អន្តរជាតិ
លោក លី សៀន​ឡុង​៖ សិង្ហ​បុរី ត្រូវ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ បើ​មិន​ចង់​ត្រូវ​ទឹក​លិច​
15, Aug 2019 , 2:22 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​នៅ​ថ្ងៃទី ១៥ ខែសីហា និយាយថា សុន្ទរកថា​របស់លោក​នា​ថ្ងៃទី​១៨ ខែសីហា ក្នុង​ពិធី​ជួបជុំ​ថ្នាក់ជាតិ​(National Day Rally) នឹង​លើកឡើង​ពី​បម្រែបម្រួល​អាកាសធាតុ និង​របៀប​ដែល​សិង្ហ​បុរី​ទទួលខុសត្រូវ​លើ​បញ្ហា​មួយ​នេះ​។


 
​បម្រែបម្រួល​អាកាសធាតុ ពិសេស​ការឡើង​កម្ដៅ​ផែនដី ជា​ប្រធានបទ​សំខាន់​ក្នុង​សុន្ទរកថា​ប្រចាំ​២០១៩ របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ។ ដោយ​ស្រង់​របាយការណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន BBC លោក លី បាន​និយាយថា វា​ជា​ករណី​អាក្រក់​បំផុត ដែល​កម្តៅ​នៅ​សិង្ហ​បុរី​ក្នុង​ខែកក្កដា នឹង​កើនឡើង​ពី ២៧,៨​អង្សា ដល់​៣១,១ អង្សា​ក្នុង​ឆ្នាំ ២១០០ ខាងមុខ​។ 
 
​តាមរយៈ​ការ​បង្ហោះ​នៅលើ​គណនី Facebook ផ្ទាល់ខ្លួន លោកនាយក​រដ្ឋមន្ត្រី​និយាយថា​៖ «​នេះ​គឺជា​កម្រិត​អាកាសធាតុ​ជា​មធ្យម​ប្រចាំខែ​។ កម្រិត​អតិប្បរមា​នៃ​សីតុណ្ហភាព គឺ​វា​ខ្ពស់​ខ្លាំងណាស់​។ ថ្ងៃនេះ​ពួកយើង​រង​កម្តៅ​នៅពេល​ថ្ងៃ​ដល់ ៣២​អង្សា ឬ​រហូតដល់ ៣៤​អង្សា​ឯណោះ​។ ដូ​នេះ​រហូតដល់​ឆ្នាំ ២១០០ វា​នឹង​កើន​ដល់​៣៧​អង្សា​»​។ 
 
​លោក លី សៀន​ឡុង បាន​បន្ថែមទៀតថា សិង្ហ​បុរី​ត្រូវតែ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ព្រោះ​ជា​ប្រទេស​ដី​ទាប សិង្ហ​បុរី​ប្រឈមមុខ​ខ្លាំង​នឹង​ការលិចលង់​នៅពេល​កម្រិត​ទឹកសមុទ្រ​កើនឡើង​។ ដូច្នេះហើយ លោក​នឹង​លើកយក​បញ្ហា​នេះ​ទៅ​និយាយ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​តែម្ដង​។ 
 
​ចំណែក​រដ្ឋមន្ត្រី​ធនធានទឹក និង​បរិស្ថាន Masagos Zulkifli និយាយ​នៅ​វេទិកា​ដៃគូ​សម្រាប់​បរិស្ថាន​ក្នុង​ឆ្នាំ ២០១៩ ថា ការដោះស្រាយ​បញ្ហា​អាកាសធាតុ​ត្រូវតែ​ជា​បញ្ហា​ចំបង និង​ជាការ​គំរាមកំហែង​គួរអោយ​បារម្ភ​សម្រាប់​សិង្ហ​បុរី ។ សិង្ហ​បុរី ត្រូវតែ​ចាប់ផ្តើម​ពី​ឥឡូវនេះ បើ​មិន​ចង់​ជួប​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ទេនោះ​៕ 

Tag:
 ​សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com