កីឡាអន្តរជាតិ
អន្តរជាតិ
Super Cup៖ Klopp សាទរ​វត្តមាន​អាជ្ញាកណ្តាល​ស្ត្រី តែបើ​ពួកគេ​កាត់ក្តី​ល្អ​ជាង​នេះ Liverpool នឹង​ឈ្នះ Chelsea ៦-០
15, Aug 2019 , 5:17 pm        
រូបភាព
​លោក Jurgen Klopp បាន​សាទរ​ចំពោះ​មន្ត្រី​អាជ្ញាកណ្តាល​ស្ត្រី​ដែល​បង្ហាញខ្លួន​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​កាត់​ក្តីនា​ការប្រកួត​ដណ្តើមពាន​រង្វាន់ UEFA Super Cup រវាង Liverpool និង Cheslea​។ យ៉ាងណា​លោក Klopp ជឿថា​ហង្ស​ក្រហម​នឹង​ឈ្នះ ៦-០ ប្រសិនបើ​ពួកគេ​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​នេះ​។​


 
​អ្នកស្រី Stephanie Frappart បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូងបង្អស់​ដែល​បង្ហាញខ្លួន​កាត់ក្តី​សម្រាប់​ការប្រកួត​បុរស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ធំ​នៃ​ជំនួប​ម្ចាស់​ជើ​ងេ​ក​អ៊ឺរ៉ុប Champions League និង Europa League​។ ក្រៅពីនោះ មាន​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​ជា​ស្ត្រី​ពីររូប​ទៀត រួមមាន​នាង Manuela Nicolosi សញ្ជាតិ​អ៊ីតាលី និង Michelle O'Neill របស់​សារ​ធារ​ណ​រដ្ឋ​អៀរ​ឡង់​។​


 
​ជំនួប​នេះ ហង្ស​ក្រហម​បាន​យកឈ្នះ​តោ​ខៀវ​ដោយ​ការ​កាត់សេចក្តី​ទាត់​បាល់​ប៉េ​ណា​ល់​ទី ៥-៤ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ទាំង​ម៉ោង​ផ្លូវការ និង​ថែម​១៥​នាទី​ពីរដង​ក្នុង​លទ្ធផល ២-២​។​
​យ៉ាងណាក៏ដោយ ការផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ទៅ​ឲ្យ Chelsea សម្រាប់​គ្រាប់​បាល់​តាម​ស្មើ​របស់​អាជ្ញាកណ្តាល​សញ្ជាតិ​បារាំង Frappart ដ៏​ចម្រូងចម្រាស ក្រោយ​ខ្សែ​ប្រ​យុ​ទ Tammy Abraham ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​របស់ Liverpool បានធ្វើ​ឲ្យ​លោក Klopp មិន​ស្បាយចិត្ត​នោះឡើយ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​ថា​៖«​ខ្ញុំ​បាន​និយាយ​ទៅកាន់​ក្រុម​អាជ្ញាកណ្តាល​បន្ទាប់ពី​ការប្រកួត​ហើយ​ថា ប្រសិនបើ​យើង​ទទួលបាន​ការពិន័យ​ដូចគ្នា​អ៊ីចឹង​ពី​អាជ្ញាកណ្តាល​នោះ​យើង​នឹង​ឈ្នះ​ដល់​ទៅ ៦-០ ឯណោះ​។ កូនក្រុម​ខ្ញុំ​ពិតជា​លេង​បានល្អ​ណាស់ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​សប្បាយចិត្ត នឹង​ការផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​នោះទេ​»​។​
 
​បើទោះបី​យ៉ា​នេះ​ក្តី លោក Klopp នៅតែ​សាទរ​ចំពោះ​វត្តមាន​អាជ្ញាកណ្តាល​ស្ត្រី​នៅក្នុង​វិស័យ​កីឡាបាល់ទាត់​ផ្នែក​បុរស​នេះ​ដដែល​៕

Tag:
 Super Cup
  Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com