ជាតិ
សង្គមជាតិ
កំពត​៖ ដោយសារ​ទឹកជំនន់ ក្រសួង​ដូរ​មណ្ឌល​ប្រឡង​ពី​អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល ទៅ​សាលា គួ​ង យ៉ុ​ក វិញ
15, Aug 2019 , 2:33 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មណ្ឌល​ប្រឡង​នៅ​អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល ដែលមាន​១៤​បន្ទប់ ជា​មណ្ឌល​ប្រឡង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្ក​ម ត្រូវបាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ជន​លិច និង​មានការ​លំបាក​ក្នុងការ​ប្រឡង​។ ដូច្នេះ​ក្រសួង​អប់រំ សម្រេច​ប្តូរ​មក​ប្រឡង​នៅ​សាលារៀន គួ​ង យ៉ុ​ក វិញ ដើម្បី​សម្រួល​ដល់​ការប្រឡង​របស់​សិស្ស​ប្រកបដោយ​សុវត្ថិភាព​។


 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​អប់រំ​ធ្វើការ​ផ្លាស់ប្តូរ​មណ្ឌល​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល មក​នៅ​សាលារៀន គួ​ង យ៉ុ​ក​វិញ​នេះ ដោយ​សង្កេតឃើញថា សា្ថ​នភា​ព​ទឹកជំនន់​នៅតែ​មិនទាន់​ស្រក​នៅឡើយ​សម្រាប់​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល នៅឡើយ​ទេ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ក្រសួង​អប់រំ​បាន​សហការគ្នាជាមួយ​មន្ទីរអប់រំ​ខេត្តកំពត នឹង​រៀបចំ​មណ្ឌល​ថ្មី ដែល​នៅ​ជិត​មណ្ឌល​ប្រឡង​ដែល​រង​ការ​ជន់​លិច​។ 
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​៖«​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​នៅ​ខេត្តកំពត​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំង ដែល​ធ្វើ​ឲ្យ​មណ្ឌល​តែមួយ​ប៉ុណ្ណោះ​នៅ​ខេត្តកំពត រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ដូច្នេះ​ក្រុមការងារ​ដែល​ពាក់ព័ន្ធ បាន​ចុះទៅ​ត្រួតពិនិត្យ ដោយ​សង្កេតឃើញថា ទឹកជំនន់​នោះ វា​នៅតែ​មិនទាន់​ស្រក​។ បើសិនជា​យើង​ទុក​ឲ្យ​វា​ស្រក​តាម​ធម្មជាតិ វា​អាច​នឹង​ប្រើពេល​យូរ យើង​អត់​ច្បាស់​ថា​វា​អាច​ស្រក​ទាន់ពេល​ប្រឡង​ហ្នឹង​អត់​ទេ​។ ដើម្បី​បន្ថយ​ហានិភ័យ​ហ្នឹង  ក្រុមការងារ​ក៏​សម្រេច​ផ្លាស់ប្តូរ​ឲ្យ​ហើយ​ទៅ​»​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​អះអាងថា មាន​តែមួយ​មណ្ឌល​នៅ​ខេត្តកំពត​តែប៉ុណ្ណោះ ដែល​ជន​លិច​ទឹក​ខ្លាំង ដែល​ក្រសួង​សម្រេច​ផ្លាស់​មក​មណ្ឌល​ថ្មី ចំណែក​ខេត្ត​ដទៃទៀត​មិនទាន់មាន​ករណីនេះ​កើតឡើង​នៅឡើយ​ទេ​។ បើសិន​ជាមាន​ក្រសួង​នឹងធ្វើ​ការផ្លាស់ប្តូរ​ឲ្យ​ទាន់ពេលវេលា​ប្រឡង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ខេត្តកំពត​មាន​មណ្ឌល​ប្រឡង​ចំនួន​១០ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​៤ ចែកចេញជា​៦៥​បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​១០ ចែកចេញជា​១៤៦​បន្ទប់​។ 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយមាន​សិស្ស​ប្រឡង​សរុប​ចំនួន​១១៩,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១២៧​មណ្ឌល ចែកចេញជា​បន្ទប់​សរុប​មាន​៤៧២៥​បន្ទប់​៕
 

Tag:
 បាក់​ឌុប​
 ​ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com