ជាតិ
សង្គមជាតិ
កំពត៖ ដោយសារទឹកជំនន់ ក្រសួងដូរមណ្ឌលប្រឡងពីអនុវិទ្យាល័យ ហ៊ុន សែន ក្រាំងអំពិល ទៅសាលា គួង យ៉ុក វិញ
× ភ្នំពេញ៖ មណ្ឌលប្រឡងនៅអនុវិទ្យាល័យ ហ៊ុន សែន ក្រាំងអំពិល ដែលមាន១៤បន្ទប់ ជាមណ្ឌលប្រឡងសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្កម ត្រូវបានរងគ្រោះដោយសារទឹកជំនន់ ដែលធ្វើឲ្យជនលិច និងមានការលំបាកក្នុងការប្រឡង។ ដូច្នេះក្រសួងអប់រំ សម្រេចប្តូរមកប្រឡងនៅសាលារៀន គួង យ៉ុក វិញ ដើម្បីសម្រួលដល់ការប្រឡងរបស់សិស្សប្រកបដោយសុវត្ថិភាព។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្រសួងអប់រំធ្វើការផ្លាស់ប្តូរមណ្ឌលនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងអំពិល មកនៅសាលារៀន គួង យ៉ុកវិញនេះ ដោយសង្កេតឃើញថា សា្ថនភាពទឹកជំនន់នៅតែមិនទាន់ស្រកនៅឡើយសម្រាប់មណ្ឌលប្រឡងក្នុងវិទ្យាល័យ ហ៊ុន សែន ក្រាំងអំពិល នៅឡើយទេ។ ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងអប់រំបានសហការគ្នាជាមួយមន្ទីរអប់រំខេត្តកំពត នឹងរៀបចំមណ្ឌលថ្មី ដែលនៅជិតមណ្ឌលប្រឡងដែលរងការជន់លិច។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«ប៉ុន្មានថ្ងៃកន្លងទៅនេះនៅខេត្តកំពតមានភ្លៀងធ្លាក់ជោគជាំខ្លាំង ដែលធ្វើឲ្យមណ្ឌលតែមួយប៉ុណ្ណោះនៅខេត្តកំពត រងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ដូច្នេះក្រុមការងារដែលពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យ ដោយសង្កេតឃើញថា ទឹកជំនន់នោះ វានៅតែមិនទាន់ស្រក។ បើសិនជាយើងទុកឲ្យវាស្រកតាមធម្មជាតិ វាអាចនឹងប្រើពេលយូរ យើងអត់ច្បាស់ថាវាអាចស្រកទាន់ពេលប្រឡងហ្នឹងអត់ទេ។ ដើម្បីបន្ថយហានិភ័យហ្នឹង ក្រុមការងារក៏សម្រេចផ្លាស់ប្តូរឲ្យហើយទៅ»។
អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា មានតែមួយមណ្ឌលនៅខេត្តកំពតតែប៉ុណ្ណោះ ដែលជនលិចទឹកខ្លាំង ដែលក្រសួងសម្រេចផ្លាស់មកមណ្ឌលថ្មី ចំណែកខេត្តដទៃទៀតមិនទាន់មានករណីនេះកើតឡើងនៅឡើយទេ។ បើសិនជាមានក្រសួងនឹងធ្វើការផ្លាស់ប្តូរឲ្យទាន់ពេលវេលាប្រឡងផងដែរ។
សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រឡងចំនួន១០ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រចំនួន៤ ចែកចេញជា៦៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១០ ចែកចេញជា១៤៦បន្ទប់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយមានសិស្សប្រឡងសរុបចំនួន១១៩,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។ តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ៤៥,៤១៤នាក់(ស្រី២,៥៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧៣,៨០៣នាក់ (ស្រី៣៥,៥៣៨នាក់)។ មណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ចែកចេញជាបន្ទប់សរុបមាន៤៧២៥បន្ទប់៕
© រក្សាសិទ្ធិដោយ thmeythmey.com