លោក លឹម គានហោ​៖ ទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ មកពី​បាតុភូតធម្មជាតិ ដែលនាំឱ្យ​ភ្លៀង និង​ទីតាំង​មិន​សមតុល្យ​គ្នា​
ជាតិ
លោក លឹម គានហោ​៖ ទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ មកពី​បាតុភូតធម្មជាតិ ដែលនាំឱ្យ​ភ្លៀង និង​ទីតាំង​មិន​សមតុល្យ​គ្នា​
15, Aug 2019 , 4:51 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ បណ្ដាលមកពី​បាតុភូត​នៃ​ការប្រែប្រួល​អាកាសធាតុ ដែលនាំឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ហួស ពី​សមត្ថភាព​គ្រប់គ្រង​ទឹក ​នៃ​តំបន់​នោះ​។ នេះ​ជាការ​លើកឡើង​របស់លោក លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម ឆ្លើយតប​នឹងចម្ងល់របស់​ពលរដ្ឋ ជុំវិញបញ្ហាទឹក​ជំនន់​ទឹកធំ​ជាង​ឆ្នាំមុនៗ នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​

 
​លោក លឹម គានហោ បកស្រាយ​ថា បញ្ហា​ទឹកជំនន់ វា​កើតឡើង​ដោយសារតែ​បញ្ហា​ចម្បង​ពីរ​ធំៗ គឺ​មកពី​ភ្លៀង​ធ្លាក់​ច្រើន និង​ទឹកទន្លេ​មេគង្គ​ឡើង ពោលគឺ​គ្មាន​ហេតុផល​អ្វី​ផ្សេង​ ដែល​នាំឱ្យមាន​ទឹកជំនន់​នោះទេ​។ ក្នុងន័យនេះ ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​រូបនេះ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ជំនន់​ទឹកភ្លៀង​ នៅ​ខេត្ត​ព្រះសីហនុ​ថា បញ្ហា​ទឹក​ជន់​នេះ បណ្ដាលមកពី​បាតុភូតធម្មជាតិ នៃ​ទឹកភ្លៀង​ធ្លាក់​មក​យ៉ាងគំហុក ដែល​វា​មិន​សមតុល្យ​ជាមួយ​ទីតាំង​ខេត្ត​។​



 
​ត្រង់ចំណុច​នេះ​ លោក លឹម គានហោ បានឱ្យ​និយមន័យ​ជំនន់​ទឹកភ្លៀង​នេះ​ថា ជា​ទឹកជំនន់​លឿន (Fast Flood) និង​ស្រក​ទៅវិញ​លឿន​។ «​គ្រាន់តែ​ភ្លៀង​នៅក្នុង​ខេត្ត​ព្រះសីហនុ​មួយ​សប្ដាហ៍​នេះ មិនធម្មតា​ទេ ដោយ​ក្នុង​មួយថ្ងៃ​ភ្លៀង​ធ្លាក់ ​១៦០​មី​លី​ម៉ែត្រ​…​។ បើ​ភ្លៀង​ម្លឹ​ងៗ ​ពិបាក​មែនទែន ចៀស​ការលិចលង់​មិនបាន​ទេ ហើយ​មិនមែនជា​បញ្ហា​ខុស​ប្រក្រតីភាព​ធ្ងន់ធ្ងរ​នោះទេ​។ (​បញ្ហា​ទឹកជំនន់​)​នេះ កើតឡើង​ដោយសារ​បញ្ហា​បាតុភូតធម្មជាតិ​ទាំងអស់​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ធនធានទឹក ដែល​បាន​បន្ថែមថា ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​២,៧៦៤​ មី​លី​ម៉ែត្រ ខណៈ​ខេត្តកោះកុង ភ្លៀង​ធ្លាក់​ជិត ​៣,០០០​មី​លី​ម៉ែត្រ ទើប​បង្ក​ទៅជា​គ្រោះទឹកជំនន់​បែបនេះ​។​
 
​ក្រៅពី​បកស្រាយ​បញ្ហា​ទឹកជំនន់​នេះ លោក លឹម គានហោ ក៏បាន​ស្នើឱ្យ​ពលរដ្ ឋ​ឈប់​រិះគន់​ប្រទេស​ខ្លួន​ថា «​កសិកម្ម​រំពឹង​មេឃ​»​ទៀត ព្រោះ​ប្រទេស​ណា​ ក៏​រស់នៅ​រំពឹង​មេឃ​ដូចគ្នា​។ ក្នុង​ន័យ​នេះ​ លោក លឹម គានហោ បាន​អះអាងថា រដ្ឋាភិបាល​ប្រឹងប្រែង​រាល់​បញ្ហា​ទឹក​គ្រប់​កាលៈទេសៈ មិន​ថា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ឡើយ​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​«​ស្ថានភាព​ទឹកជំនន់​» នៅ​ថ្ងៃទី​១៥ សីហា​នេះ លោក លឹមគានហោ ដែលជា​រដ្ឋមន្ត្រី​​ដំបូង ដែល​​ចូល​បកស្រាយ​ផ្ទាល់​លើ​បញ្ហា​នៃ​ដែន​សមត្ថកិច្ច​ខ្លួន​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​អ៊ីចឹង​ជម្រាបជូន​ពេលនេះ​តែម្ដង គឺ​សូម​ពិចារណា​លើ​ការប្រើប្រាស់​ពាក្យ​ថា រស់នៅ​រំពឹង​មេឃ កសិកម្ម​រំពឹង​មេឃ ខ្ញុំ​សួរ​វិញ​ថា តើ​រហូតមកដល់​ថ្ងៃនេះ ពេលនេះ មហា​ប្រទេស​ណា​ដែល​មិន​រំពឹង​មេឃ​។ រំពឹង​មេឃ​ទាំងអស់គ្នា មិនមែន​តែ​កម្ពុជា​យើង​ទេ​។ បើ​អត់​មានទឹក ធ្វើ​យ៉ាងម៉េច​ទើប​វា​រី​អគ្គិសនី​ដើរ​កើត បើ​អត់​មានទឹក​ធ្វើ​ម៉េច​អាងទឹក មានទឹក​(​ប្រើប្រាស់​)​បាន រហូតដល់​ថា ជីក​ប្រឡាយ​អត់​មានទឹក ។​ប្រឡាយ​មិនដែល​មានទឹក​មកពីណា ប្រឡាយ​មានទឹក​វា​ទាល់តែ​មេទឹក​របស់​វា ប្រភពទឹក​របស់​វា គឺ​អាងទឹក​…​។ ខ្ញុំ​មិនមែន​ព្យាយាម​មិន​ទទួលស្គាល់​នូវ​អ្វី ដែលជា​ការខ្វះខាត​ទេ ប៉ុន្តែ​យើង​ចូលរួម​កែលម្អ​ទាំងអស់គ្នា​»​។​
 
​ភ្លៀង​ធា្ល​ក់​ខ្លាំង​ជាប់​គ្នា​មួយ​សប្តាហ៍​មកនេះ បាន​បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​៨០០០​គ្រួសារ និង​ផ្ទះសម្បែង​៦៩០០​ខ្នង (​ខូចខាត​២​ខ្នង​) នៅក្នុង​ខេត្ត​ចំនួន​៨ នៃ​ប្រទេស​កម្ពុជា ក្នុងនោះ​មាន ខេត្ត​ព្រះសីហនុ កំពត កោះកុង កែប រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ខេត្តកំពង់ធំ​។ ចំណែក​សន្ទូង​ស្រូវ​រង​ផលប៉ះពាល់​ជាង​៥០០០​ហិកតា ដោយ​ខូចខាត​៣០០​ហិកតា ។ រីឯ​ដំណាំ​រួមផ្សំ​២២៧៥​ហិកតា បាន​ខូចខាត​៩៤០​ហិកតា​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​បន្ថែមថា ជំនន់​ទឹកភ្លៀង​កន្លងមកនេះ បាន​បណ្តាលឱ្យ​មនុស្ស​៤​នាក់​ស្លាប់​។ ក្នុងនោះ​មាន​៣​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​១​នាក់​ទៀត  នៅ​ខេត្តរតនគិរី​៕
 

Tag:
 លឹម គានហោ​
  ធនធានទឹក​
  បាតុភូតធម្មជាតិ​
  ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com