ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឲ្យបង្កកទ្រព្យឧក្រិដ្ឋជនជួញដូរមនុស្ស គ្រឿងញៀន កាប់ឈើ និង លាងលុយកខ្វក់
× សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ឧក្រិដ្ឋជនជួញដូរមនុស្ស គឺជាអ្នកដែលមានមានទ្រព្យសម្បត្តិច្រើន។ ពួកគេបានប្រើប្រាស់ល្បិចបោកបញ្ឆោតពលរដ្ឋក្រីក្រ លើគ្រប់រូបភាព។ ដូច្នេះសម្តេច បានប្រាប់អាជ្ញាធរឲ្យបង្កកទ្រព្យសម្បត្តិលើជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស គ្រឿងញៀន ការកាប់ឈើខុសច្បាប់ និង ការលាងលុយកខ្វក់ ជាដើម។
សម្តេចឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា មិនត្រូវឲ្យកម្ពុជាបន្តស្ថិតនៅក្នុងបញ្ជីឃ្លាំមើល (ចំណាត់ថ្នាក់អាក្រក់) ពីសំណាក់អន្តរជាតិ លើករណីអំពើជួញដូរមនុស្សបន្តទៀតទេ តែត្រូវតែធ្វើឲ្យកម្ពុជាជា ស្ថិតក្នុងចំណាត់ថ្នាក់ល្អ ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញលើឆាកអន្តរជាតិ។ សម្តេច បន្តថា ជនទុច្ចរិត អ្នកដែលរកស៊ីជួញដូរមនុស្ស គឺជាអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែលោភលន់មិនចេះចប់។ ហើយពួកគេបានប្រើប្រាស់មធ្យោបាយគ្រប់រូបភាព ដើម្បីទៅបោកបញ្ឆោតអ្នកដែលគ្នាគ្មានលទ្ធភាព អ្នកដែលគ្មានការចេះដឹង និងការអប់រំ ឬជីវភាពខ្សត់ខ្សោយ។
រដ្ឋមន្ត្រីមហាផ្ទៃ មានប្រសាសន៍ថា៖«កម្ពុជាស្ថិតក្នុងបញ្ជីឃ្លាំមើល យើងមិនសប្បាយចិត្តប៉ុន្មាននោះទេ។ [….] បើយើងគ្រាន់តែចាប់បានមក យកមនុស្សហ្នឹងទៅកាត់ទោស ប៉ុន្តែចរាចរណ៍លុយនោះ ដែលជាលុយខ្មៅ យើងអត់បង្កកទុក ដោយអត់មានប្រយោជន៍ទេ»។
ថ្លែងនៅក្នុងវេទិកាជាតិអន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សម្តេច ស ខេង បានជំរុញឲ្យគ្រប់ភាគីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងវិស័យសាធារណៈ វិស័យឯកជន និងសាសនាផ្សេងៗ។ សម្តេច បន្ថែមថា ដើម្បីទទួលបានជោគជ័យលើចលនាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ត្រូវចូលរួមទាំងអស់គ្នា ដោយមិនត្រូវពឹងផ្អែកលើគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតែមួយនោះទេ។
សម្តេចបានបង្ហាញជំហរថា រដ្ឋាភិបាលនឹងបន្តជំរុញការផ្សព្វផ្សាយ និងអប់រំបន្តែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ពីល្បិចរបស់ឧក្រិដ្ឋជន និងពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលុបបំបាត់ចោលទាំងស្រុងនៃអំពើជួញដូរមនុស្ស។
យោងតាមរបាយការណ៍ស្តីពីការប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបសកម្មភាពជួញដូរមនុស្សបាន៧៨ករណី ជនរងគ្រោះ២៦៣នាក់ ត្រូវបានសង្គ្រោះ គឺកើនឡើង ១៦ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ហើយជនសង្ស័យ៩៧នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ដោយក្នុងនោះមានស្ត្រី២២នាក់ ជនបរទេស១៤នាក់ (ចិន១២នាក់ និង អាមេរិក២នាក់ )។
មកដល់បច្ចុប្បន្ន អាជ្ញាធរបានជួយសង្គ្រោះពលករកម្ពុជា២១៧៤៦នាក់ (ស្រី៩៤២៥នាក់) ក្នុងនោះ មានពលករខ្មែរ ដែលត្រូវសង្គ្រោះពីប្រទេសថៃ មាន ២១៦៥៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com