អន្តរជាតិ
សត្វ​ដំរី​ស្គមស្គាំង​វ័យ ៧០​ឆ្នាំ ត្រូវគេ​ដោះលែង​ពី​ការដើរ​ក្បួន​សាសនា​នៅ​ស្រីលង្កា​
15, Aug 2019 , 4:29 pm        
រូបភាព
ដោយ៖ ងួន សុ​ភាវ​ត្តី 
 
​ដំរី​អាស៊ី​មួយ​ក្បាលមាន​វ័យ ៧០ ឆ្នាំ​ត្រូវបាន​គេ​ដក​ចេញពី​ការដើរ​ក្បួន​ដង្ហែព្រះពុទ្ធសាសនា​ នៅ​ប្រទេស​ស្រីលង្កា​ បន្ទាប់ពី​រូបថត​សត្វ​ដំរី​មួយ​នេះ​ ត្រូវបាន​គេ​ចែកចាយបន្តគ្នា និង បាន​បង្កឱ្យមាន​ប្រតិកម្ម​ខ្លាំង​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ផង​។​


 
​ដំរី​ញី​មួយ​ក្បាល មាន​រាងកាយ​ស្គមស្គាំង​នៅសល់​តែស្បែក​ដណ្តប់​ឆ្អឹង​ ឈ្មោះថា​Tikiri ត្រូវបាន​គេរៀបចំ​ដាក់​​ឲ្យ​ដើរ​ក្នុង​ក្បួន​ដង្ហែ Esala Perahera ដែលជា​ក្បួនព្យុហយាត្រា​ រយៈពេល ១០ ថ្ងៃ​នៅ​ទីក្រុង Kandy ។​
 
​ពិធីបុណ្យ​នេះ ​គ្រប់គ្រង​ដោយ​ព្រះវិហារ​«Temple of the Tooth» ដែលជា​ព្រះវិហារ​គោរពបូជា​ព្រះពុទ្ធសាសនា​ខ្លាំង​បំផុត​ នៅ​ស្រីលង្កា​។ ដំរី Tikiri ត្រូវបាន​គេ​ដក​ពី​ក្បួន​ដង្ហែនេះ ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​មានការ​ចែកចាយ​រូបភាព​ដំរី​ដ៏​កម្សត់​នេះ​ ពាសពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​។​
 
​រូបភាព​ពីរ​ត្រូវបាន​គេ​បង្ហោះ​ដោយ​រូប​ទីមួយ​បង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត Tikiri  ដែល​គ្រង​ឈុត​ដ៏​មានតម្លៃ​ពេញ​រាងកាយ ​សម្រាប់​ការដើរ​ព្យុហយាត្រា ខណៈដែល​រូបភាព​មួយទៀត ​បង្ហាញ​ពី​រូបភាព​ដ៏​ស្គមស្គាំង​របស់​ដំរី​ ក្រោយ​ដោះ​ឈុត​ទាំងនោះ​ចេញ​។ 
 
​ឆ្អឹងជំនីរ ឆ្អឹងត្រគាក​ និង​ឆ្អឹងខ្នង​ ដណ្តប់​ដោយ​ស្បែ​កយារ​ធ្លាក់​ របស់ Tikiri  ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​ នៅក្នុង​រូបថត​ចុងក្រោយ​ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថាបនិក​មូលនិធិ​សង្គ្រោះ​សត្វ​ដំរី (Save Elephant Foundation) ។​
 
 « Tikiri ចូលរួម​ក្នុងការ​ដង្ហែ​ក្បួន​ តាំងពី​រសៀល​រហូតដល់​យប់​ជ្រៅ​ រៀងរាល់​យប់​រយៈពេល ១០ យប់​ជាប់​គ្នា​ ចំពេល​មាន​សំឡេង​ផ្ទុះ​កាំជ្រួច​ និង​ផ្សែង​។ គ្មាន​នរណាម្នាក់ ​បានឃើញ​រាងកាយ​របស់​នាង​ និង​សភាព​ទន់ខ្សោយ​របស់​នា​ង​ទេ ​ដោយសារតែ​សម្លៀកបំពាក់​របស់​នាង​។ គ្មាន​នរណាម្នាក់​ឃើញ​ទឹកភ្នែក​នៅក្នុង​ភ្នែក​របស់​នាង​ទេ គ្មាន​នរណាម្នាក់​ មើលឃើញ​ការលំបាក​របស់​នាង​ ក្នុងការ​បោះជំហាន​ទៅមុខ​»​។ អ្នកស្រី Sangdeaun Lek Chailert  បាន​សរសេរ​ដូច្នេះ​។​
 
​លោកស្រី Chailert បាន​ជំរុញ​ឱ្យ​អ្នកតាមដាន ​ផ្ញើ​សារ​អេ​ឡិច​ត្រូ​និ​ក ​ទៅកាន់​នាយករដ្ឋមន្ត្រី​ស្រីលង្កា​ លោក Ranil Wickremesinghe ក្នុង​ក្តី​សង្ឃឹមថា​ លោក​នឹង​អន្តរាគមន៍​លើ​ករណី​ដំរី Tikiri​នេះ ។​
 
​លោកស្រី Chailert ក៏បាន​បង្ហោះ​សារ​មួយ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖« ថ្ងៃនេះ ​គឺជា​ទិវា​ដំរី​ពិភព​លោក យើង​មិនអាច​នាំយក​សន្តិភាព​ទៅឲ្យ​ដំរី​បានទេ​ ប្រសិនបើ​យើង​នៅតែ​គិតថា ​រូបភាព​នេះ​អាច​ទទួលយកបាន​» ។​
 
​យ៉ា​ង​ណាក៏ដោយ ​លោក Pradeep Nilanga Dela ប្រធាន​ផ្នែក​ថែរក្សា​ព្រះវិហារ​ខាងលើ​ បាន​អះអាងថា ម្ចាស់​របស់ Tikiri បានសម្រេច​ដក​នាង​ ចេញ​ការដើរ​ក្បួនព្យុហយាត្រា​នេះ ដោយសារ​មានប្រតិកម្ម​ខ្លាំង​ពី​មហាជន​។ ចំណែក Tikiri កំពុង​ត្រូវបាន​ព្យាបាល​ហើយ​។​ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ជុំវិញ​បញ្ហា​នេះ​ម្ចាស់​ដំរី Tikiri បាន​និយាយថា ខ្លួន​សម្រេច​ដាក់​សត្វ​ទាំងនោះ ​ទៅក្នុង​ក្បួន​ដង្ហែ​ដោយ​ហេតុផល​សាសនា​។ បុរស​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​នោះ បាន​និយាយថា Tikiri បាន​ដើរ​​​​ក្បួន​ដង្ហែ​ទាំងនេះ ​ចាប់តាំងពី​នាង​មាន​អាយុ​ទើប ៥ ឆ្នាំ​មកម្ល៉េះ​។​
 
​ប៉ុន្តែ Tikiri បាន​ធ្លាក់ខ្លួន​ឈឺក្រពះ ​រយៈពេល ៦ ខែ​មកហើយ ហើយ​បុរស​ជា​ម្ចាស់​បាន​អះអាងថា កន្លងមក​ លោក​ក៏បាន​ចំណាយ​ប្រាក់​ចំនួន ៩,០០០ ដុល្លារ​ ដើម្បី​ចំណាយ​លើ​ថ្នាំ​ព្យាបាល​ជំងឺ​ក្រពះ​របស់ Tikiri ដែរ៕

Tag:
 ដំរី​
  អាស៊ី​
  សាសនា​
 ​ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com