កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទី Adrian ជា​វីរបុរស ជួយ Liverpool ឈ្នះ Chelsea លើក​ពាន Super Cup
15, Aug 2019 , 11:49 am        
រូបភាព
​លោក Jurgen Klopp រីករាយ​ចំពោះ​ការបង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​របស់ Adrian បន្ទាប់ពី​អ្នកចាំទី​ចំណូល​ថ្មី​រូបនេះ​បាន​ក្លាយជា​វីរបុរស​ក្នុង​ការជួយ Liverpool លើក​ពាន UEFA Super Cup ឆ្នាំ​២០១៩ និង​ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​យកឈ្នះ Chelsea តាមរយៈ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៥-៤​។​


 
Adrian ដែល​ទើប​ចូលរួម​ជាមួយ​ហង្ស​ក្រហម​រដូវ​កាល​នេះ ជា​អ្នក​រារាំង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចុង​ក្រោយពី​សំណាក់ Tammy Abraham ខ្សែប្រយុទ្ធ Chelsea ក្នុងចំណោម​ការ​ស៊ុត​សរុប​ទាំង​៥​លើក​ដូចគ្នា​។ ក្រុម​ពី​ក្របខណ្ឌ Premier League ទាំងពីរ​នេះ បញ្ចប់​ការប្រកួត​ទាំង​ម៉ោង​ផ្លូវការ និង​បន្ថែម​១៥​នាទី​ពីរដង​ក្នុង​លទ្ធផល ២-២ មុន​ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី នា​ជំនួប​ក្នុង​ក្រុង Istanbul ប្រទេស​តួ​ក​គី នា​រាត្រី​ថ្ងៃទី​១៤ ខែសីហា​។ 


 
​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដែល​លោក Klopp ទិញ​ពី West Ham United ដោយ​គ្មាន​តម្លៃ​ផ្ទេរ ដើម្បី​ជំនួស​តំណែង​អ្នកចាំទី Simon Mignolet បាន​ក្លាយជា​ជម្រើស​ដំបូង​របស់ Liverpool សម្រាប់​ជំនួប​ដណ្តើមពាន Super Cup បន្ទាប់ពី អ្នកចាំទី​ឆ្នើម Alisson របួស​។​
 
អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ពិតជា​រំភើបចិត្ត​ជាមួយ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ Adrian សម្រាប់​ជំនួប​សំខាន់​នេះ​។​
 
«Adrian ធ្វើ​បានល្អ​ណាស់ ហើយ​គាត់​ជា​វី​បុរស​។ គាត់​បាន​សង្គ្រោះ​បាល់​ដ៏​មិនគួរ​ឲ្យ​ជឿ ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​សម្រាប់​ការបង្ហាញ​ខ្លួន​របស់គាត់​»​។ Klopp ប្រាប់​ទូរទស្សន៍ BT Sport បែបនេះ​ក្រោយ​ចប់​ការប្រកួត​។​
 
Liverpool ជា​អ្នក​តាម​ពីក្រោយ​ការនាំ​មុខ​របស់ Chelsea ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធ Olivier Giroud នៅ​នាទី​៣៦ មុនពេល​ខ្សែបម្រើ Sadio Mane ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​៤៨ ហើយ​លទ្ធផល​១-១ រក្សា​រហូតដល់​ចប់​ម៉ោង​ផ្លូវការ​៩០​នាទី​។ ចូលដល់​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង Mane បានសម្រេច​គ្រាប់​បាល់​នាំមុខ​វិញ​នៅ​នាទី​៩៥​។ យ៉ាងណា​ការទា​ត់បាល់​បញ្ចូល​ទី​នៅ​នាទី ១០១ តាមរយៈ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​របស់​ខ្សែបម្រើ Jorginho បានធ្វើ​ឲ្យ​ក្រុម​របស់លោក Frank Lampard និង​លោក Klopp ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ដោយ Liverpool ឈ្នះ Chelsea ៥-៤៕
 

Tag:
 Super Cup
  Adrian
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com