កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងបារម្ភលើទីលានអង្គរថាយហ្គឺរ តែប្តេជ្ញាពង្រឹងក្រុមឲ្យបានល្អ
× ក្រុមព្រះខ័នរាជស្វាយរៀងហាក់បារម្ភលើស្ថានភាពទីលាន ពេលប៉ះជាមួយក្រុមអង្គរថាយហ្គឺរ នាជំនួបជើងទី១ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី១៥ ខែសីហា នេះ នាកីឡដ្ឋានខេត្តសៀមរាប។ តែយ៉ាងណាពួកគេប្តេជ្ញានឹងរៀបចំខ្លួនឲ្យបានល្អសម្រាប់ការប្រកួតដ៏សំខាន់មួយនេះ ហើយជឿជាក់ថា វានឹងក្លាយជាការប្រកួតមួយដ៏តានតឹងនិងជក់ចិត្តបំផុត។
ជំនួយការគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងលោក ជូ សារឿន ជឿជាក់ថាការប៉ះគ្នារវាងព្រះខ័នរាជស្វាយរៀងជាមួយអង្គរថាយហ្គឺរក្នុងពានរង្វាន់សម្តេច ហ៊ុន សែន នៅម៉ោង៣:៣០នាទីរសៀលនេះ នឹងក្លាយជាជំនួបដ៏ស្វិតស្វាញនិងទាក់ទាញបំផុតសម្រាប់ទស្សនិកជន។ គ្រូជំនួយរូបនេះបានចាត់ទុកការធ្វើដំណើរ និងគុណភាពទីលាន ជាបញ្ហាប្រឈមសម្រាប់ព្រះខ័នរាជស្វាយរៀង ដែលត្រូវដោះស្រាយ និងធ្វើយ៉ាងណាឲ្យកីឡាករស៊ាំខ្លួនជាមួយទីលាន។
«ការប្រកួតកន្លងមកជាមួយអង្គរថាយហ្គឺរគឺមានភាពតានតឹងគ្រប់កាលៈទេសៈ ដូច្នេះការប៉ះគ្នាលើកនេះយើងមិនអាចមើលងាយគូប្រកួតបានទេ ព្រោះការរបស់យើងឲ្យតែប៉ះគាត់ទាំងក្នុងលីគ គឺតានតឹងខ្លាំងណាស់។ ការធ្វើដំណើរផ្លូវឆ្ងាយ ហើយណាមួយខុសទីលានហ្វឹកហាត់ទៀត ដូច្នេះយើងត្រូវពង្រឹងក្រុមយើងឲ្យស៊ាំជាមួយទីលាន ដើម្បីប្រកួតជាមួយអង្គរថាយហ្គឺរ»។ នេះជាការលើកឡើងរបស់លោក ជូ សារឿន។
លោក ជូ សារឿន និយាយក្នុងកម្មវិធីចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយកាលពីពេលកន្លងទៅ
ព្រះខ័នរាជស្វាយរៀងទើបតែជួបអង្គរថាយហ្គឺរ ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ កាលពីសប្តាហ៍មុន ដោយពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីខេត្តសៀមរាប។ ប៉ុន្តែសម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន គឺទាមទារឲ្យក្រុមទាំងពីរប្រើប្រាស់ធនធានកីឡាករខ្មែរសុទ្ធ ដែលកត្តាធ្វើឲ្យក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង មានក្តីរំពឹងខ្ពស់ក្នុងការប្រកួតថ្ងៃនេះ ដោយសារសមាជិកពួកគេភាគច្រើនជាកីឡាករជម្រើសជាតិ។
«ពានរង្វាន់សម្តេចដោយប្រើធនធានខ្មែរដូចគ្នា វាមិនអីនោះទេ តែយើងនៅខ្លាចលើបញ្ហាតារាងនឹងតែម្តង។ ការប្រើកីឡាករខ្មែរសុទ្ធគ្រាន់តែថាយើងមានតែមជាង គ្រាន់តែថា កីឡាករយើងម្នាក់ៗមានបទពិសោធច្រើន និងសុទ្ធសឹងជាកីឡាករជម្រើសជាតិ ហើយគេមិនសូវមាននោះទេ។ ប៉ុន្តែដោយសារគេ(អង្គរថាយហ្គឺរ)ជាម្ចាស់ទឹកដី គេស៊ាំជាមួយតារាង ខណៈយើងអត់ស៊ាំជាមួយតារាង»។ នេះជាការបន្ថែមរបស់គ្រូជំនួយរូបនេះ។
មុនឡើងមកជួបគ្នានៅវគ្គ១/២ផ្តាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជស្វាយរៀងបានទម្លាក់ម្ចាស់ជើងឯកថ្នាក់ខេត្ត ត្បូងឃ្មុំ ក្នុងលទ្ធផលទាំងពីរជើង ៧-១ ខណៈអង្គរថាយហ្គឺរទម្លាក់អគ្គិសនីកម្ពុជាយ៉ាងប្រផិតប្រផើយ ៣-២៕
Tag:
អង្គរថាយហ្គឺរ
ព្រះខ័នរាជស្វាយរៀង
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com