អន្តរជាតិ
លោក មូន ចេអ៊ីន៖ កូរ៉េខាងត្បូង នឹងចាប់ដៃជប៉ុន បើជ្រើសរើសផ្លូវចរចាបញ្ចប់ទំនាស់ពាណិជ្ជកម្ម ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបភាព AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៥ ខែសីហា បានផ្ញើសារទន់ភ្លន់មួយទៅកាន់ជប៉ុន ដើម្បីដោះស្រាយទំនាស់ពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ។ នាឱកាសរំឭកខួបនៃការបញ្ចប់អាណានិគមជប៉ុននៅឧបទ្វីបកូរ៉េ លោក មូន ប្រាប់ក្រុងតូក្យូថា កូរ៉េខាងត្បូង នឹងកាន់ដៃរួមគ្នាជាមួយជប៉ុន បើជ្រើសរើសផ្លូវចរចា និងកិច្ចសហប្រតិបត្តិការនោះ។ ប៉ុន្តែជប៉ុន ក៏ត្រូវមានគោលនយោបាយពាណិជ្ជកម្មមួយដែលស្មើភាព និងឈប់យកពាណិជ្ជកម្មជាអាវុធផងដែរ។
ទំនាស់ពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងបច្ចុប្បន្ននេះ ផ្ដើមចេញដោយសាររឿងអាណានិគមឆ្នាំ១៩១០-ឆ្នាំ១៩៤៥ ពេលជប៉ុនគ្រប់គ្រងឧបទ្វីបកូរ៉េតែម្ដង។ ដោយសារសាលក្រមតុលាការកូរ៉េខាងត្បូបង្គាប់ឲ្យក្រុមហ៊ុនជប៉ុនសងជំងឺចិត្តកម្មករកូរ៉េខាងត្បូងដែលត្រូបង្ខំឲ្យធ្វើការពេលនោះ ជប៉ុនក៏រឹតត្បិតការនាំចេញទៅកូរ៉េខាងត្បូង ហើយដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូទុកចិត្ត។ កូរ៉េខាងត្បូងក៏ឆ្លើយតបវិញដោយដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដូចគ្នា។
ទោះសភាពការណ៍នៅតានតឹងក្ដី ឯដំណោះស្រាយរកមិនទាន់ឃើញក្ដី កូរ៉េខាងត្បូងនៅតែបើកទ្វារចរចាដដែល។ នៅថ្ងៃទី១៥ ខែសីហានេះ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានប្រកាសត្រៀមចាប់ដៃជាមួយជប៉ុន បើជប៉ុនចង់បានកិច្ចសហប្រតិបត្តិការ ហើយអ្នកជិតខាងទាំងពីរ ក៏អាចជម្នះបញ្ហាប្រវត្តិសាស្ត្រដើម្បីការរីកចម្រើនទៅមុខទាំងអស់គ្នា។ ប៉ុន្តែជប៉ុនត្រូវត្រឡប់មើលកំហុសអតីតកាលរបស់ខ្លួនដែលជាដើមហេតុនៃបញ្ហាសព្វថ្ងៃ។
«យឺតប្រសើរជាងអត់! ប្រសិនបើជប៉ុនជ្រើសរើសផ្លូវសន្ទនា និងកិច្ចសហប្រតិបត្តិការ យើងនឹងកាន់ដៃគ្នាដោយរីករាយ។» នេះជាការបញ្ជាក់របស់លោក មូន នាឱកាសកម្មវិធីរំឭកថ្ងៃរំដោះឧបទ្វីបពីការគ្រប់គ្រងរបស់ចក្រពត្តិជប៉ុននៅឆ្នាំ១៩៤៥ ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រធានាធិបតីកូរ៉េខាងត្បូងបន្តថា សេអ៊ូល នឹងប្រឹងប្រែងជាមួយតូក្យូក្នុងការបង្កើតអាស៊ីបូព៌ាមួយដែលមានកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មយុត្តិធម៌។
ក្នុងសុន្ទរកថានៅឯវិមានឯករាជ្យក្រៅរដ្ឋធានីសេអ៊ូល លោក មូន ប្រើប្រាស់ពាក្យកិច្ចសហប្រតិបត្តិការ និងវិបុលភាពយ៉ាងញឹកញាប់។ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏សង្ឃឹមថា ជប៉ុននឹងដើរតួនាទីនាំមុខគេក្នុងការជំរុញសន្តិភាព និងការរីកចម្រើនក្នុងតំបន់។ ប៉ុន្តែលោកក៏ឆ្លៀតរិះគន់ជប៉ុនដែរជុំវិញចំណាត់ការថ្មីៗរបស់តូក្យូ ដោយប្រដូចការរឹតត្បិតការនាំចេញវត្ថុធាតុដើមទៅនឹងការទាត់ជណ្ដើរចោល មិនឲ្យប្រទេសផ្សេងឡើងតាមខ្លួន។
ទន្ទឹមគ្នានោះ លោក មូន ក៏ប្រកាសដែរថា កូរ៉េខាងត្បូង នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដែលមានទទួលខុសត្រូវ ហើយគ្មាននរណាអាចធ្វើរង្គើបានឡើយ។ សម្រាប់លោក សេដ្ឋកិច្ចកូរ៉េខាងត្បូង នៅមិនទាន់រឹងមាំ ដោយខ្វះភាពខ្លាំង និងនៅបែងចែកដដែល។ ដើម្បីដោះស្រាយបែបនេះ លោក ក៏ដាក់ចេញទស្សនវិស័យសេដ្ឋកិច្ចសន្តិភាពដើម្បីប្រមូលផ្ដុំធនធានពីឧបទ្វីបកូរ៉េដែលគ្មាននុយក្លេអ៊ែរ និងភាពជាដៃគូអន្តរកូរ៉េ៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com