អន្តរជាតិ
ប៉េកាំង​ចាយលុយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​ដើម្បី​បង្កើន​ប្រជាប្រិយភាព​ខ្លួន​លើ​កោះ​ទាំងមូល​
15, Aug 2019 , 3:12 pm        
រូបភាព
ដោយ៖ងួន សុ​ភាវ​ត្តី
 
​រដ្ឋាភិបាល​ចិន​ចំណាយលុយ​ច្រើន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ ដើម្បី​បានទទួល​ការលើកសរសើរ និង​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​នៅ​តៃវ៉ាន់​ដែរ​ក្នុងពេល​បច្ចុប្បន្ន​។​


 
​គេ​ប្រទះឃើញ​អត្ថបទ​កាសែត​ជាច្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុខ​នៅ​តៃវ៉ាន់​ដែល​បាន​អះអាងថា កម្មវិធី​មួយ​រដ្ឋាភិបាល​ចិន​បាន​ជួយ​សម្រួល​អ្នកវិនិយោគ​តៃវ៉ាន់ និង​ចាត់ទុក​សហគ្រិន​តៃវ៉ាន់​ដូចជា​ប្រជាជន​ខ្លួន​ដែរ​។ កម្មវិធី​នេះ បានផ្តល់​ការលើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាជន​តៃវ៉ាន់​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​នៅ​ចិនដីគោក ហើយ​វា​ជា​ឱកាស​ដែល​មិន​ធ្លាប់​កើតឡើង​ពីមុនមក​សំរាប់​តៃវ៉ាន់​។ 
 
​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ទាំងនេះ វា​មានការ​អះអាងថា រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ប្រាក់​មួយចំនួន​ដើម្បី​ជួយ​គេហទំព័រ​ព័ត៌មាន​ទាំងនោះ​ឲ្យ​ចុះផ្សាយ​ពី​គុណសម្បត្តិ​របស់​ប្រទេស​ចិន​។​
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការចុះផ្សាយ​ជា​បន្តបន្ទាប់​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ របស់​ក្រុង​ប៉េកាំង​ដើម្បី​បង្កើត​រូបភាព​វិជ្ជមាន​របស់ខ្លួន និង​ដើម្បី​យកឈ្នះ​ចិត្ត និង​គំនិត​របស់​ប្រជាជន​ក្នុង​កោះ​តៃវ៉ាន់ ដ្បិត​ខ្លួន​ត្រូវ​សម្រេច​ផែនការ​បង្រួបបង្រួម​ជាតិ​នៅពេល​ខាងមុខ​។​
 
​វា​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់ថា អាជ្ញាធរ​ចិនដីគោក​បាន​ចំណាយ​ប្រាក់ ឲ្យ​ក្រុម​សារព័ត៌មាន​តៃវ៉ាន់​ចំនួន​ប្រាំ​សម្រាប់​ការផ្សព្វផ្សាយ​នៅ​ផ្សេងៗ​ទាំង​តាម​កាសែត និង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​។ 
​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់​បាន​ចំណាយ​ប្រាក់​ចំនួន ៣០,០០០ យ័ន (៤៣០០ ដុល្លារ​) សម្រាប់​រឿង​ពីរ​ដែល​ទាក់ទង​នឹង​ការទាក់ទាញ​អ្នកជំនួញ​តៃវ៉ាន់​ពី​សំណាក់​ក្រុង​ប៉េកាំង​។​
 
​លោក Chiu Chui-cheng អនុរដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​តៃវ៉ាន់​បាន​ថ្លែងថា ចិន​កំពុង​ប្រើ​សេរីភាព​សារព័ត៌មាន​របស់​យើង​ដើម្បី​បង្ក​ផលប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ទាំងមូល​។​
 
«​នេះ​គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិនដីគោក​ប្រឆាំងនឹង​កោះ​តៃវ៉ាន់​»​។ មន្ត្រីជាន់ខ្ពស់​បាន​និយាយ​ដូច្នេះ ហើយ​លោក​ប្តេជ្ញា​ថា​នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​បំពេញ​ចំណុច «​ចន្លោះប្រហោង​» នៅក្នុង​សន្តិសុខ​ជាតិ​របស់​តៃវ៉ាន់​។​
 
​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៩ ខែសីហា ថា​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ពិនិត្យមើល​បញ្ហា​ដែល​បានលើកឡើង​។ ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​ទទូច​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ទាំងឡាយ​ដែល​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តៃវ៉ាន់​។​
​គួរ​រំលឹក​ឡើងវិញ​ថា រដ្ឋាភិបាល​ចិនដីគោក​នៅតែ​ព្យាយាម​អះអាងថា តៃវ៉ាន់​គឺជា​ខេត្ត​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ខ្លួន​។ ប៉េកាំង​កន្លងមក​
បាន​បង្ហាញ​ចេតនា​ឥត​លាក់លាម​ថា ខ្លួន​មានបំណង​គ្រប់គ្រង​តៃវ៉ាន់​ដើម្បី​បង្រួបបង្រួម​ប្រទេស​ចិន​ទាំងមូល​៕

Tag:
 ចិន​
  តៃវ៉ាន់​
  ប្រព័ន្ធ​ផ្សព្វផ្សាយ​
© រក្សាសិទ្ធិដោយ thmeythmey.com