ជាតិ
ក្រោយ​ករណី​ផ្ទុះ លោក ទៀ សីហា ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ហាង​ហ្គាស​ទាំងអស់​ទូទាំង​ខេត្ត​
15, Aug 2019 , 11:27 am        
រូបភាព
​សៀមរាប​៖ ហេតុការណ៍​ផ្ទុះ​ហ្គាស​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប ដែល​បណ្ដាលឱ្យមាន​ជនរងគ្រោះ​សរុប​ជាង​១០​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់​ដែរ​។ អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​មិនមាន​អ្នកស្លាប់​ឡើយ ហើយ​ជនរងគ្រោះ​ទាំងអស់​គឺមាន​សុវត្ថិភាព​។ ជាមួយគ្នានេះ អភិបាលខេត្ត​សៀមរាប​ក៏បាន​ចាត់​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាម​បណ្ដា​ហាង​បញ្ចូល​ហ្គាស​នានា​ក្នុង​ក្រុង ដើម្បី​ជៀសវាង​កើតហេតុ​ការណ៍​ដូច​លើក​នេះ​ជាថ្មី​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey នៅ​ព្រឹក​ថ្ងៃទី​១៥ សីហា លោក ទៀ សីហា ក្នុងអំឡុងពេល​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រវាត់​ក្រុង​សៀមរាប បានបង្ហាញ​អារម្មណ៍​សោកស្ដាយ​ទៅនឹង​ហេតុការណ៍​ផ្ទុះ​ហ្គាស​ដែល​បណ្ដាលឱ្យមាន​ជនរងគ្រោះ​សរុប ១៣​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់ ដែល​លោក​អភិបាលខេត្ត​បញ្ជាក់ថា ជា​គ្រូ​ស្ម័គ្រចិត្ត​ដែល​ម្នាក់​ជា​ជនជាតិ​អង់គ្លេស និង​ម្នាក់ទៀត​ជនជាតិ​អាមេរិក​។ ករណី​ជនបរទេស​នេះ លោក ទៀ សីហា ប្រាប់ថា​បាន​បញ្ជូន​ទៅដល់​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​នៅវេលា​ម៉ោង​១​រំលង​អាធា​ត្រ​យប់មិញ​។​
 
«...​ជនរងគ្រោះ​នៅ​ព្យាបាល​ក្នុង​ខេត្ត​មាន​តិច​ទេ ក្នុងនោះ​៥​ទៅ​៦​នាក់ ចេញទៅ​ព្យាបាល​នៅ​ពេទ្យ សុ​រិ​ន និង​អ៊ូ​ប៊ុន (​ប្រទេស​ថៃ​) អ្នក​របួសធ្ងន់​មានតែ​២​នាក់​ទេ គឺ​ម្ចាស់​ហាង និង​បងកម្លាំង​នគរបាល​...​អត់​មាន​អ្នកស្លាប់​ទេ​..​ខ្ញុំ​បាន​ចាត់វិធានការ ស្នើសុំ​ទៅ​មន្ទីរ​រ៉ែ​ចុះ​សិក្សា​ត្រួតពិនិត្យ​បច្ចេកទេស​ទាំងអស់​នៅ​ក្រុង​សៀមរាប ដើម្បីឱ្យ​កែ ករណី​ហាង​ហ្គាស​ដែល​ផ្ទុះ​នេះ ខុស​គឺ​គាត់​ធ្វើ​ដំបូល​ពីលើ ធម្មតា​មិនអាច​ធ្វើ​បានទេ ព្រោះ​ពេល​លេច​ហ្គាស​មកវា​កក​ខាងលើ បណ្ដាលឱ្យ​ផ្ទុះ​»​។ នេះ​ជាការ​លើកឡើង​របស់​អភិបាលខេត្ត​សៀមរាប​។​
 
​ជាមួយគ្នា លោក ទៀ សីហា បាន​សម្ដែង​ការសោកស្ដាយ និង​ថា​ហេតុការណ៍​ដែល​មិន​នឹកស្មាន​នេះ​បាន​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​អន្ដរជាតិ​មក​កម្សាន្ត​ខេត្តសៀមរាប​។​
 
​សូម​ស្ដាប់​សំឡេង​របស់​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ដូចតទៅ​៖



 
​គួរ​បញ្ជាក់ថា ករណី​ផ្ទុះ​ហាង​លក់​ហ្គាស​មួយកន្លែង​នៅតាម​បណ្ដោយ​ផ្លូវ​លោកតា​ណឺ​យ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១​រសៀល ថ្ងៃទី​១៤ សីហា ដែល​បណ្ដាលមកពី​ធ្លាយ​ធុង​ហ្គាស​រថយន្ត​ដែល​ចូល​ចាក់​នៅពេលនោះ​៕

Tag:
 ផ្ទុះ​ហ្គាស​នៅ​សៀមរាប​
  ទៀ សីហា​
© រក្សាសិទ្ធិដោយ thmeythmey.com