូលិស​ប្រដាប់អាវុធ​នៅ​ស៊ិន​ជិន គឺ​ដើម្បី​ចូលរួម​សមយុទ្ធ​ដែល​បានគ្រោង​ទុកជា​យូរ​មកហើយ​ប៉ុណ្ណោះ​។ មន្ត្រី​អាមេរិក​និយាយថា ចំនួន​ប៉ូលិស​ប្រដាប់អាវុធ​នេះ មាន​ខ្ទង់ពាន់​នាក់​ឯណោះ តែ​មិនទាន់មាន​សញ្ញា​ពី​ការ​ចល័ត​ទៅ​ហុងកុង​នៅឡើយ​ទេ​។​
 
​ការពង្រាយ​ប៉ូលិស​ពិសេស​ច្រើន​នៅ​ព្រំដែន​នេះ អាចជា​យុទ្ធសាស្ត្រ​របស់​ប៉េកាំង​ក្នុងការ​បំភ័យ​បាតុករ​ហុងកុង​ឲ្យ​បាក់ស្បាត ហើយ​បញ្ចប់​ការតវ៉ា​របស់ខ្លួន​ឲ្យ​បាន​លឿន​។ ប៉េកាំង ពិតជា​មិន​ពេញចិត្ត​ឡើយ​នឹង​ទង្វើ​គឃ្លើន​របស់​បាតុករ​នាពេល​កន្លងមក ពិសេស​ការវាយប្រហារ​លើ​ការិយាល័យ​តំណាង​រដ្ឋា​ភិ​បាក​មជ្ឈិម និង​ការ​លាប​ពណ៌​ខ្មៅ​លើ​រូប​សញ្ញា​ជាតិ​ដែល​តំណាង​ឲ្យ​ចិន​ទាំងមូល​នោះ​។ បើ​ប៉ូលិស​ប្រដាប់អាវុធ​ចិន​លូកដៃ ការតវ៉ា នឹង​ឆាប់​ចប់​មិន​ខាន​។ 

​ហុងកុង​ក្លាយជា​ធាន​អាន​មិន​ទី​ពីរ​?
 
​គ្រាន់​ឃើញ​ពី​វត្តមាន​ប៉ូលិស​ប្រដាប់អាវុធ​ចិន​នៅជាប់​ហុងកុង ដិតដាម​ព្រឹត្តិការណ៍​ធាន​អាន​មិន​ឆ្នាំ​១៩៨៩ ក៏​វិល​ត្រឡប់មកវិញ​។ សំណួរ​មួយ​ក៏​លេចឡើង តើ​ហុងកុង​នឹង​ក្លាយជា​ធាន​អាន​មិន​ទី​ពីរ​មែន​ទេ​? រថក្រោះ​បើក​ជាន់​បាតុករ ឈាម​ដាប​ពេញ​ទីលាន មនុស្ស​ស្លា​ប់គរ​ជើង​គ្នា​ដោយសារ​ការបាញ់រះ​មិន​រើសមុខ​របស់​កម្លាំង​សន្តិសុខ​។ នេះ​ជា​រឿងរ៉ាវ​កាលពី​៣០​ឆ្នាំមុន ដែល​បច្ចុប្បន្ន ជា​រឿង​រសើប​មួយ​របស់​បក្ស​កុម្មុយនីស្ត​ចិន​។​
 
​តើ​រដ្ឋអំណាច​ប៉េកាំង​ចង់់់​ឲ្យ​រឿង​បែបនេះ​កើត​ម្ដងទៀត​? បើ​គ្រាន់តែ​ចង់​បញ្ចប់​ការតវ៉ា វាច​ជា​រឿង​ងាយស្រួល​មួយ ប៉ុន្តែ​ផលវិបាក​រយៈពេល​វែង ជា​បញ្ហា​ប្រឈមមុខ​ដែល​ប៉េកាំង​ត្រូវ​គិតគូរ មុននឹង​អនុវត្ត​យុទ្ធសាស្ត្រ​ដ៏​គ្រោះថ្នាក់​នេះ​។ បើ​មានការ​បង្ក្រាប​មែន មុខមាត់​របស់​ចិន​ដែល​ទទួលបាន​ដោយ​លំបាក នឹង​អសារ​បង់​ទៅវិញ ចំណែកឯ​មុខមាត់​ហុងកុង​ជាទី​ក្រុង​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ធំ ក៏ត្រូវ​រលាយ​ដែរ​។ វិបត្តិ​សេដ្ឋកិច្ច នឹង​កើតឡើង​ចំពោះ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។​
 
​តើ​ប៉េកាំង​សុខចិត្ត​បោះបង់​មុខមាត់ កេរ្តិ៍ឈ្មោះ​ដើម្បី​គ្រាន់តែ​បោសសម្អាត​បាតុករ​ឬ​? សម្រាប់​ស្ថា​ការណ៍​សព្វថ្ងៃ វា​មិនទាន់​ដល់​ដំណាក់​កាលដែល​ចិន​ទ្រាំលែងបាន​នៅឡើយ​ទេ​។ ការសម្រេចចិត្ត​នៅ​ស្ងៀម ហើយ​រិះគន់​បាតុកម្ម ទំនងជា​ផ្លូវ​ដើរ​ដ៏​ល្អ​សម្រាប់​ប៉េកាំង ហើយ​ឃ្លាំមើល​សកម្ម​ភា​ពី​ចម្ងាយ ដោយ​ទុក​ឲ្យ​ប៉ូលិស​ហុងកុង ជា​អ្នក​តទល់​បាតុករ​ជំនួស​វិញ​។ ម្យ៉ាងទៀត បាតុកម្ម ក៏​មិនទាន់​ទៅ​ហួស​ពី​បន្ទាត់​ក្រហម​ដែរ​។ 
 
​ទោះ​មិនទាន់មាន​ចំណាត់ការ​ក្ដៅ ប៉េកាំង​ក៏​ទំនងជា​មិន​ទុក​ឲ្យ​វិបត្តិ​នៅ​ហុងកុង​អូសបន្លាយ​យូរ​ដែរ​។ នេះ​ក៏​ព្រោះតែ​នៅ​បាំង​តែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បុណ្យជាតិ​ទី​៧០ របស់​ចិន​ហើយ​។ ថ្ងៃទី​១ ខែតុលា ជា​ថ្ងៃកំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូចនេះ​ប៉េកាំង​ពិតជា​មិន​ចង់​អបអរ​ថ្ងៃ​ពិសេស​នេះ ដោយមាន​បញ្ហា​នៅ​ហុងកុង​ឡើយ ព្រោះ​បង្ហាញថា បក្ស​កុម្មុយនីស្ត​មិនទាន់​អាចបំពេញ​បំណង​ប្រជាជន​ចិន​ទាំងមូល​នៅឡើយ​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com