លោក ត្រាំ ភ្ជាប់​បាតុកម្ម​ហុងកុង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន
អន្តរជាតិ
លោក ត្រាំ ភ្ជាប់​បាតុកម្ម​ហុងកុង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន
15, Aug 2019 , 9:59 pm        
រូបភាព
​ចិន​ចង់បាន​កិច្ចព្រមព្រៀង តែ​ទុក​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ហុងកុង​សិន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​បែបនេះ​តាម​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១៤ ខែសីហា ។ លោក ត្រាំ ក៏​ចង់​ជួប​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដោយផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ហុងកុង​ផងដែរ​។ ការប្រកាស​របស់លោក ត្រាំ ធ្វើឡើង​ស្របពេល​ដែលមាន​ការបា​រ​ម្ភ​ថា ចិន​អាច​អន្តរាគមន៍​ដោយផ្ទាល់​ដើម្បី​បញ្ចប់​បាតុករ​នៅ​ហុងកុង​។

 
​វត្តមាន​ប៉ូលិស​ប្រដាប់អាវុធ​ចិន​នៅក្បែរ​ហុងកុង ពិតជា​ធ្វើ​ឲ្យ​អាមេរិក​ព្រួយ​ខ្លាំង និង​បារម្ភ​ថា ប៉េកាំង​អស់​ភាព​អំណត់ ហើយ​ត្រៀម​ចូល​អន្តរាគមន៍​ដោយផ្ទាល់​ដើម្បី​បញ្ចប់​បញ្ហា​ឲ្យ​ដាច់ស្រេច​។ ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម Twitter ដោយ​ភ្ជាប់​សំណើ​ចង់​ជួប​ប្រធានាធិបតី​ចិន ដូ​ណា​ល់ ត្រាំ ដើម្បី​រក​ដំណោះស្រាយ​សមស្រប​សម្រាប់​ការតវ៉ា​នៅ​ហុងកុង ដែល​ធ្វើឡើង​ជាង​ពីរ​ខែ​មកហើយ​។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ត្រាំ បែរជា​ភ្ជាប់​ការតវ៉ា​នៅ​ហុងកុង​ទៅនឹង​ការចរចា​ដើម្បី​រក​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ទៅទៀត​។ ក្នុង​សំណេរ​ជាច្រើន​លើ Twitter ប្រធានាធិបតី​អាមេរិក​រូបនេះ អះអាងថា ចិន​បាន​បាត់​ការងារ​រាប់លាន​ទៅ​ឲ្យ​ប្រទេស​ដែល​មិន​រង​ពន្ធ ខណៈ​ក្រុមហ៊ុន​រាប់ពាន់​ក៏​ដើរ​ចេញពី​ចិន​ផងដែរ​។ ទំនង​ដោយសារ​ផល​អវិជ្ជមាន​នៃ​ការដំឡើង​ពន្ធ​បែបនេះ លោក ត្រាំ យល់ថា ចិន​ពិតជា​ចង់​កិច្ចព្រមព្រៀង​មែនទែន​។​
 
«​ទុក​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​នៅ​ហុងកុង​ជាមួយ​ក្ដី​មេ​ត្ដា​ជាមុនសិន​។​» នេះ​ជាការ​និយាយ​ចំៗ​លើកដំបូង​របស់លោក ត្រាំ រវាង​បាតុកម្ម​នៅ​ហុងកុង និង​ជម្លោះ​ពាណិជ្ជកម្ម​។ លោក ត្រាំ ទំនង​ចង់​ប្រាប់​ចិន​ថា លទ្ធផល​នៃ​ការចរចា​ទៅជា​យ៉ាងណា អាច​អាស្រ័យ​នឹង​ចំណាត់ការ​របស់​ចិន​លើ​បញ្ហា​នៅ​ហុងកុង​។ 
 
​ជាមួយគ្នានេះ លោក ត្រាំ ក៏​ជឿជាក់ថា បញ្ហា​នៅ​ហុងកុង​នេះ អាច​ចប់​ភ្លាមៗ​ដោយ​គ្មាន​គ្រោះថ្នាក់​ឡើយ បើ​លោក ស៊ី ចង់​ធ្វើ​ដូច​នោះ​មែន​។ ក្នុង​សំណេរ​បន្តទៀត ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​រង​ការរិះគន់​ពី​អ្នកនយោបាយ​ក្នុងស្រុក​ជុំវិញ​ជំហរ​ទន់ភ្លន់​ដាក់​ចិន ក៏បាន​សរសើរ​ប្រធានាធិបតី​ចិន​ដែល​លោក​ចាត់ទុកជា​មេដឹកនាំ​ដ៏​អស្ចារ្យ ហើយ​មាន​ការគោរព​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ចិន និង​ពូកែ​ដោះស្រាយ​បញ្ហា​ផងដែរ​។​
 
​នៅ​បន្ទាប់ពី​ការលើកឡើង​របស់លោក ត្រាំ ដែល​ចង់ឃើញ​ចិន​ដោះស្រាយ​បាតុកម្ម​នៅ​ហុងកុង​ដោយ​ក្ដី​សណ្ដោស​នោះ នៅឯ​ទីក្រុង​ស៊ិន​ជិន​វិញ ប៉ូលិស​ប្រដាប់អាវុធ​ចិន​ក៏​បញ្ចេញ​សកម្មភាព​របស់ខ្លួន​ដែរ​។ ក្នុង​រូបថត​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១៥ ខែសីហា ប៉ូលិស​ប្រដាប់អាវុធ​ចិន បាន​គ្រវីទង់ជាតិ​ចិន និង​ដើរ​ក្បួន​នៅ​កីឡដ្ឋាន​មួយកន្លែង​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទឹកដី​ហុងកុង​។ នៅក្បែរនោះ គេ​ឃើញ​មាន​រថពាសដែក និង​រថយន្ត​បាញ់​ទឹកជា​ច្រើន​គ្រឿង​ផងដែរ​៕  
 

Tag:
 ​អាមេរិក​
  ចិន​
  ហុងកុង​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com