កីឡាអន្តរជាតិ
អន្តរជាតិ
PSG បដិសេធសំណើដេញថ្លៃរបស់ Barca និង Real ជុំវិញការផ្ទេរ Neymar
× ក្លិបយក្សអេស្ប៉ាញ Barcelona និង Real Madrid សុទ្ធតែបរាជ័យក្នុងការនាំយកខ្សែបម្រើឆ្នើម Neymar Jr. ពី Paris St-Germain។ នេះបើតាមការអះអាងរបស់អ្នកកាសែតអេស្ប៉ាញ Guillem Balague ដែលធ្វើការឲ្យទូរទស្សន៍ BBC Radio 5 Live ដោយបញ្ជាក់ថាក្លិបយក្សបារាំងបដិសេធលើការផ្ទេរកីឡាករប្រេស៊ីលនេះ ដ្បិតចរចាលក្ខខណ្ឌមិនត្រូវគ្នា។
Neymar ត្រូវបានគេជឿជាក់ថាអតីក្លិបចាស់ Barca ផ្តល់ទឹកប្រាក់ចំនួន ៩២,៤ លានផោន (១១១លានដុល្លារអាមេរិក) បូកនឹងខ្សែបម្រើ Philippe Coutinho ជាមួយ Ivan Rakitic ថែមទៀតដល់ PSG ដើម្បីយករូបគេទៅកាន់ Nou Camp វិញ។
ដោយឡែក Real បានដាក់កីឡាករពីររូបជាថ្នូរដែលរួមមានខ្សែបម្រើ Gareth Bale និង James Rodriguez សម្រាប់ផ្ទេរយកខ្សែបម្រើវ័យ២៧ឆ្នាំ ដែលមានតម្លៃខ្លួនថ្លៃជាគេលើលោកនេះ។ យ៉ាងណា PSG បានស្នើយកខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ម្នាក់ទៀត ប៉ុន្តែត្រូវក្រុមស្តេចសមិនយល់ព្រម។
បើតាមអ្នកកាសែត Balague ការដេញថ្លៃខាងលើមិនត្រូវបានទទួលយកពីសំណាក់ក្រុមម្ចាស់ជើងឯក Ligue1 បារាំងនោះទេ ខណៈ Real ជាក្រុមមានប្រៀបជាង Barce ក្តី។
Neymar បានក្លាយជាកីឡាករថ្លៃជាងគេលើលោក ក្រោយផ្ទេរចេញពី Barce ទៅ PSG ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ២២២លានដុល្លារ។ នៅទឹកដីបារាំងរយៈពេល២រដូវកាល អតីតសមាជិកក្រុម Sao Polo រូបនេះ ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់បើទោះរូបគេជួបបញ្ហារបូសញឹកញាប់ក៏ដោយ។
ក្នុងជំនួបបើកឆាកការប្រកួតដណ្តើមពានលីគកំពូលបារាំងរដូវកាលថ្មី ដែល PSG យកឈ្នះ Nimes ៣-០ នៅរាត្រីថ្ងៃទី១១ ខែសីហា អ្នកគាំទ្ររបស់ក្លិបយក្សបារាំងនេះបានលើកបដាដេញ Neymar ចេញពីក្លិប។ ទង្វើរបស់អ្នកគាំទ្របែបនេះ កើតឡើងក្រោយពេល Neymar បានបង្ហាញអារម្មណ៍ចង់វិលត្រឡប់ទៅកាន់ La Liga វិញឲ្យបានមុនថ្ងៃទីផ្សារដោះដូរកីឡាករបិទទ្វារនៅថ្ងៃទី២ ខែកញ្ញា ស្របពេល Real និង Barca សុទ្ធតែចង់បានកីឡាករប្រេស៊ីលរូបនេះដូចគ្នា។
នាយកផ្នែកកីឡារបស់ PSG លោក Leonardo ក៏បានចេញមុខមកបញ្ជាក់ចុងក្រោយដែរថា ជុំវិញការផ្ទេរ Neymar គឺមានលក្ខខណពិសេសជាមុនទៅទៀត៕
Tag:
Paris St-Germain
Neymar
© រក្សាសិទ្ធិដោយ thmeythmey.com